ឯកអគ្គរដ្ឋទូតអាមេរិកថា អាមេរិកត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជានិច្ចប្រឆាំង នឹងអំពើជួញដូរមនុស្ស
2022.11.06

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក បាទ្រីក ម័រហ្វី (Patrick Murphy) ជជែករឿងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល យល់ថា កម្ពុជាមិនទាន់មានវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពនៅឡើយ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី អះអាងថា កម្ពុជាប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្ស។ លោកបញ្ជាក់ថា បញ្ហាឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ គឺគ្មានប្រទេសណាអាចអនុវត្តតែម្នាក់ឯងនោះឡើយ ពោលគឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងក្នុងការអនុវត្តច្បាប់។
លោក បាទ្រីក ម័រហ្វី បានសរសេរលើទំព័រធ្វីសទ័រ (Twitter) របស់លោកថា ជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ឲ្យប្រសើរឡើង និងពិភាក្សាការងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក និងកម្ពុជាក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងពង្រឹងគុណភាព។
I met with DPM/Minister of Interior Sar Kheng to advance efforts to combat human trafficking and to discuss U.S.-#Cambodia law enforcement work that tackles criminality & strengthens standards. pic.twitter.com/DH0Q9AQD2r
— Ambassador W. Patrick Murphy (@USAmbCambodia) November 5, 2022
ទាក់ទងនឹងរឿងនេះដែរ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថា ឧក្រិដ្ឋកម្មជួញដូរមនុស្សពិតជាបានកើតឡើងនៅកម្ពុជា ហើយរដ្ឋាភិបាលបានអនុវត្តគោលនយោបាយក្នុងការបង្ក្រាបជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អ្នកស្រីថា កម្ពុជាមិនមានមនុស្សរាប់ម៉ឺននាក់រងការជួញដូរដូចជាការចោទប្រកាន់នោះទេ។
អ្នកស្រី ជូ ប៊ុនអេង៖ «យើងបានប្រមូលបានមនុស្សរាប់ពាន់នាក់ហើយ។ ប៉ុន្តែ មនុស្សរាប់ពាន់នាក់នោះគឺមិនមែនជាអ្នករងគ្រោះដោយអំពើជួញដូរមនុស្សទាំងអស់នោះទេ។ យើងរកឃើញមានមនុស្សដែលរងគ្រោះដោយបទល្មើសមួយចំនួនទាក់ទងនឹងការចាប់ជំរិត ទាក់ទងនឹងអំពើជួញដូរមនុស្ស ឬមួយអ្នកដែលធ្វើល្បែង [អ្នកបោកប្រាស់] (Scammer) អីហ្នឹង ហើយក៏មិនមានដល់រាប់រយរាប់ពាន់ដែរ។ អ្នកដទៃទៀតសួរថា អ្នកទាំងអស់ហ្នឹងម៉េចមិនជួយសង្គ្រោះមក ពេលដែលយើងយកចេញមកសួរគាត់ថា តើវាមានការធ្វើបាបទណ្ឌកម្មអីអត់ គេប្រកែក។ គេថាអត់មានផង។ គេសុំទៅធ្វើការនៅកន្លែងហ្នឹងវិញ ប៉ុន្តែយើងមិនអនុញ្ញាតទេ។ យើងចង់សង្គ្រោះពួកគាត់ឱ្យផុតពីតំបន់គ្មានសុវត្ថិភាព»។
ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួន ១២២ករណី គឺថយចុះជាង ៥០% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន២៦៩ករណី។ គេហទំព័រក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឲ្យដឹងថា សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ ក្នុងនោះស្រី១៩០នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងអាយុក្រោម ១៥ឆ្នាំ ចំនួន១០០នាក់ និងក្មេងអាយុចន្លោះ ពី១៥ទៅ១៧ឆ្នាំ ចំនួន២៩នាក់។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ១៤៧ករណី ក្នុងនោះ ជនសង្ស័យជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ រួមមានចិន ថៃ វៀតណាម និងបង់ក្លាដេស។
ពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ជួបទ្វេភាគីនេះគឺបង្ហាញថាអាមេរិកនៅតែព្រួយបារម្ភចំពោះកំណើននៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ខណៈដែលការបង្ក្រាបរបស់សមត្ថកិច្ចហាក់គ្មានប្រសិទ្ធភាពនៅឡើយ។
លោក ស៊ឹង សែនករុណា លើកឡើងបន្តថា បើអាជ្ញាធរបង្ក្រាបបទល្មើសជួញដូរមនុស្សក្នុងកម្រិតតូចតាច គឺមិនអាចលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនេះបានទេ។ លោកជំរុញដល់រដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដ ដោយស្ថាប័នជំនាញត្រូវបើកការស៊ើបអង្កេតលើមេខ្លោងធំៗនៅពីក្រោយឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ។
លោក ស៊ឹង សែនករុណា៖ «ដូចដែលខាងសហរដ្ឋអាមេរិកបានបង្ហាញអ៊ីចឹង គឺយើងមានការព្រួយបារម្ភណាស់ ប្រសិនជាការបង្ក្រាបហ្នឹងវាមិនអាចធ្វើបាន ផលប៉ះពាល់នឹងជះមកដល់កម្ពុជា។ សហគមន៍អន្តរជាតិ នឹងអាចចោទប្រកាន់ប្រទេសកម្ពុជា ជាទីតាំងមួយដែលពោរពេញទៅដោយបទល្មើសអំពើជួញដូរមនុស្សនេះ។ សហគមន៍អន្តរជាតិ ប្រទេសអន្តរជាតិមួយចំនួននឹងមានវិធានការផ្សេងៗបន្តបន្ទាប់ទៀតមកលើកម្ពុជា»។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា មកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ អាមេរិករកឃើញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្សនេះទេ ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។