មន្ត្រី​អាមេរិក​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​​ជជែក​ពី​បញ្ហា​សិទ្ធិមនុស្ស

អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​សន្តិសុខ​ស៊ីវិល លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​អ្នកស្រី អូស្រ៊ា ហ៊្សែហា (Uzra Zeya) នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​(Kuala​ Lumpur​) ប្រទេស​ម៉ាឡេស៊ីនិង​ទីក្រុង​ហាណូយប្រទេស​វៀតណាមចាប់​ពី​ថ្ងៃ​ទី២៥ ដល់​៣១ ខែ​សីហា ឆ្នាំ២០២៤ដើម្បី​ចូលរួម​ជួបនឹង​ដៃ​គូ​ពិភាក្សា​លើ​សិទ្ធិមនុស្ស​ កិច្ច សហប្រតិបត្តិការ​មនុស្សធម៌​និង​សន្តិសុខ​ជនស៊ីវិល។

នៅ​ទីក្រុង​កូឡាឡាំពួរអ្នកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក នឹង​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិកនិង​ម៉ាឡេស៊ីដោយ​ផ្អែក​លើ​តម្លៃ​ប្រជាធិបតេយ្យនិង​ការ​គោរព​សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ដោយ​ឡែក​នៅ​ទីក្រុង​ហាណូយវិញ អ្នកស្រី​នឹង​លើក​ឡើង​ពី​ភាព​រឹងមាំនៃ​ទំនាក់ទំនង​អាមេរិក-វៀតណាមដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​គឺ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការនិង​វិបុលភាព​ក្នុង​តំបន់និង​ពិភពលោក។

ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​វៀតណាមអ្នកស្រី​អនុរដ្ឋលេខាធិការ​​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​សហរដ្ឋអាមេរិក និងវៀតណាម រួម​ទាំង​ការ​លើកកម្ពស់ និងការពារសិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​ខាង​សាសនាជំនឿ​ការ​គាំទ្រ​ដល់​ក្រុម​ដែល​ងាយរងគ្រោះ។ អ្នកស្រី​លើកយក​​ជជែក​លើ​បញ្ហា​ប្រឈម​ជា​សកល រួមទាំងការជួញដូរមនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

ជុំវិញ​រឿង​នេះ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះភិក្ខុ សឺង យឹងរតនា ​ស្នើ​ឲ្យ​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​លើក​យក​បញ្ហា រំលោភសិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ជជែក​នឹង​វៀតណាម។

មុន​ដំណើរ​ទៅ​វៀតណាម​ ​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​បាន​ជួប​នឹង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ស្តាប់​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ទឹក​ដី​កំណើត។ បច្ចុប្បន្ន​វៀតណាម​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម ៨​នាក់ ​ដាក់​ពន្ធនាគារ ​ដោយសារ​តែ​ពួកគេ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។