អាមេរិកថា ចង់ធ្វើការជាមួយកម្ពុជាលើការកំណត់អត្តសញ្ញាណជនល្មើសជួញដូរមនុស្ស និងប្រឆាំងការឆបោក
2024.08.12
សហរដ្ឋអាមេរិកបញ្ជាក់ថា ចង់ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងលើការកំណត់អត្តសញ្ញាណ ជនល្មើសជួញដូរមនុស្ស និងបង្កើនកិច្ចសហការប្រឆាំងនឹងការឆបោក។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី១២ ខែសីហា នេះ អនុប្រធានស្ដីទីនៃស្ថានទូតអាមេរិកនៅភ្នំពេញ អ្នកស្រី អាឡិកស៍ ស៊ីតថល់ (Aleks Zittle) បានប្រាប់ទៅអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង កាលពីថ្ងៃទី៩ ខែសីហា ថា សហរដ្ឋអាមេរិកចង់ធ្វើការជាមួយកម្ពុជា អំពីបញ្ហាជួញដូរមនុស្ស និងការប្រឆាំងអំពើឆបោក។
អ្នកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ធ្វើការជាមួយដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងលើការកំណត់អត្តសញ្ញាណ ការស៊ើបអង្កេត និងការកាត់ទោស ជនល្មើសជួញដូរ ពង្រឹងការការពារជនរងគ្រោះ និងទប់ស្កាត់នូវការជួញដូរមនុស្ស ព្រមទាំងបង្កើនកិច្ចសហការប្រឆាំងនឹងការឆបោកតាមអ៊ិនធើរណិត។
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រីជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែសីហា ថា សហរដ្ឋអាមេរិក បានប្ដេជ្ញាជាមួយកម្ពុជាជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកស្រីបង្ហាញចម្ងល់ ថាហេតុអ្វីបាន ជាកម្ពុជានៅតែជាប់ចំណាត់ថ្នាក់កម្រិត ៣ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកដដែល។
អ្នកស្រីថា កម្ពុជាចង់ឃើញលទ្ធផលជាក់ស្ដែង ហើយមានភាពជឿនលឿននៅក្នុង កិច្ចសហការជាមួយសហរដ្ឋអាមេរិក។
អ្នកស្រីជូ ប៊ុនអេង៖ «ថាធ្វើយ៉ាងម៉េច ដើម្បីឱ្យគេហៅថា វាមានភាពជឿនលឿន ឬរីកម្រើននោះ។ អ៊ីចឹង នៅពេល ដែលមានប្រកាសបែបនេះ ជជែកគ្នាបែបនេះ យើងសាទរ ព្រោះយើងគិតថា យើងចង់បានកិច្ចសហការជាក់ស្ដែង ដែលពិតប្រាកដ ដោយស្មោះត្រង់ ដើម្បីឱ្យការងាររបស់យើងវាប្រព្រឹត្តទៅបានល្អប្រសើរ។ អ៊ីចឹងការបារម្ភរបស់គាត់ត្រូវហើយ ប៉ុន្តែគាត់ធ្វើការជាមួយគ្នាតែរហូត អ៊ីចឹងបើសិនទៅមុខ ឬមិនទៅមុខក៏វាស៊ីសងទៅនឹងកិច្ចសហការហ្នឹងដែរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការបង្កើនកិច្ចសហការរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញនេះ គឺជារឿងល្អ។ លោកថា ការឆបោកតាមប្រព័ន្ធអនឡាញ មានការធ្វើទំនើបកម្ម ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់មន្ត្រី ជាពិសេស បង្កើនការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជនជួញដូរមនុស្ស កុំឱ្យហូរចូលកម្ពុជាជាដើម។
លោក អំ សំអាត៖ «មួយទៀត ត្រូវជនដែលពាក់ព័ន្ធនឹងការជួយដូរមនុស្ស ទោះបីជាមានឋានន្តរសក្ដិណាក៏ដោយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់។ មួយទៀត ត្រូវតែបំបាត់អំពើពុករលួយ កុំឱ្យកើតមាននៅអំពើជួញដូរមនុស្ស។ អ៊ីចឹងកម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមរាល់ទម្រង់ ទាំងនេះ នោះការទប់ស្កាត់ និងការជួញដូរមនុស្សនឹងមានប្រសិទ្ធភាពកាន់តែល្អ»។
កាលពីថ្ងៃទី១ ខែសីហា ក្រសួងមហាផ្ទៃបានប្ដេជ្ញាចិត្ត និងដាក់ចេញគោលនយោបាយ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស ក្នុងរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលក្រសួងការបរទេសអាមេរិក នៅតែដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុត ពោលគឺកម្រិត៣ ពាក់ព័ន្ធ ឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការបង្ខាំង និងកេងប្រវ័ញ្ចលើជនរងគ្រោះរាប់ម៉ឺននាក់ ដើម្បីឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ។
របាយការណ៍ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោកប្រចាំឆ្នាំ២០២៤ របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៤ ខែមិថុនា បញ្ជាក់ថា ឧក្រិដ្ឋកម្ម ជួញដូរមនុស្សនៅកម្ពុជា គឺមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលមួយចំនួន ចាំការពារក្រុមឧក្រិដ្ឋជនជាថ្នូរនឹងផលប្រយោជន៍ពីការប្រព្រឹត្តអំពើពុករលួយផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។