USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា

ដោយ យ៉ង ចាន់តារា
2024.10.24
USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត (ស្ដាំ) ជួប​ជាមួយ​នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​សកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) នៅវិមានសន្តិភាព កាលពីថ្ងៃទី២៣ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ (USAID) លើកឡើង​អំពី​កង្វល់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្រប​ពេល​នៃ​ការ​ប្រកាស​ផ្ដល់​មូលនិធិ​លើស​ពី ៥០​លាន​ដុល្លារ​ដល់​កម្ពុជា។

នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​សកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៣ តុលា ថា ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ដដែល​នោះ អ្នកស្រី​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន ដូចជា ការ​គំរាមកំហែង​លើ​សិទ្ធិ​ជា​មូលដ្ឋាន និង​ការ​ចាប់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ជាដើម ក្នុង​នោះ​សហរដ្ឋអាមេរិក​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ករណី​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា។ អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​ករណី​រសើបៗ​ជាច្រើន​ទៀត​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​អ្នកស្រី​មិន​និយាយ​លម្អិត​អំពី​ចំណុច​ទាំងនោះ​ទេ ដោយ​អ្នកស្រី​គ្រាន់តែ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ចំពោះ​ដំណោះស្រាយ​ជា​វិជ្ជមាន​ចំពោះ​ករណី​ទាំងនោះ។

អ្នកស្រី សាមែនថា ផៅវ័រ ឱ្យ​ដឹង​ទៀត​ថា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​អំពី​មហិច្ឆតា​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​បាន​កាន់តែ​មក​កាន់​កម្ពុជា។ អ្នកស្រី​បាន​គូស​បញ្ជាក់​ថា វិនិយោគិន​អាមេរិក និង​ក្រុមហ៊ុន​បរទេស ពិតជា​មើល​ឃើញ​ពី​ឱកាស​មែន ប៉ុន្តែ​ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា​បាន ពួកគេ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រកប​ដោយ​ផ្លែផ្កា​នៃ​បរិយាកាស​វិនិយោគ ទប់ស្កាត់​អំពើ​ពុករលួយ គោរព​សិទ្ធិ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដែល​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី២៣ តុលា។

អ្នកស្រី Samantha Power មក​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា គឺ​នៅ​ថ្ងៃ​ទី២២ និង ២៣ តុលា។ អ្នកស្រី​ជា​នាយិកា​គ្រប់គ្រង USAID សាកល ដំបូង​គេ ដែល​មក​កាន់​ប្រទេស​កម្ពុជា ខណៈ​ពី​មុន​មក អ្នកស្រី​ធ្លាប់​មក​កម្ពុជា ៣​លើក​រួច​មក​ហើយ ប៉ុន្តែ​មិនមែន​មក​ផ្លូវការ​ក្នុង​តួនាទី​មួយ​នេះ​ទេ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហជីព និង​សិស្សានុសិស្ស។

ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង ៣​ពាន់​លាន​ដុល្លារ ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា ក្នុង​នោះ​ជំនួយ​មួយ​ផ្នែក​ផ្ដោត​លើ​ការ​ពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។