អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង បានកោះហៅយុវជនម្នាក់ និងអតីតព្រះចៅអធិការវត្តម្នាក់ទៀត ទៅសាកសួរ ករណីដោយឡែកពីគ្នា ជុំវិញការប្រើប្រាស់បណ្ដាញសង្គម ដោយអាជ្ញាធរវៀតណាមចាត់ទុកថា ជាករណីខុសច្បាប់។
នៅដើមសប្ដាហ៍នេះ អាជ្ញាធរវៀតណាម បានកោះហៅយុវជនខ្មែរកម្ពុជាក្រោមម្នាក់ឈ្មោះ តូ ហ្វាងជឿង ដោយចោទប្រកាន់ការបានបំពានច្បាប់ករណីប្រើប្រាស់បណ្ដាញសង្គម (Facebook)។ ការកោះហៅនេះ ក្រោយពេលដែលយុវជន តូ ហ្វាងជឿង បានបង្ហោះរូបភាព ពាក់អាវយឺត ដែលមានរូបភាព សញ្ញា ៧០ឆ្នាំ ជានិមិត្តរូប នៃខួបបាត់បង់ទឹកដីខ្មែរកម្ពុជារយៈពេល ៧០ឆ្នាំ ជាមួយនឹងយុវជនមួយចំនួនផ្សេងទៀត។
ចំណែកករណី អតីតព្រះចៅអធិការវត្ត លោក លីវ នី វិញ អាជ្ញាធរខេត្តវៀតណាមបានកោះហៅឲ្យទៅជួប កាលពីថ្ងៃទី១៤ ឧសភា ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនោះទេ គ្រាន់តែថា លោកមានពាក់ព័ន្ធករណីមួយចំនួន។
អាស៊ីសេរីមិនទាន់អាចទាក់ទងយុវជន តូ ហ្វាងជឿង និងលោក លីវ នី ដើម្បីសាកសួរជុំវិញការកោះហៅរបស់អាជ្ញាធរវៀតណាមបាននៅឡើយទេ។
លោក លីវ នី ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ដោយសារតែអាជ្ញាធរវៀតណាមចោទថា បានផ្ដល់ព័ត៌មានឲ្យអាស៊ីសេរី និងសមាគមនៅបរទេស។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា ការឃាត់ខ្លួននេះ ដោយសារតែអាជ្ញាធរវៀតណាមបារម្ភថា ខ្មែរកម្ពុជាក្រោមអាចងើបឡើងបះបោរ តវ៉ាទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្លួន នៅលើទឹកដីកំណើតនៅខ្មែរកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។