យុវជន​ខ្មែរ​ក្រោម​ម្នាក់​ចូល​បំភ្លឺ​ករណី​ចែកចាយ​ព័ត៌មាន​លើ​ហ្វេសប៊ុក តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​វៀតណាម

0:00 / 0:00

យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​ម្នាក់​ចូល​បំភ្លឺ​ករណី​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​វៀតណាម និង​ម្នាក់​ទៀត ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ព្រមាន​ឲ្យ​លុប​រូប​សញ្ញា​កាន់​ទុក្ខ​មាន​ទង់​ជាតិ​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ​វិញ។ សមាគម​ខ្មែរ​ក្រោម​ថា អ្វី​ដែល​អាជ្ញាធរ​វៀតណាម​ធ្វើ​នេះ​ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

អាជ្ញាធរ​វៀតណាម​នៅ​ស្រុក​ផ្នោ​ដាច់​ខេត្ត​ព្រះត្រពាំង បាន​ចំណាយ​ពេល​សាកសួរ​យុវជន តោ ហ្វាង ចឿង ជិត ៥ម៉ោង។ ក្រោយ​អាជ្ញាធរ​វៀតណាម​សាក​សួរ​ចប់​នៅ​ល្ងាច​ថ្ងៃ​ទី៨ ខែ​មិថុនា យុវជន តោ ហ្វាង ចឿង ឱ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​លោក​ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ និង​បង្គាប់​ឱ្យ​លោក​ត្រូវ​ទៅ​បង់​ប្រាក់​ពិន័យ​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​ត្រពាំង។ លោក តោ ហ្វាង ចឿង បន្ត​ថា លោក​អាច​ប្រឈម​នឹង​ពិន័យ​ជា​ប្រាក់​ពី ១០លាន ទៅ ២០លាន​ដុង ឬ​គិត​ជា​ប្រាក់​ដុល្លារ​ពី ៥០០​ដុល្លារ​ទៅ ១.០០០​ដុល្លារ។ ប៉ុន្តែ លោក​មិន​យល់​ព្រម​ទទួល​កំហុស​នេះ​ទេ ហើយ​យល់​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​នេះ ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​សេរី​លោក៖ «គេ​សរសេរ​ហ្នឹង​គ្រាន់​តែ​ប្រាប់​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ខ្មែរ​ពិតៗ ទេ​តើ។ គេ​ថា យើង​បំផុស​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ខ្ញុំ​មិន​ទទួល​យក​ទេ​គេ​ចោទ​ខ្ញុំ​អយុត្តិធម៌​ពេក​ណា »

យុវជន តោ ហ្វាង ចឿង ដែល​ប្រើ​ហ្វេសប៊ុក​ឈ្មោះ (To Hoang Chuong) បាន​បង្ហោះ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ដែល​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឯកសារ​ទាក់ទង​នឹង​លិខិត​របស់​មេ​ដឹក​នាំ​វៀតណាម លោក ហូ ជីមិញ កាល​ពី​ឆ្នាំ១៩៨៤ ដែល​មាន​ខ្លឹមសារ​ថា ដែន​ដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម។ ចំណែក ជន​ជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ដី​នេះ គ្រាន់​ជា​អ្នក​ស្នាក់​អាស្រ័យ និង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ។

យុវជន តោ ហ្វាង ចឿង ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម ប្រាប់​លោក​ថា បើ​មិន​យល់​ព្រម​ទទួល​កំហុស​អាច​រក​មេធាវី​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ។ យុវជន​រូប​នេះ នឹង​ជជែក​ជាមួយ​សាច់​ញាតិ ឬ​សមាគម​ខ្មែរ​ក្រោម​ក្រោម ដើម្បី​គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត។

រីឯ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត គឺ​យុវជន ថាច់ ថុង រស់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ដែរ​នោះ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ឱ្យ​លុប​រូប​សញ្ញា​កាន់​ទុក្ខ​មាន​ទង់​ជាតិ​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ចាប់​ខ្លួន។ អាជ្ញាធរ​វៀតណាម ចោទ​ថា ការ​ដាក់​សញ្ញា​កាន់​ទុក្ខ​នេះ ជា​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យ​ដឹង​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​វៀតណាម បាន​តាម​ដាន និង​មាន​វិធានការ​ជា​បន្ត​បន្ទាប់ លើ​ការ​បង្ហោះ​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម។ លោក​ថា ការ​រឹត​បន្តឹង​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត លែង​ហ៊ាន​បញ្ចេញ​មតិ ឬ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម៖ «ប្រហែល​ជា​មាន​ទាមទារ​ការ​តវ៉ា​ខ្លាំង​ឡើង​កាល​ណា​វៀតណាម​នៅ​តែ​មាន​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​បែប​នេះ​អ៊ីចឹង​មាន​ន័យ អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាំង​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​ក្ដី​គេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ»

លោក សឺន ជុំជួន ថា ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ នៅ​រយៈ​ពេល​ចុង​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ចំនួន​បី​នាក់ រង​ការ​គំរាម​កំហែង និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​អាជ្ញាធរ​វៀតណាម ទាក់ទង​ករណី​បង្ហោះ​ព័ត៌មាន និង​ប្រើប្រាស់​ហ្វេសប៊ុក។ កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា អាជ្ញាធរ​ខេត្ត ព្រះ​ត្រពាំង ពិន័យ​លុយ​យុវជន ថាច់ កឿង ជា​ទឹក​ប្រាក់​ជាង ៧លាន​ដុង ឬ​ប្រមាណ ៣រយ​ដុល្លារ ករណី​បង្ហោះ​វីដេអូ រឿង​អាជ្ញាធរ​វៀតណាម​ចែក​អង្ករ​ក្លែង​ក្លាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក សឺន ជុំជួន ថា សមាគម​លោក​នឹង​ធ្វើ​របាយការណ៍​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង អង្គការ​សហប្រជាជាតិ​ទទួល​ផ្នែក សិទ្ធិមនុស្ស​ឱ្យ​ដឹង​ពី​រឿង​នេះ ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម៕