ពលរដ្ឋចោទសន្តិសុខភូមិនៅរតនគិរីថាគំរាមចាប់ខ្លួនពលរដ្ឋដែលជួយក្រុមម៉ុងតាញ៉ា
2014.12.31
អ្នកភូមិ ២នាក់ នៅខេត្តរតនគិរី ចោទប្រកាន់សន្តិសុខភូមិម្នាក់ ថាគំរាមចាប់ខ្លួនពួកគាត់ក្នុងបទចោទថា ពួកគាត់បានជួយជនភៀសខ្លួនវៀតណាម ឬពួកម៉ុងតាញ៉ា ដែលបានរត់មកលាក់ខ្លួននៅក្នុងព្រៃ ខេត្តរតនគិរី កាលពីពីរសប្ដាហ៍មុន។ បុរសសន្តិសុខភូមិប្រាប់អ្នកភូមិថា ជនភៀសខ្លួនម៉ុងតាញ៉ា ជាអន្តោប្រវេសន៍ខុសច្បាប់ ហេតុនេះពួកគេត្រូវចាប់បញ្ជូនទៅឲ្យប៉ូលិស។
អ្នកភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ២នាក់ ចាត់ទុកការគំរាមចាប់ខ្លួនពួកគេពីសំណាក់កងសន្តិសុខភូមិ ថាជាអំពើរំលោភច្បាប់ គ្មានភស្តុតាង និងជាការរំលោភសិទ្ធិមនុស្ស។
ប្រជាពលរដ្ឋឈ្មោះ ថង យូង រៀបរាប់ថា កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ សន្តិសុខភូមិឈ្មោះ លៀង លា បានចូលមកផ្ទះគាត់ ហើយថតរូបគាត់ និងមិត្តភ័ក្ដិម្នាក់ទៀត ដោយចោទថាគាត់លាក់បំពួនជនអន្តោប្រវេសន៍ខុសច្បាប់ និងចោទមិត្តភ័ក្ដិលោកថាជាអន្តោប្រវេសន៍វៀតណាម ចូលមកលាក់ខ្លួននៅទីនេះ។ លោកបន្តថា បុរសសន្តិសុខគំរាមហៅប៉ូលិសចាប់ខ្លួនគេទាំងពីរនាក់ទៀតផង៖ «ប៉ះពាល់ហ្នឹងហើយ គេហ៊ានទៅចោទយើងផ្ដេសផ្ដាស អ៊ីចឹងអត់ពិតផង ហើយហៅឡានប៉ូលិសមកចាប់»។
កាលពីថ្ងៃទី២០ ខែធ្នូ ក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសង្គ្រោះជនភៀសខ្លួនវៀតណាម មួយក្រុមមានគ្នា ៨នាក់ ពីព្រៃមួយកន្លែងឋិតក្នុងភូមិណងហៃ បន្ទាប់ពីពួកគេព្យាយាមចេញពីកន្លែងលាក់ខ្លួនស្វែងរកជំនួយសង្គ្រោះពីក្រុមមន្ត្រីអង្គការអន្តរជាតិ ផ្នែកសិទ្ធិមនុស្សមួយនេះ។
អ្នកភូមិឈ្មោះ រចំ ហ័ង ថ្លែងថា ប្រជាពលរដ្ឋរស់នៅតំបន់នោះជាមុខសញ្ញាដែលក្រុមសមត្ថកិច្ចសង្ស័យថាជាអ្នកលាក់បំពួនជនភៀសខ្លួន ហើយជានិច្ចកាល អ្នកភូមិត្រូវប៉ូលិសមូលដ្ឋានតាមដាន និងគំរាមកំហែង។ លោកបន្តថា ពួកគាត់មិនបានជួយទំនុកបម្រុងជនភៀសខ្លួន ឬអន្តោប្រវេសន៍អ្វីនោះទេ ហេតុនេះបុរសសន្តិសុខមកគំរាមចាប់ខ្លួនពួកគាត់ គឺជាទង្វើបំភិតបំភ័យបំបាក់ស្មារតីអ្នកភូមិ៖ «មិនដឹងមកពីខាងណាទេ ច្រងេងច្រងាងមកសុំថតបងឯងទៀត គេថាអ៊ីចឹង។ ថាថតខ្ញុំធ្វើស្អីប្អូនមកថតបងការងារស្អីខ្លះ ថាហៅប៉ូលិសមកយក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីបុរសសន្តិសុខភូមិឈ្មោះ លៀង លា សុំបំភ្លឺការចោទប្រកាន់របស់អ្នកភូមិទាំងពីរនាក់នោះបានទេ នៅថ្ងៃទី៣១ ខែធ្នូ។
យ៉ាងណាក៏ដោយ មេឃុំសេដា លោក អង្គ ប៊ុនធៀន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍ពីបញ្ហានេះទេ។ លោកបន្តថា សន្តិសុខភូមិគ្មានសិទ្ធិចាប់ចងប្រជាពលរដ្ឋណាដោយមិនមានភស្តុតាងថាបានប្រព្រឹត្តខុសជាក់ស្តែងនោះឡើយ៖ «ចាំខ្ញុំសួរមេប៉ុស្តិ៍សិន ការងារហ្នឹងទាក់ទិនមេប៉ុស្តិ៍ បើអត់មានមេប៉ុស្តិ៍គេអត់ធ្វើបានទេ»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា សមត្ថកិច្ចខេត្តរតនគិរី តែងចាត់ទុកជនភៀសខ្លួនវៀតណាម ដែលរត់ឆ្លងដែនចូលមកដីខ្មែរ ថាជាអន្តោប្រវេសន៍ខុសច្បាប់ ក៏ប៉ុន្តែកាលពីជាង ១០ថ្ងៃកន្លងមកនេះ មន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមការងារឧត្តមស្នងការអង្គការសហប្រជាជាតិ នាំយកជនភៀសខ្លួនវៀតណាម ១៣នាក់ពីខេត្តរតនគិរី នាំទៅរាជធានីភ្នំពេញ ដើម្បីសម្ភាសកំណត់អត្តសញ្ញាណពួកគេ ថាជាជនភៀសខ្លួនផ្នែកនយោបាយ ឬយ៉ាងណា។ លោកបន្តថា ពលរដ្ឋខ្មែរទាំងអស់ រួមទាំងរាជរដ្ឋាភិបាល មានកាតព្វកិច្ចអនុវត្តកតិកាសញ្ញាស្ដីពីជនភៀសខ្លួនក្នុងនាមជាប្រទេសម្ចាស់ហត្ថលេខី លើសន្ធិសញ្ញាអន្តរជាតិនេះ៖ «បើគាត់មកក្នុងហេតុផលជ្រកកោនភ័យខ្លាចពីប្រទេសមួយ ពួនសម្ងំក្នុងព្រៃ ការជួយយកអាសារបស់ពលរដ្ឋមិនខុសច្បាប់ទេ»។
ទោះជាយ៉ាងនេះក្តី នៅរសៀលថ្ងៃទី៣១ ខែធ្នូ អ្នកភូមិទាំងពីរនាក់អះអាងថា មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសេដា បានសម្របសម្រួលផាកពិន័យសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិច បន្ទាប់ពីសន្តិសុខភូមិទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសមកលើប្រជាពលរដ្ឋទាំងពីរនាក់មែន៕