សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើបអង្កេត​ករណី​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់

0:00 / 0:00

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ ករណី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាញ់​បង្ក្រាប​ពលរដ្ឋ ពេល​ចុះ​អនុវត្ត​សាលដីកា​តុលា​កំពូល​លើ​ដី​វិវាទ​មួយ​កន្លែង និង​អ្នក​ជំនួយ​មាន​អំណាច​ម្នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ការ​បាញ់​បង្ក្រាប​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​រង​របួស​ធ្ងន់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​នាំ​ខ្លួន ជនសង្ស័យ​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ។

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ស៊ើបអង្កេត​ស្វែងរក​ការពិត ករណី​អាជ្ញាធរ បាញ់​បង្ក្រាប​ដោយ​កាំភ្លើង​ពិត​លើ​ពលរដ្ឋ​មាន​វិវាទ​ធ្លី​នៅ​នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំ​ង ស្រុក​ព្រៃនប់ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​រង​របួស​ជិត​ស្លាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ប្រសិន​បើ​អាជ្ញាធរ មិន​ស៊ើបអង្កេត​រក​ការពិត​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​នោះ​ទេ នឹង​នាំ​ឱ្យ​ហេតុការណ៍​ដដែលៗ​នេះ​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត។ លោក​បន្ត​ថា ចំពោះ​ហេតុការណ៍​អាជ្ញាធរ ប្រើ​កាំភ្លើង​ពិត​បាញ់​បង្ក្រាប​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​កំពុង​ដេក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​លោក​សង្ឃ គឺ​នគរបាល​យុត្តិធម៌ និង​ព្រះរាជ​អាជ្ញា​ដែល​តំណាង​ឱ្យ​រដ្ឋ មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះ​ទេ ពោល​គឺ​ត្រូវតែ​ដំណើរការ​ស្វែងរក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​មាន​វិធានការ​ច្បាប់​ចំពោះ​ជន​ដៃដល់៖ «ព្រោះ​យើង​មិន​អាច​ទុក​បណ្ដោយ​ឱ្យ​ព្រឹត្តិការណ៍​នេះ ចេះតែ​កើតឡើង​បន្ត​នោះ​ទេ ព្រោះ​យើង​ឃើញ​ហើយពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៅ ហើយ​ជនរងគ្រោះ​ចេះតែ​រងគ្រោះ​ដោយសារ​បាញ់​ប្រហារ​អ៊ីចឹង​ទៅ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​មិន​ត្រូវ​បាន​ទទួល​ទោស។ កាលពី​ឆ្នាំទៅ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ក៏​មាន​ការ​បាញ់​អ៊ីចឹង​ដែរ ហើយ​ឥឡូវ​ការអនុវត្ត​នៅ​ខេត្ត​ព្រះសីហនុ ក៏​ឱ្យ​មាន​មនុស្ស​រង​របួស​ដែរ។ បើ​យុត្តិធម៌​មិន​រក​ទេ គឺ​វប្បធម៌​នៃ​ការប្រើប្រាស់​ហិង្សា​នេះ ចេះតែ​បន្ត​ទៅ​ទៀត»។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៦​នាក់ ដែល​តវ៉ា​ដុត​កង​ឡាន​ប្រឆាំង​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល។ ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ។ ចំណែក ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​អស់ហើយ កាល​ពី​យប់​ថ្ងៃ​កើតហេតុ ដោយ​មាន​កិច្ចសន្យា​ឈប់​តវ៉ា។

ជនរងគ្រោះ​ឈ្មោះ ពៅ សារ៉ន អាយុ​២៨ ភេទ​ប្រុស។ គ្រូពេទ្យ​បាន​វះកាត់​យក​គ្រាប់កាំភ្លើង​ចេញ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មករា និង​កំពុង​បន្ត​តាមដាន​សុខភាព​របស់​គាត់​បន្ត​ទៀត ប៉ុន្តែ​គេ​បារម្ភ​ថា ជនរងគ្រោះ​អាច​ពិការ។

មេការ​សំណង់ និង​ជា​អ្នក​មើលថែ​ជនរងគ្រោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ជនរងគ្រោះ គឺជា កម្មករ​សំណង់​របស់​គាត់​ហើយ​មិន​មាន​វិវាទ​ដីធ្លី និង​ចូលរួម​តវ៉ា​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ជិះ​ម៉ូតូ​ទៅ ទិញ​ម្ហូប​ឆ្លងកាត់​កន្លែង​តវ៉ា​នោះ ស្រាប់តែ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់ ដេក​ដួល​តែម្ដង៖ «ខ្ញុំ​ក៏​មិន​ដឹង​ហេតុការណ៍​នេះ​ដែរ ប៉ុន្តែ​គេ​នៅ​ទីនោះ​ប្រាប់​ថា ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ គឺ​វា​ជិះ​ទៅ​ទិញ​ម្ហូប​បាយ​សម្ល តែ​ទៅ​ដល់​ឃើញ មនុស្ស​ច្រើន​កំពុងតែ​រត់ ហើយក៏​បក​ម៉ូតូ​មកវិញ ស្រាប់តែ​ត្រូវ​គ្រាប់​ដួល ហើយក៏​មាន​គេ​អូស​វា ៤​ទៅ​៥​ម៉ែត្រ​ពី​ម៉ូតូ​នោះ ដើម្បី​ជួយ ប៉ុន្តែ​ជួយ​អត់​ទាន់ ក៏​គេ​រត់ចេញ​អស់​ទៅ»។

ស្ត្រី​មេការ​សំណង់​បន្ត​ថា ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង់ ហើយ​មាន​ជីវភាព​ក្រីក្រ ខ្លាំង។ ក្រុម​គ្រួសារ និង​ជនរងគ្រោះ កំពុង​ព្រួយបារម្ភ​គ្មាន​លុយ​បង់ថ្លៃ​ពេទ្យ​នោះ​ទេ ព្រោះ​មកដល់ ពេលនេះ មិន​មាន​អាជ្ញាធរ និង​ភាគី​ណាមួយ​ចេញមុខ​ទទួល​ខុសត្រូវ​នោះ​ទេ។ លោកស្រី​បន្ត​ថា មានតែ​ខាង​កម្មករ​សំណង់ សប្បុរសជន​មួយ​ចំនួន និង​ខាង​អង្គការ​លីកាដូ បាន​ជួយឧបត្ថម្ភ​លុយ កាក់ និង​បាយទឹក​ខ្លះៗ៖ «អត់​ឃើញ​មាន​អាជ្ញាធរ​មក​ទាក់ទង​អី​ផង ហើយ​ឥលូវ​អត់​មាន​ថវិកា​ទៀត។ ពេទ្យ​ឱ្យ​ទៅ​បង់លុយ​ថ្លៃ​បន្ទប់​ហើយ​អត់​លុយ​ផង»។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន និង​ស្នងការ​ខេត្ត ព្រះសីហនុ លោក ជួន ណារិន្ទ ជាច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។ រីឯ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

លោក អំ សំអាត លើកឡើង​ថា អ្នកដឹកនាំ​ការ​បង្ក្រាប​ពលរដ្ឋ​នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ករណី​របួស​ស្នាម​នេះ៖ «អាជ្ញាធរ​ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត និង​ស្វែងរក​អ្នកដៃដល់​ដើម្បី​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ នេះ​ចេះ​របួស ហើយ​ចុះបើ​ប៉ះពាល់​ដល់​អាយុជីវិត​គឺ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ។ មនុស្ស​មិន​អាច​ចេះតែ​បាញ់​តាម​អំពើ ចិត្ត​នោះ​ទេ។ អ្នក​ប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ ជាពិសេស​ការដឹកនាំ​ឱ្យ​អនុវត្ត​សាលដីកា ហើយ​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នោះ ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើង​ថា ចំពោះ​ការ​កំណត់​ថា អ្នកណា ទទួលខុសត្រូវ​នោះ គឺ​ទាល់តែ​មានការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​ជាមុន​សិន។ លោក​ទទួលស្គាល់ ថា នៅ​ពេល​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង គឺ​អាជ្ញាធរ​សាធារណៈ ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត និង បង្ហាញ​ជា​សាធារណៈ​អំពី​មូលហេតុ និង​ថា​តើ​មានការ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ឬ​អត់​? មាន​ប្រើ​កម្លាំង​លើសលប់​ដែល​រំលោភច្បាប់​ដែរ​ឬទេ? ហើយ​តើ​អ្នកណា ជា​អ្នកទទួលខុសត្រូវ៖ «ស្វែងរក​ការពិត​សិន​ថា អ្នក​រងរបួស​នោះ គាត់​មានការ​ចូលរួម​ធ្វើ​សកម្មភាព​ដែល​ជា​ការ​បំពានច្បាប់​ដែរ​ឬ​អត់ ? ហើយ​ការ​ប្រើ​កម្លាំង​នោះ ជា​ការ​ប្រើ​កម្លាំង​លើសលប់ ឬក៏​ដើម្បី​ថែរក្សា​នូវ​ស្ថិរភាព និង​សណ្ដាប់ធ្នាប់​និង​ទប់ស្កាត់​សកម្មភាព​ដែល​ជា​បទល្មើស។ អ៊ីចឹង​គ្រាន់តែ​ការវាយតម្លៃ​ពី​រូបភាព​ខាងក្រៅ ឃើញ​មាន​អ្នករបួស ឃើញ​មាន​ការ​ប្រើ​កម្លាំង​របស់​សមត្ថកិច្ច ហើយ​ទាមទារ​ឱ្យ​អ្នកណា​ទទួលខុសត្រូវ គឺ​យើង​មិន​អាច​សន្និដ្ឋាន​បានទេ ក្នុងនាម​ជា​អ្នកច្បាប់។ លុះត្រាតែ​មានការ​ស៊ើបអង្កេត​និង​មាន​ភស្តុតាង​មូលដ្ឋាន​ជាក់លាក់​និង​ច្បាស់លាស់ ទើប​អាច​កំណត់​បាន ថា​តើ​ធាតុផ្សំ​បទល្មើស​ពិតប្រាកដ​ដែរ​ឬ​អត់ ហើយ​អ្នក​ជា​អ្នក​បង្ក និង​ការទទួលខុសត្រូវ​នោះ​ប៉ុណ្ណា»។

លោក ជិន ម៉ាលីន ក៏​មិនទាន់​ដឹង​ថា តើ​អាជ្ញាធរ​សាធារណៈ បាន​បើក​ការស៊ើបអង្កេត​ហើយ​ឬ​នៅ នោះ​ទេ។ ម្យ៉ាងទៀត លោក​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ ក៏​គ្មាន​ភារកិច្ច​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ដែរ។

ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ទីតាំង​ដី​កំពុង​មាន​វិវាទ​វិញ កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង នៅ​តែ​ឈរជើង​ការពារ​ដី​ទំនាស់​នោះ​ដដែល បន្ទាប់ពី​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្ទេចខ្ទី​អស់។ ចំណែក ពលរដ្ឋ​វិញ គឺ​មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​នាំគ្នា​ជញ្ជូន​ឥវ៉ាន់ ចាកចេញ​ពី​ដី​មាន​ទំនាស់​នោះ​អស់​មួយ​ចំនួន​ដោយ​មិន​ដឹង​ទៅ​ណា ប៉ុន្តែ​នៅសល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត បាន​បោះតង់​រស់នៅ លើ​ដី​ទំនាស់​នោះ​ដដែល ព្រោះ​ពួកគាត់​គ្មាន​ផ្ទះ និង​ដីធ្លី​សម្រាប់​រស់នៅ​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក វ៉ាន់ លី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​បន្ត​បោះតង់​រស់នៅ​លើ​ដី​ទំនាស់​នោះ គឺ​កំពុង​ជួប​ការ​លំបាក​ខ្លាំង ព្រោះ ពួកគាត់​មាន​កូន​ក្មេង និង​មនុស្ស​ចាស់​រស់នៅ​ជាមួយ។ លោក​សោកស្ដាយ​ដែល​ពលរដ្ឋ​ធ្លាប់​តែ​មាន​ផ្ទះ តែ​អាជ្ញាធរ​កម្ទេច​ចោល​ឱ្យ​ពួកគាត់​ធ្លាក់ខ្លួន​មក​រស់នៅ​ក្នុង​តង់​ទៅវិញ។ លោក​បន្ត​ថា អាជ្ញាធរ គួរតែ​រក​ដំណោះស្រាយ​សមរម្យ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ករណី​ដែល​បណ្ដេញ​ពួកគាត់​ទាំង​បង្ខំ​នេះ គឺជា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «តាម​ដែល​យើង​ឯកសារ​នៅ​ដៃ​ពលរដ្ឋ​មួយ​ចំនួន​នោះ គឺ​គាត់​ទិញ​ត​គ្នា ហើយ​មានការ​ទទួលស្គាល់​ពី​ភូមិ​ -​ មេឃុំ អ៊ីចឹង​ទាក់ទង​ការ​ចុះ​ទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល គឺ​យើង​ត្រូវ​មាន​ការយោគយល់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គាត់​មិនបាន​យល់ដឹង​ពី​ច្បាប់​និង​ដឹង​ពី​ទំនាស់ ដោយសារ​គាត់​ដឹង​ថា ពេល​មានការ​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ភូមិ ឃុំ​គឺ​ការទិញ​ដី​នោះ​ស្របច្បាប់ ទើប​ពួកគាត់​ហ៊ាន​ទិញ។ អាជ្ញាធរ​ក៏​គួរតែ​សិក្សា​គោលនយោបាយ​ដោះដូរ​ដី​កន្លែង​ណាមួយ​សមស្រប​ដល់​ពល​រដ្ឋ​ដែរ»។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី ប្រាប់​ថា មិន​បាន​ដឹង​ច្បាស់​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​កំពុង​រស់នៅ​ទេ តែ​ដី​មាន​ទំនាស់​មាន​ទំហំ ៧១​ហិកតារ។ នៅ​ឆ្នាំ​២០០២ រដ្ឋ​សម្រេច​ដាក់​ដី​នេះ ជា​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ហើយ​មាន​ពលរដ្ឋ​ខ្លះ បាន​កាប់​រាន​ទន្ទ្រាន​រស់​នៅ និង​មាន​ខ្លះ​ទិញ​ត​គ្នា ដោយ​គ្មាន​អាជ្ញាធរ​ណា រារាំង​ឡើយ។ លុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រាប់តែ​លេចឮ​ថា ដី​នោះ​ជា​របស់​ឈ្មួញ​ដែល​ឈ្មោះ ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន ទៅវិញ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ ថា រំលោភច្បាប់ និង សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​មិន​សមជា​អ្នកបម្រើ​ពលរដ្ឋ​នោះ​ទេ។ ពួកគេ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដូចជា​ផ្ដល់​សំណង​សមរម្យ និង​ផ្ដល់​ដីធ្លី​សម្រាប់​ពួកគាត់​រស់នៅ ព្រោះ ពេល​នេះ ពួកគាត់​កំពុង​វេទនា គ្មាន​ជម្រើស​ផ្សេង​នោះ​ទេ។ ចំណែក​អ្នក​រង​របួស​វិញ គឺ​អាជ្ញាធរ និង ឧកញ៉ា ស៊ីវ គង់ទ្រីវ ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។