ចាងហ្វាង​កាសែត​ព្រៃ​នគរ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន

ដោយ ទីន ហ្សាការីយ៉ា
2013.04.13
លី ឈួន ចាងហ្វាង​កាសែត​ព្រៃ​នគរ ៣០៥ ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន។
RFA/Quốc Việt

ចាងហ្វាង​បោះពុម្ព​ផ្សាយ​កាសែត​ជា​ភាសា​ខ្មែរ​ឈ្មោះ "ព្រៃ​នគរ" និង​ក្រុម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​នៅ​ខណៈ​ពួក​គេ​មាន​បំណង​ឆ្លង​ដែន​ពី​កម្ពុជា ទៅ​លេង​ស្រុក​កំណើត​នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ រហូត​មក​ទល់​ពេល​នេះ មិន​មាន​ដំណឹង​ណា​មួយ​អំពី​ការ​ចាប់​ខ្លួន​ក្រុម​គ្រួសារ​អ្នក​កាសែត​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឡើយ​ទេ។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​អាជ្ញាធរ​វៀតណាម បាន​ឃាត់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រំដែន​កម្ពុជា-វៀតណាម នៃ​ខេត្ត​អាងយ៉ាង ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ជា​រឿង​យាយី​ដល់​ខ្មែរ​ក្រោម និង​រំលោភ​សិទ្ធិ​មនុស្ស។

ចាងហ្វាង​កាសែត​ភាសា​ខ្មែរ​ព្រៃ​នគរ ឈ្មោះ លី ឈួន និង​ប្រពន្ធ រួម​ជាមួយ​កូន​របស់​លោក​ម្នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ព្រំដែន​វៀតណាម បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ មេសា នៅ​ខណៈ​លោក និង​គ្រួសារ​ប៉ុនប៉ង​ចង់​ចូល​ទៅ​លេង​នឹង​ម្ដាយ​ចាស់​នៅ​លើ​ទឹកដី​កំណើត​ខ្មែរ​កម្ពុជា​ក្រោម នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ។

កូន​ស្រី​ច្បង​របស់​លោក លី ឈួន គឺ​កញ្ញា លី ស៊ីណាត មាន​ប្រសាសន៍​ថា នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ឪពុក​ម្ដាយ​របស់​នាង រួម​និង​ប្អូន​ស្រី បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​កំណើត​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី១២ មេសា។ ប៉ុន្តែ​នៅ​ម៉ោង​ជាង ៥​ល្ងាច នាង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្អូន​ស្រី ឈ្មោះ លី ស្រីនាថ ដោយ​នាង​និយាយ​យ៉ាង​ខ្លី​ថា ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម ចាប់​ខ្លួន​តាំង​ពី​ម៉ោង ៩​ព្រឹក តែ​គេ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ចាប់​ខ្លួន​នោះ​ទេ។

មន្ត្រី​នគរបាល​វៀតណាម បាន​ចាប់​ខ្លួន​ចាងហ្វាង​កាសែត​ព្រៃ​នគរ រួម​ទាំង​ប្រពន្ធ​ឈ្មោះ ដាញ់ ធីដៀម កូន​ស្រី​ឈ្មោះ លី ស្រីនាថ នេះ ត្រូវ​បាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​ចាត់​ទុក​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​ចាប់​ខ្លួន​លោក លី ឈួន និង​ក្រុម​គ្រួសារ​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ទៅ​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស មាត្រា​១៣ ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី មាន​សិទ្ធិ​ចាក​ចេញ​ពី​គ្រប់​ប្រទេស រួម​ទាំង​ប្រទេស​របស់​ខ្លួន និង​មាន​សិទ្ធិ​ត្រឡប់​ទៅ​មាតុ​ប្រទេស​របស់​ខ្លួន​វិញ​ជាដើម។

នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​គ្រួសារ​លោក លី ឈួន នេះ ពីព្រោះ​ថា លោក​មិន​អាច​ទាក់ទង​ដំណឹង​ណា​មួយ​ពី​លោក លី ឈួន បាន​ទេ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​គេ​ដក​ហូត​អស់​នោះ។ លោក​ក៏​មិន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ឡេ មិញង៉ុក (Le Minhngoc) ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ មេសា។

និពន្ធ​នាយក​កាសែត​ព្រៃ​នគរ ព្រះតេជព្រះគុណ ថាច់ ប្រីជាគឿន មាន​ថេរ​ដីកា​ថា ព្រះអង្គ​សូម​អំពាវនាវ​ដល់​អង្គទូត និង​អង្គការ​សិទ្ធិ​មនុស្ស​នានា ជួយ​ដល់​លោក លី ឈួន និង​ក្រុម​គ្រួសារ​របស់​លោក ដែល​វៀតណាម ចាប់​ខ្លួន​នេះ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា មូលហេតុ​ចាប់​ខ្លួន​ប្រហែល​ជា​វៀតណាម ដឹង​ថា លោក លី ឈួន ជា​អ្នក​កាសែត។ ប៉ុន្តែ​ព្រះតេជព្រះគុណ​អះអាង​ថា មូលហេតុ​សំខាន់​តែ​មួយ​គត់​ដែល​លោក លី ឈួន ទៅ​លេង​ទឹកដី​កំណើត​របស់​ខ្លួន​នោះ គឺ​ចង់​សួរ​សុខទុក្ខ​ម្ដាយ​ចាស់​របស់​គាត់​ទេ។

កាសែត​ព្រៃ​នគរ បោះពុម្ព​ផ្សាយ​មួយ​សប្ដាហ៍​ម្ដង ផ្សាយ​អំពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ខ្មែរ​កម្ពុជា​ក្រោម នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង និង​ផ្សាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម នៅ​កម្ពុជា ដោយ​ការ​ឧបត្ថម្ភ​ថវិកា​ពី​ព្រះសង្ឃ​នៅ​សហរដ្ឋ​អាមេរិក។

អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​នៅ​ខេត្ត​អាងយ៉ាង នេះ មិន​មែន​ជា​លើក​ទី១ ទេ។ ការ​ឃាត់​ខ្លួន​នេះ បាន​កើត​មាន​បន្តបន្ទាប់។ កាល​ពី​ខែ​មីនា កន្លង​ទៅ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម ខេត្ត​អាងយ៉ាង ឃាត់​ខ្លួន ហើយ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ទៅ​ប្រទេស​វៀតណាម ទេ។ ប៉ុន្តែ ការ​ឃាត់​ខ្លួន​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា លើក​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​លេង​នៅ​ទឹកដី​របស់​ខ្លួន​នេះ រដ្ឋាភិបាល​វៀតណាម មាន​ការ​រើសអើង​មក​លើ​ខ្មែរ​ក្រោម និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។