សកម្មជនសង្គម និងសមាជិករបស់គណបក្សសង្គ្រោះជាតិ ថ្កោលទោសករណីជនមិនស្គាល់មុខលបកាប់សម្លាប់សកម្មជនម្នាក់គឺលោក ស៊ិន ខុន។ ពួកគេ ហៅឃាតកម្មនេះថា ជារឿងនយោបាយ និងជាសារគំរាមដល់សិទ្ធិដល់សកម្មភាពតវ៉ា និងការបញ្ចេញមតិនៅកម្ពុជា។
សកម្មជនសង្គម និងមន្ត្រីបក្សប្រឆាំងសង្ស័យថា ករណីសម្លាប់សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លោក ស៊ិន ខុន គឺជាឃាតកម្មផ្នែកនយោបាយ ហើយអាចជាប់ពាក់ព័ន្ធនឹងករណីជនមិនស្គាល់មុខ៤នាក់ ដែលធ្លាប់លបវាយគាត់ឲ្យរងរបួសក្បាល និងបាក់ឆ្អឹងដៃធ្ងន់ធ្ងរម្តងហើយ កាលពីខែឧសភាកន្លងទៅ ប៉ុន្តែសមត្ថកិច្ចមិនបាននាំខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នោះទេ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ឲ្យដឹងថា លោក ស៊ិន ខុន ជាមនុស្សស្លូតត្រង់ ហើយសកម្មជនរូបនេះតែងតែចូលរួមរាល់សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ និងសកម្មភាពការតវ៉ាដោយអហិង្សានានា។ លោក ម៉ន ផល្លា ក៏មិនជឿថា សមត្ថកិច្ចមានឆន្ទៈអាចរកមុខឃាតកសម្លាប់លោក ស៊ិន ខុន ឃើញដែរ៖ «( សកម្មជន ) ចេញមុខទាមទារសេរីភាពសម្រាប់យុត្តិធម៌សង្គមនេះ គឺប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ហើយក៏អាចប្រឈមទៅនឹងការវាយប្រហារថែមទៀត។ រហូតមកដល់ពេលនេះ គឺថាអាជ្ញាធររបបក្រុងភ្នំពេញមិនទាន់អនុវត្តបាននូវការចាប់ខ្លួនជនដែលបានប្រព្រឹត្តិម្នាក់ណាយកមកកាត់ទោសនោះទេ។ អ៊ីចឹងហើយ ខ្ញុំនៅតែមានជំនឿថា អាជ្ញាធរនៃរបបនេះគឺមិនយកចិត្តទុកដាក់ចំពោះបទឧក្រិដ្ឋដែលពាក់ព័ន្ធមកលើគណបក្សសង្គ្រោះជាតិនោះទេ»។
ចំណែកសកម្មជននៃចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោកស្រី ស ខ្ចី ក៏ថ្កោលទោសចំពោះការសម្លាប់នេះដែរ។

លោកស្រី ស ខ្ចី ជឿជាក់ថា ការសម្លាប់លោក ស៊ិន ខុន ពាក់ព័ន្ធនឹងរឿងនយោបាយដែរ ព្រោះលោក គឺជាយុវជនដែលហ៊ានចូលរួមតវ៉ាទាមទារឲ្យតុលាការដោះលែងសកម្មជនបក្សប្រឆាំង ហើយក៏ជាមុខសញ្ញាចាស់នៃការលបវាយពីសំណាក់ជនមិនស្គាល់មុខដែរ៖ «ដែលមនុស្សធម្មតាគេមិនអាចធ្វើបានទេ ក្រៅពីពួកសត្វតិរច្ឆាន។ អ៊ីចឹងខ្ញុំក្នុងនាមជាយុវជនម្នាក់ ក្នុងនាមជាឈាមជ័រជាខ្មែរដូចគ្នា គឺខ្ញុំមានការសោកស្ដាយនៃការបាត់បង់អាយុជីវិតរបស់សកម្មជនគណបក្សសង្គ្រោះជាតិណាស់។ សូមថ្កោលទោសដាច់អហង្ការតែម្ដងចំពោះរបបក្រុងភ្នំពេញដែលបានធ្វើទុក្ខបុកម្នេញគាត់ វាយមួយសារហើយ»។
ដូចគ្នានេះដែរ សមាជិកក្រុមស្ត្រីក្លាហានម្នាក់ដែលទើបបានចេញពីពន្ធនាគារគឺលោកស្រី លឹម សាន ក៏សោកស្ដាយចំពោះករណីសម្លាប់ លោក ស៊ិន ខុន នេះ។ លោកស្រីបារម្ភថា ប្រសិនបើសមត្ថកិច្ចនៅតែមិនអាចចាប់បានជនដៃដល់បានទេ សកម្មជននយោបាយ និងសកម្មជនសង្គមជាច្រើនទៀត នឹងត្រូវរងគ្រោះបន្ត៖ «ខ្ញុំជាប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានទេ មិនដែលចាប់បានឃាតកតែងតែរួចខ្លួន។ ចំណែកអ្នករងគ្រោះ នៅតែរងគ្រោះរហូត។ ស្វែងរកយុត្តិធម៌ជួយពួកខ្ញុំមិនបាន។ អ៊ីចឹងក្នុងនាមជាប្រជាពលរដ្ឋមានតែការសោកស្ដាយ និងទង្វើព្រៃផ្សៃមកលើពួកយើងខ្ញុំ»។
មុនការសម្លាប់នេះ ៣ថ្ងៃ គឺកាលពីថ្ងៃទី១៧ ខែវិច្ឆិកា លោក ស៊ិន ខុន បានទៅចូលរួមឃ្លាំមើលសវនាការរបស់សកម្មជនបក្សប្រឆាំងចំនួន១៧នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយអតីតអ្នកជាប់ឃុំបក្សប្រឆាំង និងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន។
លោក រ៉ុង ឈុន យល់ថា ករណីឃាតកម្មនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពរបស់អាជ្ញាធរកម្ពុជា ថានៅមានកម្រិត។ លោកជំរុញឲ្យសមត្ថកិច្ចទប់ស្កាត់កុំឲ្យកើតមានករណីឃាតកម្មលើសកម្មជន និងអ្នកនិយមប្រជាធិបតេយ្យបន្តទៀត។ លោក រ៉ុង ឈុន ហៅការសម្លាប់លោក ស៊ិន ខុន ជាករណីធ្ងន់ធ្ងរ និងជាការគំរាមដល់សកម្មជនសង្គមផ្សេងទៀត៖ « ការសម្លាប់ក្រៅប្រព័ន្ធ វាមិនមែនជាការធ្វើឲ្យយើងបន្ថុចបង្អាក់នូវគេហៅថាសកម្មភាពរបស់យើងទេ។ តែគ្រាន់ថា ការដែលយើងធ្វើការងារយើងត្រូវតែមានអាការបត់បែន មានអាភាពឆ្លាតវ៉ៃបន្តទៅទៀត។ ប៉ុន្តែឲ្យថាមកបង្អាក់ ឬបញ្ឈប់ការងាររបស់យើងអាហ្នឹងមិនអាចប្រព្រឹត្តិទៅបានទេ។ យើងនៅតែបន្តបេសកកម្មដើម្បីស្វែងរកសិទ្ធិសេរីភាពប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរបន្តទៀត»។

ក្រុមសកម្មជននយោបាយ និងសកម្មជនសង្គមទាំងនេះ អំពាវនាវដល់អាជ្ញាធរ ឲ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព ចំពោះឃាតកម្មលើសកម្មជននយោបាយរូបនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់វប្បធម៌និទណ្ឌភាព បើពុំនោះទេ រដ្ឋាភិបាល នឹងជៀសមិនផុតពីការរិះគន់របស់សាធារណៈជនឡើយ។ ទោះជាយ៉ាងណា កន្លងមក ករណីអំពើហិង្សា និងអំពើឃាតកម្មលើបុគ្គលល្បីៗដែលរិះគន់រដ្ឋាភិបាល ដូចជា សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនព្រៃឈើ អ្នកកាសែត អ្នកវិភាគនយោបាយ និងព្រះសង្ឃជាដើម កម្រឃើញអាជ្ញាធរ នាំខ្លួនជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់ណាស់។ អាជ្ញាធររដ្ឋាភិបាលតែងបកស្រាយដោយគ្មានភស្តុតាងថាករណីហិង្សានិងឃាតកម្មទាំងនោះគឺជារឿងទំនាស់បុគ្គលមិនមែនជារឿងនយោបាយឡើយ។ ប៉ុន្តែសហគមន៍ជាតិនិងអន្តរជាតិតែងតែរិះគន់ថាករណីទាំងនោះគឺពាក់ព័ន្ធនឹងរឿងនយោបាយទើបរកជនដៃដល់មិនឃើញដែលនាំឲ្យសង្គមកម្ពុជា ជាកន្លែងគ្មានសុវត្ថិភាពនិងកំពុងតែញាំញីដោយវប្បធម៌និទណ្ឌភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។