អ្នកឃ្លាំមើលព្រួយបារម្ភថា បើសហភាពអឺរ៉ុបសម្រេចជាធរមានដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់នៅខែតុលាខាងមុខនេះ នឹងធ្វើសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ។ កង្វល់នេះក្រោយពួកគេសង្កេតឃើញថា រដ្ឋាភិបាលហាក់មិនបានបំពេញនូវអ្វី ដែលសហភាពអឺរ៉ុប ទាមទារនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានធ្វើការងារនេះច្រើន និងរំពឹងថាកម្ពុជាមិនជាប់ក្នុងបញ្ជីខ្មៅរបស់អឺរ៉ុបឡើយ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ប្រសិនសហភាពអឺរ៉ុបសម្រេចបោះឆ្នោតដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ជាផ្លូវការមែននោះ នឹងធ្វើឱ្យកម្ពុជាបាត់បង់នយោបាយការទូតលើឆាកអន្តរជាតិ និងពិបាកធ្វើឱ្យអ្នកវិនិយោគអន្តរជាតិទុកចិត្តក្នុងការមករកស៊ីនៅកម្ពុជា។ ក្រៅពីនេះ លោកថា កម្ពុជានឹងងាយរងការដាក់សម្ពាធពីសហគមន៍អន្តរជាតិថែមទៀតផង។ លោកយល់ថា កម្ពុជាមិនសល់ពេលច្រើនទៀតទេក្នុងការកែប្រែខ្លួន ដូច្នេះលោកថារដ្ឋាភិបាលគួរឆ្លើយតបទៅនឹងអ្វីដែលសហភាពអឺរ៉ុបចង់បាន ដែលលើសពីការធ្វើច្បាប់។ នោះគឺ ការបើកលំហសេរីភាព សិទ្ធិមនុស្ស ទម្លាក់បទចោទលើសកម្មជនសិទ្ធិមនុស្ស សកម្មជនគណបក្សប្រឆាំង និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានឯករាជ្យអាចដំណើរការឡើងវិញ៖ «គឺកម្ពុជាគេត្រូវជ្រើសរើសក្នុងបញ្ជីខ្មៅក្នុងការលាងលុយកខ្វក់ហ្នឹងហើយយើងអត់ទាន់ឆ្លងផុតទេ គ្រាន់តែយើងបានអនុម័តច្បាប់ ប៉ុន្តែមិនទាន់បានបង្ហាញយន្តការណាបង្ហាញថា យើងមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយកម្ចាត់សម្អាតលុយកខ្វក់ទេ»។
កង្វល់របស់អ្នកឃ្លាំមើលបែបនេះ ក្រោយពីគណៈកម្មការអឺរ៉ុបបានដាក់បញ្ចូលប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់កាលពីឧសភា ហើយបើគ្មានការប្រែប្រួលនៅក្នុងខែតុលាខាងមុខនេះ គណៈកម្មការអឺរ៉ុបនឹងប្រកាសជាផ្លូវការនៃការចូលជាធរមាននៃវិធានការនេះ។
ឆ្លើយតបការព្រួយបារម្ភនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់ថា អាស៊ីសេរីថា រដ្ឋាភិបាលបានការទប់ស្កាត់ និងបង្ក្រាបចរាចរណ៍នៃការលាងលុយកខ្វក់នេះ។ លោកអះអាងទៀតថា កម្ពុជាបានធ្វើច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ និងចាប់បានជនសង្ស័យជាច្រើននាក់បញ្ជូនទៅតុលាការ។ លោករំពឹងថា ក្រោយកិច្ចប្រឹងប្រែងនេះកម្ពុជាមិនត្រឹមតែមិនជាប់ក្នុងបញ្ជីខ្មៅនោះទេ ប៉ុន្តែអាចរួចផុតចេញពីបញ្ជីប្រផេះថែមទៀតផង៖ ព្រោះនៅពេលគេដាក់យើងក្នុងបញ្ជីប្រផេះហ្នឹងមកដោយសារយើងអត់មានច្បាប់ ដែលឆ្លើយតបបច្ចុប្បន្នភាពក្នុងពិភពលោកឥឡូវយើងធ្វើច្បាប់ឆ្លើយតបនឹងកម្រិតបច្ចុប្បន្នហ្នឹងហើយ ដូច្នេះយើងអត់មានអីត្រូវបារម្ភទេ » ។
កាលពីមិថុនា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសឲ្យប្រើជាប្រញាប់នូវច្បាប់ចំនួនបី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។ ច្បាប់ទាំងនោះរួមមាន៖ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ច្បាប់ទាំងនេះត្រូវរបបលោក ហ៊ុន សែន ធ្វើឡើងភ្លាមៗក្រោយគណៈកម្មការអឺរ៉ុបដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់ ខណៈកម្ពុជាជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ» រយៈពេលពីរឆ្នាំជាប់គ្នារបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក ឈ្មោះ FATF។
ទោះយ៉ាងណា នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI-Cambodia) លោក ប៉ិច ពិសី សង្កេតឃើញថា ការមានត្រឹមច្បាប់មិនទាន់គ្រប់គ្រាន់ទេ។ លោកថា កត្តាសំខាន់ដែលរដ្ឋាភិបាលត្រូវដោះស្រាយបន្តទៀតនោះគឺកែទម្រង់ប្រព័ន្ធតុលាការនិងពង្រឹងសមត្ថភាព និងបច្ចេកទេសលើមន្ត្រីអនុវត្តច្បាប់និងការបើកទូលាយលើសេរីភាពសារព័ត៌មាន៖ «បញ្ហាសំខាន់មួយទៀត ដែលយើងចង់លើកទឹកចិត្តហ្នឹង គឺការអនុវត្តច្បាប់ជាទូទៅប្រទេសយើងមានកង្វះខាតខ្ពស់ក្នុងការជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព » ។
ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា កន្លងមកនេះរដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់បានឆ្លើយតបពេញលេញទៅនឹងអ្វីដែលសហភាពអឺរ៉ុបចង់បាននៅឡើយទេ។ ផ្ទុយទៅវិញនៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលថែមទាំងចាប់ខ្លួនសកម្មជនការងារ និងកិច្ចព្រំដែនលោក រ៉ុង ឈុន ព្រះសង្ឃ យុវជននិងសកម្មជនបក្សប្រឆាំងបន្ថែមទៀត។
កម្ពុជាទទួលទណ្ឌកម្មពីសហភាពអឺរ៉ុបម្ដងរួចហើយកាលពីខែសីហាដោយគណៈកម្មការអឺរ៉ុបប្រកាសជាផ្លូវការអំពីការចូលជាធរមាននៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ លោក ឯម សុវណ្ណរ៉ា ថា បើកម្ពុជាជាប់ក្នុងបញ្ជីខ្មៅនេះ នឹងរងគ្រោះធ្ងន់ជាងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។