ក្រុមអង្គការសង្គមស៊ីវិលបន្តធ្វើយុទ្ធនាការក្នុងសប្ដាហ៍ទី៦បន្តទាមទារឲ្យតុលាការដោះលែងមេសហជីពលោក រ៉ុង ឈុន និងយុវជនសង្គមចំនួន៧នាក់ឲ្យមានសេរីភាព ខណៈពួកគាត់ខ្លះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងពន្ធនាគារ។ អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលទម្លាក់បទចោទ និងអន្តរាគមន៍ដោះលែងពួកគាត់វិញដើម្បីបញ្ចៀសការរិះគន់ ថារដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស។
ក្រុមអង្គការសង្គមស៊ីវិលនៅតែចាត់ទុកថា សកម្មភាពរបស់សកម្មជនសិទ្ធិមនុស្សទាំង ៨នាក់ មិនមែនជាបទល្មើសទេ។ ស្ថាប័នសិទ្ធិមនុស្សទាំងនោះបន្តជំរុញឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជនទាំង ៨ នាក់វិញ។ ពួកគេប្ដេជ្ញាថា នឹងបន្តយុទ្ធនាការទាមទារនេះរហូតទាល់តែមានការដោះលែងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន និងក្រុមសកម្មជនសង្គមចំនួន ៧នាក់ ផ្សេងទៀតនៃក្រុមខ្មែរថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរវិញ។
អ្នកទាំង ៨ នាក់នោះ គឺប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ២ឆ្នាំក្នុងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយសារលោកបញ្ចេញមតិរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ចំណែកយុវជនទាំង ៧នាក់គឺលោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ្រ និងព្រះតេជព្រះគុណ កើត សារ៉ាយ។ សមត្ថកិច្ចបានចាប់ឃុំខ្លួនពួកគាត់បណ្ដោះអាសន្នក្នុងពន្ធនាគារ ១ ឆ្នាំហើយ ក្រោមបទចោទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យតុលាការដោះលែងលោក រ៉ុង ឈុន។
ក្រុមសង្គមស៊ីវិលបានប្រៀបធៀបការចាប់ឃុំខ្លួនសកម្មជនទាំង ៨នាក់នេះថា ផ្ទុយស្រឡះពីសកម្មជនសង្គមនានានៅទូទាំងពិភពលោក ព្រោះសកម្មជននៅប្រទេសគេតែងតែទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសាធារណជននិងអាជ្ញាធររដ្ឋ។ ប៉ុន្តែនៅកម្ពុជាវិញ អាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនដែលឈរនៅជួរមុខនិងអ្នកមានភាពសកម្មក្នុងកិច្ចការពារសិទ្ធនិងផលប្រយោជន៍កម្មករ គ្រូបង្រៀន ឬបញ្ហាសង្គម។
សកម្មជនទាំង ៨ នាក់ក៏មិនទទួលបានការគាំទ្រយកចិត្តទុកដាក់ឬលើកទឹកចិត្តពីអាជ្ញាធររដ្ឋឡើយតែបែរជាទទួលការគំរាមកំហែងបំភិតបំភ័យនិងចាប់ដាក់ពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ។ សង្គមស៊ីវិលបារម្ភថា ប្រសិនអ្នកទាំង ៨ នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារតើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេដើម្បីសិទ្ធិនិងផលប្រយោជន៍គ្រូបង្រៀននិងបញ្ហាសង្គមតទៅទៀត? ក្នុងយុទ្ធនាការសប្ដាហ៍ទី៦នេះ ក្រុមសង្គមស៊ីវិលក៏បានសរសេរអក្សរលើផ្ទាំងរូបថតលោក រ៉ុង ឈុន ថា គាត់បញ្ចេញមតិដើម្បីសិទ្ធិរបស់យើង។ ឥឡូវយើងបញ្ចេញមតិដើម្បីសិទ្ធិរបស់គាត់។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ច្រាក់ (CHRAC) លោក រស់ សុដ្ឋា គាំទ្រយុទ្ធនាការនេះ ព្រោះជាការសម្ដែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ លោកយល់ថា តុលាការ និងរដ្ឋាភិបាល មិនគួរបន្តចោទប្រកាន់សកម្មជនទាំង ៨ នាក់នេះបន្តទៀតទេ ព្រោះការធ្វើបែបនេះមិនបានផ្ដល់ប្រយោជន៍ដល់សង្គមជាតិទេ ពិសេស គឺធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលទៅវិញ។ បន្ថែមពីនេះលោកក៏ជំរុញឲ្យអាជ្ញាធររដ្ឋយកចិត្តទុកដាក់មើលថែសុខភាពសកម្មជនជាប់ឃុំទាំង ៨ នាក់នេះឲ្យល្អប្រសើរដែរ បើពុំដូច្នេះទេរដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀត៖ «រដ្ឋាភិបាលលោកគិតខុស បាទ ! គាត់គិតខុស។ គាត់គិតថា អ្វីដែលគាត់ធ្វើហ្នឹងបានចំណេញ។ គាត់មើលតែមួយមុខការពារនូវផលប្រយោជន៍របស់គាត់ផ្នែកនយោបាយ។ ក៏ប៉ុន្តែគាត់ភ្លេចនូវការបាត់បង់នូវធម្មានុរូបរបស់រដ្ឋាភិបាលចំពោះប្រជាជន ចំពោះសហគមន៍អន្តរជាតិ ព្រោះករណីនេះវាច្បាស់ក្រឡែតដូចយើងមើលឃើញនូវថ្ងៃអ៊ីចឹងណា ថាពលរដ្ឋទាំងអស់នោះអត់មានខុសអ្វីសោះ។ ដូច្នេះហើយធ្វើឲ្យភាពមិនល្អហ្នឹង គឺថាវានៅកើតឡើងច្រើនឡើងៗ នៅក្នុងស្ថាប័នរាជរដ្ឋាភិបាលសព្វថ្ងៃ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន បានទេនៅថ្ងៃទី១៣ ខែកញ្ញា។ ទោះជាយ៉ាងណា រដ្ឋាភិបាលហាក់លែងខ្វល់ខ្វាយពីការរិះគន់នេះទៅហើយ ដោយសារស្ថាប័ននេះតែងតែប្រើដៃតុលាការ និងបានរុញការទទួលខុសត្រូវចំពោះរឿងរំលោភសិទ្ធិមនុស្សទៅស្ថាប័នតុលាការទាំងស្រុង។
ចំណែកសាច់ញាតិ និងមិត្តភក្ដិរបស់អ្នកជាប់ឃុំទាំង ៨នាក់ក៏ទាមទារឲ្យដោះលែងអ្នកទាំង ៨នាក់វិញដែរ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ទទូចឲ្យសមត្ថកិច្ចដោះលែងលោក រ៉ុង ឈុន និងយុវជនទាំង៧នាក់ដើម្បីពួកគេអាចចេញមកសម្រាកព្យាបាលជំងឺរៀងៗខ្លួនខណៈពួកគាត់សុទ្ធតែធ្លាក់ខ្លួនឈឺក្នុងពេលជាប់ឃុំឃាំង ពិសេសគឺលោក រ៉ុង ឈុន ដែលមានដុំឈាមកកក្នុងភ្នែកខាងស្ដាំ។ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា លោក រ៉ុង ឈុន មិនទាន់ទទួលបានការវះកាត់ដុំឈាមកកក្នុងភ្នែកនោះទេ៖ «នៅអត់ទាន់ឃើញគាត់ ( លោក រ៉ុង ឈុន ) ខលមកផង។ គាត់ថា មើលតែគាត់អញ្ជើញទៅវះពេទ្យគាត់នឹងខលមកទៀត»។
ចាប់តាំងពីឆ្នាំ២០២០មក របបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម សិទ្ធិមនុស្ស និងបរិស្ថានជិតកៅសិប(៩០)នាក់ហើយ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានហៅការចាប់ខ្លួនទាំងនោះថាជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។