សាច់ញាតិស្នើឱ្យដោះលែងអ្នកលេងតិកតុកពីរនាក់ដែលរិះគន់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
2023.08.04

ក្រុមសាច់ញាតិនាំគ្នាស្នើសុំការលើកលែងទោសពីលោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីបានដោះលែងអ្នកលេងតិកតុក (TikTok) ប្រុសស្រីពីរនាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទញុះញង់និងប្រមាថកិត្តិយសលោក ហ៊ុន សែន និងកូនប្រុស។ មន្ត្រីសង្គមស៊ីវិលយល់ថា ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ មេដឹកនាំមិនគួរយកទោសលើពលរដ្ឋដែលសម្ដែងមតិឡើយ បើទោះបីជាការសម្ដែងមតិខ្លះធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ខ្លួនក្ដី។
ក្រុមគ្រួសារបានសុំទោស និងទទួលស្គាល់ថា ប្ដីនិងកូនស្រីរបស់ពួកគេ បានប្រព្រឹត្តិកំហុស ដោយសារធ្វើវីដេអូបង្ហោះក្នុងតិកតុក ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសលោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីស្នើសុំឱ្យបានដោះលែងអ្នកលេងតិកតុកទាំងពីរនាក់វិញ ខណៈម្នាក់ជាជនបង្គោលដ៏សំខាន់សម្រាប់គ្រួសារ និងម្នាក់ទៀត ត្រូវបានគ្រួសារអះអាងថា ជាអ្នកកើតជំងឺផ្លូវចិត្ត។
លោកស្រី ប៉ាក ស៊ីវយ៉ា ប្រពន្ធរបស់បុរសឈ្មោះ ភី អ៊ួក ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស បានពរកូនតូចអាយុជិត៣ខែនៅក្នុងដៃ ហើយបានរាប់រៀបទាំងទឹកភ្នែក តាមរយៈវីដេអូមានរយៈពេលជាង៩នាទី បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ សីហា ដើម្បីផ្ញើទៅកាន់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុំលើកលែងទោស និងស្នើសុំដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញ។
លោកស្រីបន្តថា ប្ដីលោកស្រី មិនមែនជាសកម្មជនបក្សប្រឆាំងនោះទេ គ្រាន់តែជាពលរដ្ឋធម្មតាម្នាក់ និងជាប្ដីល្អម្នាក់។ លោកស្រីបន្ថែមថា ការដោះលែងប្ដីមកវិញ ដើម្បីបានមើលថែប្រពន្ធកូនខ្ចី និងអាចចេញទៅបំពេញការងារ រកប្រាក់សម្រាប់បង់ធនាគារ ទិញខោទឹកនោម និងទឹកដោះគោកូន និងដើម្បីមើលថែឪពុកម្ដាយកំពុងមានជំងឺ ខណៈលោកស្រីទើបសម្រាលកូនដំបូងរួច ក៏មិនទាន់អាចចេញបំពេញការងារបាននៅឡើយ។
លោកស្រី ប៉ាក ស៊ីវយ៉ា៖ «ចំពោះកំហុសខុសឆ្គង ដែលប្ដីនាងខ្ញុំបានធ្វើ ប្រព្រឹត្តិកន្លងមក នាងខ្ញុំនិងស្វាមី សុំអភ័យទោស សុំសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្ដម ហ៊ុន ម៉ាណែត សូមមេត្តាលើកលែងអធ្យាស្រ័យ»។
ការស្នើសុំលើកលែងទោសពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហុក ពៅ កាលពីថ្ងៃទី១ សីហា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន យុវជនលេងតិកតុកពីរនាក់ គឺបុរសឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ និងកញ្ញា ឌី សូរនាត អាយុ៣៩ឆ្នាំ ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមមាត្រា ៤៩៤ មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចឃុំខ្លួនអ្នកទាំងពីរនេះ បន្ទាប់ពីពួកគេបង្ហោះវីដេអូក្នុងតិកតុករិះគន់ការដឹកនាំលោក ហ៊ុន សែន និងការផ្ទេរអំណាចទៅលោក ហ៊ុន ម៉ាណែត។
ចំណែកឪពុកម្ដាយកញ្ញា ឌី សូរនាត ក៏បានធ្វើវីដេអូសុំលើកលែងទោសទៅលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីបានដោះលែងកូនស្រីរបស់ខ្លួនឱ្យមានសេរីភាពវិញដែរ។ កញ្ញា ឌី សូរនាត បានអះអាងនៅក្នុងវីដេអូបង្ហោះតាមតិកតុកថា កញ្ញាជាព្រះម៉ែគង្គា ចង់ដាស់តឿនឱ្យលោក ហ៊ុន ម៉ាណែត ឈប់ធ្វើអំពើអាក្រក់ និងត្រឡប់ទៅធ្វើអំពើល្អសម្រាប់ពលរដ្ឋ និងប្រទេសជាតិ ហើយប្រសិនបើលោក ហ៊ុន ម៉ាណែត បន្តធ្វើអាក្រក់ នោះព្រះម៉ែគង្គា នឹងយកអាយុជីវិតលោក ហ៊ុន ម៉ាណែត ទៅវិញមិនឱ្យកើតជាមនុស្សទៀតទេ។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ុក ខាំឌី ឪពុកកញ្ញា ឌី សូរនាត រៀបរាប់តាមរយៈវីដេអូបង្ហោះតាមហ្វេសប៊ុកទាំងទឹកភ្នែកដែរថា កូនស្រីរបស់លោក កើតជំងឺផ្លូវចិត្តអស់រយៈពេលពីរឆ្នាំហើយ ដែលធ្វើឱ្យឪពុកម្ដាយពិបាកនិយាយណែនាំ និងពុំដែលរស់នៅចុះសម្រុងជាមួយក្រុមសាច់ញាតិនោះទេ។
លោក អ៊ុក ខាំឌី៖ «សូមសម្ដេចទាំងពីរ( លោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី) និងឯកឧត្ដម (ហ៊ុន ម៉ាណែត) មេត្តាខន្តីអភ័យទោស និងលើកលែងទោសដល់រូបកូនស្រីខ្ញុំបាទផង នាងមានជំងឺផ្លូវចិត្ត មិនប្រក្រតីចំនួនពីរឆ្នាំមកហើយ ហើយមិនដែលបានរស់នៅចុះសម្រុងក្នុងគ្រួសារ និងសាច់ញាតិទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងន័យវីដេអូបង្ហាញច្បាស់ ថាវាមានការប៉ះពាល់ធ្ងន់ធ្ងរ ដែលខ្ញុំជាម៉ែឪមានការសោកស្ដាយជាខ្លាំង ចំពោះកំហុសឆ្គងនេះ»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការ ឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី៣ សីហា។ ប៉ុន្តែប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(Adhoc)លោក នី សុខា យល់ឃើញថា ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ មេដឹកនាំគួរបើកចិត្តទូលាយទទួលយកការសុំអភ័យទោសពីប្រជាពលរដ្ឋ ទោះបីការសម្ដែងមតិខ្លះ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ខ្លួនក៏ដោយ។
លោក នី សុខា៖ «គួរតែមានការអធ្យាស្រ័យឱ្យបានច្រើន ពីព្រោះថា កុំឱ្យតែការសម្ដែងមតិហ្នឹង វាប៉ះពាល់ទៅបញ្ហាសង្គមធ្ងន់ធ្ងរ ដូចជាមានភាពច្របូកច្របល់ធ្ងន់ធ្ងរ ធ្វើឱ្យមានមហន្តរាយខ្លាំងក្លាដល់សង្គម អាហ្នឹងយើងគិតថា គួរមានវិធានការ។ បើសិនប៉ះពាល់ត្រឹមកិត្តិយសខ្លះ ខ្ញុំគិតថាមនុស្សម្នាក់ៗស្រលាញ់ហើយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ប៉ុន្តែគ្រាន់ថា ក្នុងនាមជាអ្នកដឹកនាំ គ្រាន់តែថា គួរមានការបើកចិត្តឱ្យទូលំទូលាយ»។
គិតចាប់តាំងពីដើមឆ្នាំ២០១៨ មកដល់ខែសីហា ឆ្នាំ២០២៣នេះ មានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សមាជិកសង្គមស៊ីវិល អ្នកសារព័ត៌មាន សកម្មជនដីធ្លី និងពលរដ្ឋបញ្ចេញមតិតាមបណ្ដាញសង្គមសរុប៧៥នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ឃុំឃាំងជាបន្តបន្ទាប់ ខណៈក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិចាត់ទុកថា ជារឿងនយោបាយ និងជាការបង្ក្រាបលើសំឡេងប្រឆាំង។ ការឃុំឃាំងទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាពរបស់ពួកគេ ខណៈពួកគេមួយចំនួនធំ ជាជនបង្គោលសម្រាប់រកប្រាក់ចិញ្ចឹមក្រុមគ្រួសារ ដែលមានទាំងកូនតូច និងឪពុកម្ដាយចាស់ជរាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។