អង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project-WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជាទាបនៅបាតតារាង គឺលេខរៀង ១៣៨ ក្នុងចំណោមប្រទេស ចំនួន ១៣៩ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩។
របាយការណ៍ស្ដីពីសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ ២០២១ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា បង្ហាញថា ក្នុងចំណោមប្រទេសទាំង ១៣៩ គឺមានប្រទេស៣ ដែលអនុវត្តនីតិរដ្ឋបានល្អជាងគេ នៅឆ្នាំនេះគឺ ប្រទេសដាណឺម៉ាក (Denmark) ជាប់លំដាប់លេខរៀងទី ១ បន្ទាប់មក គឺប្រទេស ន័រវែស (Norway) លេខរៀងទី២ និងលេខរៀងទី៣ គឺប្រទេសហ្វាំងឡង់ (Finland)។ ចំណែកប្រទេសចំនួន ៣ ដែលមានពិន្ទុទាបជាងគេបំផុត នៅបាតតារាង រួមមាន ប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) មានលេខរៀង ១៣៩ ប្រទេសកម្ពុជាទទួលបានលេខរៀង១៣៨ និងប្រទេសកុងហ្គោ (Congo) លេខរៀង១៣៧។ ចំណែកប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា វិញ សូម្បីតែមានសង្គ្រាមស៊ីវិលក្នុងស្រុកក៏ដោយ ក៏ចំណាត់ថ្នាក់នីតិរដ្ឋ ទទួលបានលេខ១២៨ គ្រាន់បើជាងនៅកម្ពុជាដែលអះអាងថា ជាប្រទេសមានសុខសន្តិភាព។
ការផ្ដល់ចំណាត់ថ្នាក់នីតិរដ្ឋនេះ គឺធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករ៨ចំណុច រួមមាន ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្តិសុខ ការអនុវត្តបទប្បញ្ញត្តិ យុត្តិធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
សន្ទស្សន៍នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) គឺផ្អែកលើទិន្នន័យប្រចាំឆ្នាំ ដោយការស្ទង់មតិថ្នាក់ជាតិលើក្រុមគ្រួសារជិត ១៤ម៉ឺនគ្រួសារ (១៣៨.០០០) និងអ្នកអនុវត្តច្បាប់ ព្រមទាំងអ្នកជំនាញចំនួន៤ពាន់ ២រយនាក់ (៤.២០០) នៅជុំវិញពិភពលោក។
កាលពីឆ្នាំ២០២០ អង្គការនេះបានចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជានៅលេខរៀងទី១២៧ ដែលជាចំណាត់ថ្នាក់ទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន១២៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។