អាដហុក រកឃើញថា ២ខែដើមឆ្នាំ២០១៣ បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ជួញដូរមនុស្ស និងរំលោភកម្លាំងពលកម្មជាដើម មានជាង ១០០ករណី ដែលបានកើតមានទៅលើកុមារ។
ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ សមាគមអាដហុក ចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់រាជរដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងសិទ្ធិស្ត្រីឲ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅលុបបំបាត់និទ្ទណ្ឌភាព ជាពិសេសបង្កើនកិច្ចការពារ និងទប់ស្កាត់ការរំលោភសិទ្ធិស្ត្រីនៅកម្ពុជា។
បន្ថែមលើនេះ សមាគមអាដហុក បានរៀបចំពិធីជួបជុំស្ត្រី និងកុមារីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ កេងប្រវ័ញ្ចកម្លាំងពលកម្ម ឬរំលោភផ្លូវភេទជាដើម ចំនួន ៧០នាក់ ឲ្យចូលរួមទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០២ នៅទីស្នាក់ការក្រុងភ្នំពេញ។
អនុប្រធានផ្នែកការងារស្ត្រី និងកុមារសមាគមអាដហុក អ្នកស្រី លឹម មុនី មានប្រសាសន៍នៅថ្ងៃទី៧ ខែមីនា ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ សមាគមអាដហុក បានអញ្ជើញស្ត្រី និងកុមាររងគ្រោះ ៥ប្រភេទ មកពីសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ មកទទួលអំណោយសប្បុរស។ ជនរងគ្រោះទាំងនោះមាន បាត់បង់លំនៅឋាន អំពើហិង្សាក្នុងគ្រួសារ រំលោភផ្លូវភេទ ការជួញដូរភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្មស្ត្រីធ្វើការនៅក្រៅប្រទេស។
អ្នកស្រី លឹម មុនី៖ «យើងមានច្បាប់គ្រប់គ្រាន់ក្នុងការការពារស្ត្រី និងកុមារ ហើយយើងមានចុះសន្ធិសញ្ញាផ្តល់សច្ចាប័នជូនអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ដោយឡែកនៅក្នុងប្រទេសកម្ពុជា យើងៗឃើញនៅមានសេសសល់ការរំលោភបំពានទៅលើស្ត្រីនៅតែមានបញ្ហា ដែលយើងទាំងអស់គ្នាព្រួយបារម្ភ នាំគ្នាទប់ស្កាត់ថាតើត្រូវធ្វើរបៀបណាទៀត»។
សេចក្តីថ្លែងការណ៍សមាគមអាដហុក ចុះថ្ងៃទី៧ ខែមីនា បង្ហាញថា អំពើហិង្សាលើស្ត្រី ការរំលោភផ្លូវភេទ ការរំលោភសិទ្ធិស្ត្រី ដូចជាជួញដូរភេទ ជួញដូរកម្លាំងពលកម្ម គឺនៅបន្តកើតមានរាល់ថ្ងៃ។ បញ្ហានេះ យ៉ាងហោចក៏កើតមាន ២ករណីដែរក្នុង១ថ្ងៃ។
ទាក់ទិនបញ្ហានេះ មាតាពលការិនីរងគ្រោះ ដែលត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងកូនៗកំពុងបាត់ខ្លួននៅក្រៅប្រទេស ក៏បានស្នើឲ្យរដ្ឋាភិបាល ត្រូវគ្រប់គ្រងក្រុមហ៊ុននាំពលករចេញក្រៅប្រទេសឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្មមកលើពលករខ្មែរនាថ្ងៃអនាគត៖ «ប្រធានក្រុមហ៊ុនប្រាប់កូនខ្ញុំថា សំណាងហើយបានទៅបិយជីង ឬទៅជប៉ុន ខ្ញុំអត់ដឹងទេ ប៉ុន្តែឮថាមេខ្យល់និយាយអ៊ីចឹង។ ជួយធ្វើម៉េចឲ្យបានកូនមកវិញ បាត់ដំណឹង សុខទុក្ខឲ្យបានមកវិញ ព្រោះបាត់ដំណឹងជាង២ឆ្នាំហើយ។ កូនខ្ញុំទៅជប៉ុន គេវ៉ៃធ្វើបាប គេបានបញ្ជូនមកវិញ ហើយពួកក្រុមហ៊ុនអត់ទាន់ប៉ះបោរ វាយកឯកសារកូនខ្ញុំទុកអស់។ មកដល់ក្រុមហ៊ុន វាវ៉ៃកូនខ្ញុំដើរអត់រួចទេ ដល់ពេលខ្ញុំរករឿងក្រុមហ៊ុន វាឲ្យលុយ ២ដុល្លារមើលជើងកូនខ្ញុំ។ និយាយរួមទៅ កូនខ្ញុំតាំងពីហ្នឹងមក មានសតិអារម្មណ៍មិនសូវដឹងអីទេ»។
បញ្ហានេះ សមាគមអាដហុក បញ្ជាក់ថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៣ មានករណីរំលោភសិទ្ធិស្ត្រី និងកុមារីចំនួន ១២៤ករណី ជាប់ពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួសារ រំលោភផ្លូវភេទ ជួញដូរមនុស្ស និងករណីរំលោភសិទ្ធិពលករចំណាកស្រុកដែលបានប៉ះពាល់ដល់ស្ត្រី និងកុមាររងគ្រោះជិត ៣០០នាក់។ ស្ថានភាពនេះ សមាគមអាដហុក បានចាត់ទុកថា បង្ហាញនូវភាពទន់ខ្សោយនៃការអនុវត្តច្បាប់ និងបញ្ហានិទ្ទណ្ឌភាពនៅតែប្រឈមចំពោះដំណើរការកសាងនីតិរដ្ឋនៅកម្ពុជា ពិសេសច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សា និងច្បាប់គ្រប់គ្រងអាស៊ីតជាដើម។
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៣ ខួបលើកទី១០២ ក្រោមប្រធានបទ "សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍"។
ស្ថាប័ននៃរាជរដ្ឋាភិបាល ក៏បានរៀបចំទិវានេះដូចគ្នាដែរនៅតាមរាជធានីខេត្ត និងក្រុងនានា ទូទាំងប្រទេស និងបានយកឱកាសនេះរំលឹកពីការតស៊ូរបស់ស្ត្រីនៅលើសកលលោក ដើម្បីទាមទារនូវសិទ្ធិសេរីភាពស្មើគ្នា និងឱកាសដូចគ្នាជាមួយបុរសនៅក្នុងសង្គម។ ពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្វាយព្រះពរ និងជូនពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងអ្នកស្រី សៅ ទី ហេង សំរិន នៅក្នុងឱកាសខួបលើកទី១០២ នៃទិវាអន្តរជាតិនារី ឆ្នាំ២០១៣ នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។