ក្រុមយុវជនខកចិត្តចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានប្រើអំណាចបំពានសិទ្ធិសេរីភាព គំរាមកំហែង និងហាមឃាត់ពួកគេមិនឱ្យធ្វើយុទ្ធនាការជិះកង់ផ្សព្វផ្សាយពីសក្ដានុពលកោះកុងក្រៅជាថ្មីទៀត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា។ ពួកគេថា យុទ្ធនាការនេះក្នុងបំណងពញ្ញាក់ស្មារតីពលរដ្ឋខ្មែរឱ្យចូលរួមគ្នាការពារកោះកុងក្រៅ។
ក្រុមយុវជនឱ្យដឹងនៅថ្ងៃទី១៤ ឧសភាថា អាជ្ញាធរក្រុងភ្នំពេញហាក់មានចេតនាលាក់បាំង មិនចង់ឱ្យពួកគេផ្សព្វផ្សាយឱ្យទូលំទូលាយ ពីសក្កានុពលកោះកុងក្រៅដោយបានជាព្យាយាមរារាំង គំរាមកំហែង និងរាយបណ្ដាក់គ្នាដូចខ្យង តាមឃ្លាំមើលពួកគេកំពុងធ្វើយុទ្ធនាការជិះកង់។ យុទ្ធនាការនេះ ក្រុមយុវជន មានគ្នា ៧នាក់ ជិះកង់ ៣គ្រឿង និងម៉ូតូ ២គ្រឿង ធ្វើដំណើរចាប់ពីរង្វង់មូលព្រហ្មមុខបួន ស្ពានជ្រោយចង្វាត្រើយខាងកើត ឆ្ពោះទៅសង្កាត់កោះដាច់ ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ។ ក្រុមយុវជនអះអាងថា អាជ្ញាធរបានដកហូតទង់ជាតិ ថែមទាំងចោទពួកគេថា ជិះកង់គ្មានច្បាប់។
អ្នកចូលរួមធ្វើយុទ្ធនាការ អ្នកនាង ឈឿន ដារ៉ាវី ឱ្យដឹងថា ក្រុមយុវជនជិះកង់ តែ ៣គ្រឿងប៉ុណ្ណោះ បែរជាសមត្ថកិច្ចចម្រុះពង្រាយ ច្រើនស្អេកស្កះមកសួរនាំ និងគំរាមចាប់ខ្លួនទៀតផង ប្រសិនបើពួកគេមិនបំបែកគ្នាទេ។ ដារ៉ាវី បន្ថែមថា សមត្ថកិច្ចខ្លះបាននិយាយខ្លាំងៗ សួរដេញដោល និងចោទពួកគេថា ផ្សព្វផ្សាយមិនសុំច្បាប់អនុញ្ញាត។ ចំណែកក្រុមយុវជន បានអានច្បាប់ស្ដីពីសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ឱ្យសមត្ថកិច្ចទាំងនោះជ្រាប៖ «កង់តែបីគ្នាតែប៉ុន្មាននាក់ ហើយហួសហេតុគាត់លើកគ្នាមក ហើយធ្វើការ សម្លុតគំរាមពួកខ្ញុំហ្នឹង គ្រប់រូបភាព ជិះតាមហែហម ពុំមានអីណា។ និយាយទៅដូចជាដដែលៗ ពួកខ្ញុំធ្វើស៊ាំភ្នែកទៅហើយ មានតែងស្លៀកស៊ីវិល តាមពួកយើង។ រហូតមកដល់កោះដាច់ហ្នឹង មកធ្វើបន្លំអង្គុយជិតពួកយើង ចង់ដឹងពួកយើងយ៉ាងម៉េច ?»។
យុវជនម្នាក់ទៀត គឺលោក សួន ចំរើន ថ្លែងថា សមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើង និងខ្នោះដៃ មានចេតនាបំភិតបំភ័យក្រុមយុវជន ប៉ុន្តែពួកគេមិនរាថយនោះទេ។ លោកបញ្ជាក់ថា លទ្ធផលយុទ្ធនាការនេះ ពួកគេបានផ្សព្វផ្សាយប្រាប់ពលរដ្ឋតាមផ្លូវ និងផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីឱ្យពលរដ្ឋជ្រាបពីសក្ដានុពលកោះក្រុងក្រៅ ក្នុងខេត្តកោះកុង៖ «អាជ្ញាធរហាក់ដូចជា បំពានសិទ្ធិយើងបិទបាំងនូវសេរីភាព ក្នុងការធ្វើសកម្មភាពជិះកង់ ផ្សព្វផ្សាយពីកោះកុងក្រៅ។ សកម្មភាពពួកគាត់ ធ្វើឱ្យយើងភិតភ័យមែន ប៉ុន្តែពួកយើងមានស្មារតីតស៊ូ ដោយពួកយើងមានឆន្ទៈ និងគោលដៅច្បាស់លាស់ថា យើងធ្វើនេះគឺ អត់ខុសច្បាប់ទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត អ្នកនាំពាក្យសាលាក្រុង លោក ម៉េត មាសភក្តី ស្នងការរាជធានីភ្នំពេញ លោក ស ថេត អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប៉ុន្តែពួកលោកមិនទទួលទូរស័ព្ទ និងខ្លះទៀតចុចផ្ដាច់ទូរស័ព្ទ នៅថ្ងៃទី១៤ មិថុនា។
ក្នុងយុទ្ធនាការផ្សព្វផ្សាយពីកោះកុងក្រៅនោះ ក្រុមយុវជនបានសរសេរបដាបង្ហាញទស្សនថា កោះកុងក្រៅជារបស់យើងទាំងអស់គ្នា ខ្ញុំស្រឡាញ់កោះកុងក្រៅ យើងរួមគ្នាថែរក្សាកោះកុងក្រៅ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការរារាំងនេះ ជាការរឹតត្បិតសិទ្ធិសេរីភាព ពលរដ្ឋស្នេហាបរិស្ថាន និងផ្សព្វផ្សាយពីសក្ដានុពលកោះកុងក្រៅ។ លោកបញ្ជាក់ថា សកម្មភាពរបស់ក្រុមយុវជន គ្រាន់ជាការផ្សព្វផ្សាយឱ្យពលរដ្ឋស្គាល់ពីតម្លៃកោះកុងក្រៅ ពុំមែនជាទង្វើខុសច្បាប់នោះទេ៖ «វាអត់មានពាក់ព័ន្ធបទល្មើស និងខុសអីហ្នឹងច្បាប់ទេ ហើយការជិះកង់ទៀតសោត បើគាត់ជិះតែ ២ទៅ ៣នាក់ វាអត់មានអីទេ។ ខ្ញុំគិតថា នេះមកពីអាជ្ញាធរហ្នឹងគាត់ព្រួយបារម្ភ ហើយខ្លាចហួសហេតុពេក។ កុំឱ្យតែបដាហ្នឹងវាពាក់ព័ន្ធ ការញុះញង់ និងពាក់ព័ន្ធបទល្មើសអី តែបដាគ្រាន់តែថា ស្រឡាញ់កោះកុង រួមគ្នា ថែរក្សាកោះកុងក្រៅ វាអត់មានអីដែលថា ខុសច្បាប់ផង»។
ក្រុមយុវជនបន្ថែមថា អាជ្ញាធរមិនបានដកហូតកង់របស់ពួកគេទេ ប៉ុន្តែសមត្ថកិច្ចស្លៀកពាក់ស៊ីវិល តាមដានពួកគេគ្រប់សកម្មភាព រហូតដល់ពួកគេធ្វើដំណើរដល់គោលដៅ និងត្រឡប់ទៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែលនេះ។
កោះកុងក្រៅ មានទំហំ ១០៣គីឡូម៉ែត្រក្រឡា ឈរកណ្ដាលសមុទ្រ មានចម្ងាយ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ក្រុមយុវជនថា កោះនេះមានសក្ដានុពលធនធានធម្មជាតិសំបូរបែបដូចជា ព្រៃឈើ ទឹកជ្រោះ ជ្រលងភ្នំ ឆ្នេរខ្សាច់ស្រស់ស្អាត និងគ្របដណ្ដប់លើរុក្ខាជាតិចម្រុះពណ៌ ថែមទាំងមានសត្វព្រៃកម្ររស់នៅផងដែរ។ បច្ចុប្បន្នកោះនេះ មានពលរដ្ឋប្រមាណ ៦០គ្រួសារ រស់នៅតាមបណ្ដោយឆ្នេរ ហើយពលរដ្ឋទាំងនោះ ភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ។
នេះជាយុទ្ធនាការជិះកង់ផ្សព្វផ្សាយពីកោះកុងក្រៅលើកទី២ របស់ក្រុមយុវជនការពារបរិស្ថាននេះ បន្ទាប់ពីយុទ្ធនាការជិះកង់លើកទី១ ពីខេត្តកោះកុង មករាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។