ប្រតិបត្តិការ​ក្ដៅ​បង្ក្រាប​បទ​ល្មើស​នេសាទ

សម្រាស់ និង​សំណង់​នេសាទ​កាត់​ទទឹង​បឹង​ទន្លេសាប​ជា​ច្រើន​កន្លែង ត្រូវ​បាន​រុះរើ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លង​មក​នេះ។
ដោយ សុខ សេរី
2011.06.06
Share on WhatsApp
Share on WhatsApp

អាជ្ញាធរ​បឹង​ទន្លេសាប​ប្រទេស​កម្ពុជា​កំពុង​តែ​បន្ត​ការ​រុះរើ​សម្រាស់​ចំនួន​ជាង ២០​កន្លែង នៅ​ក្នុង​បឹង​ទន្លេ​សាប នៅ​ស្រុក​ស្ទង់ ខេត្ត​កំពង់ធំ និង​បន្ត​ការ​រុះ​រើ​សម្រាស់​នៅ​ក្នុង​ឡូ​នេសាទ​លេខ​៤ នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១១ ដោយ​ប្រើ​ប្រាស់​កម្លាំង​អន្តរាគមន៍​ជាង ១០០​នាក់ និង​សាឡង់​ជា​ច្រើន​គ្រឿង ប៉ុន្តែ​គេ​នៅ​មិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​មួយ​នៅ​ឡើយ​ទេ គឺ​ការ​ស៊ើប​អង្កេត និង​ចាប់​ផ្ដើម​ជា​ក្រោយ ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស។

ប្រតិបត្តិការ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​គ្រា​ដែល​ឱសានវាទ​រយៈ​ពេល ១៥​ថ្ងៃ បាន​ឈាន​ដល់​ទី​បញ្ចប់​នា​ពេល​ថ្មីៗ នេះ។ ការ​រុះរើ​សម្រាស់​កំពុង​តែ​បន្ត​នៅ​ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ជា​គោល​ដៅ​សំខាន់។

អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​បឹង​ទន្លេ​សាប​កម្ពុជា លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១១ ថា​មាន​ឧបសគ្គ​មួយ​ចំនួន គឺ​សាឡង់​មិន​អាច​ចូល​ដល់​គោល​ដៅ​ក៏​ដោយ ដោយ​សារ​ទឹក​រាក់។ លោក​បន្ត​ថា ៖ "នេះ​គឺ​ជា​វិធានការណ៍​ដើម្បី​និរន្តរភាព​នៃ​បឹង​ទន្លេ​សាប​របស់​យើង។ មិន​មែន​តែ​ធន​ធាន​ជលផល​ទេ គឺ​បញ្ហា​គោក​រាក់ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​បឹង​ទន្លេ​សាប ក៏​ដូច​ជា​បញ្ហា​ព្រៃ​លិច​ទឹក។ អ៊ីចឹង​សម្រាស់​ហ្នឹង អត់​យក​ពី​ណា​មក​ទេ គឺ​កាប់​ព្រៃ​លិច​ទឹក​ទៅ​ធ្វើ​សម្រាស់"

លោក​បាន​មាន​ប្រសាសន៍​ថា ខេត្ត​កំពង់​ឆ្នាំង​បាន​ធូរ​ស្រាល​ហើយ។ នៅ​ខេត្ត​ពោធិ៍សាត់ គេ​បាន​រុះរើ​សម្រាស់​បាន​ចំនួន ១៣​កន្លែង។ អាជ្ញាធរ​បឹង​ទន្លេ​សាប​កំពុង​តែ​បន្ត​ការ​រុះរើ​សម្រាស់​នៅ​បឹង​ទន្លេ​សាប នៅ​ក្នុង​ខេត្ត​សៀមរាប។ គេ​បាន​ប៉ាន់​ស្មាន​ថា មាន​សម្រាស់​នៅ​សល់​ចំនួន​រវាង ៥០​កន្លែង ទៅ​៦០​កន្លែង​ទៀត។

តំណាង​ប្រជា​នេសាទ​នៅ​បឹង​ទន្លេ​សាប លោក កែ សុធី បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​ចំពោះ​ប្រតិបត្តិការ​ក្ដៅ​បែប​នេះ ៖ "ធ្វើ​ម៉េច ធ្វើ​ឲ្យ​អស់​ជា​បន្ទាន់ ព្រោះ​ថា​ឥឡូវ​នេះ បើ​យើង​ពិនិត្យ​បទ​ល្មើស​នៅ​តាម​សហគមន៍​អត់​មាន​ទេ។ បើ​សិន​ជា​មាន​ដូច​ជា​សម្រាស់​តូច​តាច​ជា​លក្ខណៈ​គ្រួសារ​ទេ។ ប៉ុន្តែ​សំខាន់ មាន​ផែន​ការ​ប៉ុណ្ណេះ​ហើយ គឺ​ថា​អនុវត្ត​ឲ្យ​ខាង​តែ​បាន ជា​សំខាន់​គឺ​បទ​ល្មើស​នៅ​ទន្លេ​សាប"

ប្រតិបត្តិការ​នេះ​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក លឹម គាន​ហោ និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេ​សាប ប្រទេស​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម គឺ​ផ្អែក​លើ​បទ​បញ្ជា​លេខ​១ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១។

ប្រតិបត្តិការ​នេះ​កំពុង​តែ​អនុវត្ត​នៅ​គ្រា​ដែល​រដ្ឋបាល​ជលផល​ប្រទេស​កម្ពុជា​បាន​ប្រកាស​រដូវ​បិត​នេសាទ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១១ ដល់​ខែ​កញ្ញា ឬ​ខែ​តុលា ឆ្នាំ​២០១១។

ប្រធាន​អាជ្ញាធរ​បឹង​ទន្លេ​សាប លោក លឹម គាន​ហោ បាន​ព្រមាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បឹង​ទន្លេ​សាប​ប្រឈម​មុខ​និង​ការ​គោក​រាក់​អស់​មច្ឆាជាតិ នៅ​ក្នុង​រយៈ​ពេល ២​ឬ​៣ ឆ្នាំ​ខាង​មុខ​នេះ និង​ខូច​ប្រព័ន្ធ​ជីវៈ​ចម្រុះ នៅ​បឹង​ទន្លេ​សាប បើ​សិន​ណា​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ភ្លាមៗ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។