ពលករខ្មែរទាំង ២៤នាក់ បានចាញ់បោកមេខ្យល់ពីប្រទេសថៃ នាំឲ្យទៅធ្វើការជាអ្នកនេសាទនៅឯដែនសមុទ្រ ប៉ុន្តែទូកនេសាទនោះបានចូលក្នុងដែនទឹករបស់កោះម៉ូរីសទីស។ អាជ្ញាធរនៃកោះម៉ូរីសទីស បានចាប់ឃាត់នាវានេសាទថៃនោះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១។
មន្ត្រីអ្នកនាំពាក្យនៃក្រសួងការបរទេសនៃរដ្ឋាភិបាលកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីថ្ងៃទី៣ ខែវិច្ឆិកា នេះថា ពលករខ្មែរទាំងអស់នោះមានសុវត្ថិភាពល្អទេ៖ «រដ្ឋាភិបាលម៉ូរីតានី បានឃាត់នាវាហ្នឹងពីបទចូលដែនទឹកគេខុសច្បាប់ ក្នុងនោះមានពលរដ្ឋកម្ពុជា រងគ្រោះនៃការចាញ់បោកបញ្ឆោតមេខ្យល់ហ្នឹងធ្វើការ នៅទីនោះលើទូកនាវាហ្នឹងចំនួន ២៤នាក់។ ពេលដែលបានដឹកព័ត៌មានភ្លាមក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិកម្ពុជាយើង បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃបរទេសម៉ូរីតានី ដោយសហការយ៉ាងល្អជាមួយអង្គការអាយអូអឹម (IOM)»។
នៅក្នុងចំណោមពលករខ្មែរទាំង ២៤នាក់ គឺមាន ២២នាក់មកពីខេត្តឧត្តរមានជ័យ និង ២នាក់ទៀតមកពីខេត្តសៀមរាប៕