ពលរដ្ឋនៅក្រចេះបារម្ភបាត់បង់លំនៅឋាន
2011.06.09
ប្រជាពលរដ្ឋនៅភូមិត្បូងខ្លាឧបសម្ពន្ធ ភូមិអូរកណ្តៀ ឃុំអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ កំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ដីលំនៅឋានបន្ទាប់ពីបានទទួលដីដែលបែងចែកឲ្យដោយអាជ្ញាធរភូមិ ឃុំ ជាយូរមកហើយ ស្រាប់តែឥឡូវម្ចាស់ដីគេមកទាមទារវិញ និងចាត់ទុកថា ការរស់នៅលើដីនោះគឺខុសច្បាប់។
ប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថា ពួកគេប្រមាណជា ១៥គ្រួសារ បានទៅសង់ផ្ទះនៅទីនោះ ដោយបង់សេវាជូនអ្នករៀបចំវាស់វែងដែលបានអះអាងថា ម្ចាស់ដើមដែលកាន់កាប់ដីទាំងនោះ ត្រូវបានអាជ្ញាធរឃុំបានចេញលិខិតចាត់ទុកជានិរាករណ៍ កាលពីឆ្នាំ២០១០។
លោក សុ ជាតិ ដែលបានទៅរស់នៅក្រោយពីការចាត់ទុកជានិរាករណ៍មក បានជម្រាបកាលពីថ្ងៃទី៩ មិថុនា ថាក្រោយពីចាត់ទុកដីនោះជានិរាករណ៍ពីម្ចាស់ដើមមក អាជ្ញាធរឃុំបានទុកដីនោះសម្រាប់អភិវឌ្ឍន៍ជូនយោធិនកាត់រំសាយ តែបើប្រជាពលរដ្ឋទៅនៅគេនឹងរៀបចំជូន ៖ "អ្នកមានឯកជនដែលទិញដីកាងទុកចោល គេមកតវ៉ាយកដីវិញដល់ទៅភូមិឃុំគេ អត់ទទួលខុសត្រូវពីប្រជាពលរដ្ឋដែលរស់នៅក្នុងដីហ្នឹង ដែលយើងបានបង់ប្រាក់ឲ្យគេហើយរស់នៅចំនួនពីរឆ្នាំហើយ ដែលភូមិឃុំគេថាព្រមផ្ដិតមេដៃឲ្យគេវិញទៅអ្នកខ្លះក៏គេមិនព្រម"។
ប្រជាពលរដ្ឋមានជំនឿទៅលើអាជ្ញាធរដែលអះអាងថា បើប្រជាពលរដ្ឋមកធ្វើផ្ទះនៅដីនោះគឺបាន បើមិនធ្វើផ្ទះនៅ បើគេមកយកវិញ ប្រយ័ត្នបានគេ ហេតុនេះហើយបានជាប្រជាពលរដ្ឋព្រមបង់ចំណាយសេវាជូនអ្នកវាស់វែង និងមេភូមិក្នុងម្នាក់មានពី ២០០ដុល្លារក៏មាន។ លោក សុ ខា និងប្រជាពលរដ្ឋនៅទីនោះបានអះអាងដូចៗគ្នាក្នុងការបង់សេវាជូនអាជ្ញាធរនៅទីនោះដោយថា នេះជាកលល្បិចរបស់អាជ្ញាធរ ៖ "អាជ្ញាធរភូមិឃុំគេគន្លាក់រកលុយប្រជាជនមកធ្វើផ្ទះមែន តាមសំដីមេបក្ស និងក្រុម តា ហេង និងក្រុម តា រេន ហើយ កែវ ស៊ីថា ហ្នឹងប្រធានបក្សផង មេភូមិផងមានសិទ្ធិស៊ីញេដីធ្លីលក់ទាំងអស់គ្នា"។
លោក កែវ ស៊ីថា ជាមន្ត្រីបក្ស និងជាប្រធានភូមិនៅទីនោះ ដែលត្រូវបានចោទប្រកាន់បានបញ្ជាក់ពីការកាន់កាប់របស់ឈ្មួញពីមុនថា ក្នុងការចេញលិខិតនិរាករណ៍ដោយសារឈ្មួញនោះបានបោះបង់ចោលដីនោះ ពីប្រាំទៅប្រាំមួយឆ្នាំមកហើយ លោកថា បើតាមច្បាប់ដីសម្បទានភោគៈឯកជនរបស់រដ្ឋវិញ វាបានតែរយៈកាលបីឆ្នាំទេ ដីដែលកាប់ហើយមិនប្រើប្រាស់ជាដីរបស់រដ្ឋហើយ ៖ "បើនិយាយគេមិនស្ដាប់មានតែបញ្ជូនគេទៅខាងលើទៅតុលាការតែម្ដង បើតុលាការគេថាអាចដោះស្រាយបាន គេដោះស្រាយទៅ"។
លោក កែវ ស៊ីថា បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថាមានការតម្រូវឲ្យបង់សេវាជាប្រាក់ ដើម្បីបានដីទាំងនោះ ៖ "ខ្ញុំឮដែរថា បង់ឲ្យ តា ហេង ដប់បួនដប់ប្រាំម៉ឺន ម្ភៃម៉ឺនអីលុយចាប់ពី ១០០ដុល្លារទៅ២០០ដុល្លារ មានកិច្ចសន្យាមួយ ហើយបើគ្មានកិច្ចសន្យានេះជាការចោទប្រកាន់"។
មានប្រជាពលរដ្ឋខ្លះបានអះអាងថា ខ្លួនបានបង់ដល់ទៅ ៩០០ដុល្លារក៏មាន ប៉ុន្តែពុំមានអាជ្ញាធរណាម្នាក់បានចុះហត្ថលេខាទទួល និងប្រគល់ជូនឡើយ។ ប្រជាពលរដ្ឋទាំងនោះសុំឲ្យតែមានការជួយអន្តរាគមន៍ដីដែលក្នុងមួយគ្រួសារបានទទួលក្បាល ៥០ម៉ែត្រ ទៅ១០០ម៉ែត្រ បណ្ដោយប្រមាណ ៧០០ម៉ែត្រ បានធ្វើលំនៅឋាន និងដាំដុះដូចពលរដ្ឋដទៃ បើពុំដូច្នោះពួកគេនឹងសុំអន្តរាគមន៍ទៅថ្នាក់លើទៀត៕