សាលាក្ដី​ខ្មែរក្រហម​បើកសវនាការ​ពិនិត្យ​មើល​សំណុំ​លោក មាស មុត អតីត​មេដឹកនាំ​ខ្មែរក្រហម

0:00 / 0:00

អង្គបុរជំនុំ​ជម្រះ​នៃ​សាលា​ក្តី​ខ្មែរក្រហម បើកសវនាការ​រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា​នៃ​សំណុំរឿង​០០៣ ប្រឆាំង​លោក មាស មុត អតីត​មេដឹកនាំ​ខ្មែរក្រហម។

សវនាការ​ថ្ងៃ​ទី​១ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សាធារណៈ ពិនិត្យមើល​អង្គហេតុ​ពាក់ព័ន្ធ​នានា និង​ប្រវត្តិ​នីតិវិធី​នៃ​សំណុំរឿង​០០៣ ព្រមទាំង​សេចក្ដី​លំអិត​នៃ​បណ្ដឹង​ឧទ្ធរណ៍។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ខ្វែង​យោបល់​គ្នា រឿង​កាត់ទោស ឬ​មិន​កាត់ទោស អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត។ ការ​ខ្វែង​យោបល់​គ្នា​នេះ តម្រូវ​ឱ្យ​ខាង​ចៅក្រម​ខាង​ភាគី​ជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ ចំណែក​ឯ​ចៅក្រម​ខាង​ភាគី​អន្តរជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដាច់ដោយឡែក ដោយមាន​សម្អាង​ហេតុ​រៀងៗ​ខ្លួន។

ខាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​សម្អាង​ថា លោក មាស មុត មិន​ស្ថិតក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលាក្តី​ខ្មែរក្រហម​នេះ​ទេ​។ មានន័យថា​លោក មាស មុត មិនមែន​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ឬ ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ យល់​ផ្សេង​ពី​នេះ ដោយ​លើក​ហេតុផល​ថា​លោក មាស មុត ដែល​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ពិតជា​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​នេះ ដោយសារ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា លោក មាស មុត ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរក្រហម​។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បន្ត​ថា ភស្តុតាង​ទាំងនេះ​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​លោក មាស មុត និង​បញ្ជូន​ទៅ​កាត់ទោស ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង អំពើ​មនុស្សឃាត​គិតទុក​ជាមុន យោង​តាម​ច្បាប់​កម្ពុជា។

ដីកា​ដំណោះស្រាយ ដែល​ដាច់ដោយឡែក​ពី​គ្នា​នេះ គឺជា​សេចក្តី​សម្រេច​ចុងក្រោយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ពេល​បញ្ចប់​ដំណើរការ​ស៊ើបសួរ ដែល​អាច​ជា​ដីកា​លើកលែង​ការ​ចោទប្រកាន់ ឬ ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​។ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្រេច​យក​ដីកា​លើកលែង​ការចោទប្រកាន់ ចំពោះ​លោក មាស មុត ប៉ុន្តែ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រេច​យក​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

ការ​ខ្វែង​យោបល់​គ្នា​នេះ នឹង​ត្រូវ​សម្រេច​ដោយ​អង្គ​បុរេជំនុំ​ជម្រះ ដែល​ជា​ស្ថាប័ន​សាលាឧទ្ធរណ៍​មួយ ដើម្បី​ដោះស្រាយ​លើ​បណ្ដឹង​នេះ​។ ក្រោយ​សម្រេច​សេចក្ដី​លើ​ការ​ខ្វែង​យោបល់​គ្នា​រួច អង្គ​បុរេ​ជំនុំ​ជម្រះ នឹង​ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដែរ ថា​តើ​បញ្ជូន ឬ​មិន​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំជម្រះ​បន្ត​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរក្រហម​អោយ​ដឹង​ថា អង្គ​បុរេ​ជំនុំជម្រះ​នឹង​បន្ត​សវនាការ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី​២៩ វិច្ឆិកា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។