ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នេះ គឺមានរយៈពេល ៤១ឆ្នាំហើយក្រោយពេលដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់របបមួយដែលរងទុក្ខវេទនា និងនិរាសព្រាត់ប្រាសគ្រួសារ។ នោះ គឺជារបបខ្មែរក្រហមដែលចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ អ្នកធ្លាប់ឆ្លងកាត់របបនេះ នៅតែចងចាំមិនភ្លេចអំពីទុក្ខលំបាកវេទនានៅពេលនោះ។
ពលរដ្ឋខ្មែរនៅចាំបានថា វេលាម៉ោង ៩កន្លះព្រឹកនៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលកងទ័ពខ្មែរក្រហម សម្រុកចូលទីក្រុងភ្នំពេញ ហើយស្រែកជយឃោសថា ជាជ័យជម្នះដ៏ធំធេងរបស់ពួកគេលើកងទ័ពសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។
ចម្រៀង៖ « ១៧ មេសា កម្ពុជា រំដោះ សម្រែកជយឃោស កក្រើកមេឃា ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លាកិត្តិយសចាំងចែង។ ទំព័រខ្ញុំគេត្រូវបិទជាអវសាន បងប្អូនគ្រប់ប្រាណ ធ្វើម្ចាស់ខ្លួនឯង ទិដ្ឋភាពកម្ពុជា ចោលឆ្ងាយក្រៃលែង មិត្តយើងស្ញប់ស្ញែងពាសពេញក្នុងលោក »។
អ្នកទីក្រុងភ្នំពេញដែលរស់នៅដោយភាពច្របូកច្របល់ និងចង្អៀតណែនដោយជនភៀសខ្លួនដែលគេចពីសង្គ្រាម និងពីការទម្លាក់គ្រាប់បែកនៅតាមជនបទ ហាក់បានធូរស្បើយ ព្រោះបានឮពួកខ្មែរក្រហមប្រកាសថាសង្គ្រាមចប់ហើយ។
កងទ័ពខ្មែរក្រហម មានសម្លៀកបំពាក់ខ្មៅចាស់ៗ ដែលបក្សកុម្មុយនិស្តកម្ពុជា ហៅថាជាកម្លាំងវណ្ណៈកសិករ ចូលមកទីក្រុងភ្នំពេញពីគ្រប់ច្រកល្ហក។
អ្នកភ្នំពេញមួយរូប លោកស្រី ហួយ សុខគីម រំឭកថា ពួកខ្មែរក្រហមធ្វើដំណើរតាមរថយន្ត ហើយស្រែកជយឃោស និងបញ្ជាឲ្យទាហានរបប លន់ នល់ ទម្លាក់អាវុធចុះ៖ « កាលហ្នឹងឮគេថាមកតាំងពេលព្រឹកឯណោះ ប៉ុន្តែមកដល់ផ្ទះខ្ញុំ ម៉ោង ៩ ម៉ោង ១០ ហើយ។ មុនដំបូងឃើញឡានពួកខ្មែរក្រហមវាជិះតាមមុខហ្នឹង វាស្រែកតាមមេក្រូថា អ្នកណាធ្វើទាហានធ្វើអី មានប្រដាប់ប្រដាអីពាក់ព័ន្ធជាមួយទាហាន យកមកដាក់កណ្ដាលថ្នល់ ដូចថាមានអាវុធ មានកាំភ្លើងអីអ៊ីចឹងណា ព្រោះស្រុកយើងសន្តិភាពហើយ អត់មានត្រូវការឲ្យត្រូវការមានអាវុធអីនៅតាមផ្ទះទេ »។
អតីតថៅកែស៊ីក្លូនៅក្រុងភ្នំពេញមួយរូប គឺលោកស្រី អ៊ុន វួចឆែ រំឭកឡើងវិញថា គ្រួសាររបស់លោកស្រី និងប្រជាពលរដ្ឋផ្សេងៗទៀត នាំគ្នាអបអរជាមួយកងទ័ពខ្មែរក្រហម ដែលកំពុងធ្វើដំណើរចូលមកភ្នំពេញនោះ។ លោកស្រី វួចឆែ ថ្លែងបន្តថា ការអបអរនោះមិនបានប៉ុន្មានម៉ោងផង កងទ័ពខ្មែរក្រហមចាប់ផ្ដើមជម្លៀសចេញពីទីក្រុង៖ « គ្រួសារខ្ញុំទៅផ្សារដើមគ ទៅអបអរសាទរគេ ខ្មែរក្រហមហ្នឹង។ ទៅដល់ផ្សារដើមគ គេដេញមកវិញ។ គេថាទៅផ្ទះទៅប្រយ័ត្នបែកគ្រួសារ ហើយគ្រាន់តែមកដល់ផ្ទះ គេដេញពីផ្ទះបណ្ដោយ »។
លោកស្រី ហួយ សុខគីម និងលោកស្រី អ៊ុន វួចឆែ រៀបរាប់ដូចគ្នាថា ព្រឹត្តិការណ៍នៃការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញនៅពេលនោះ គឺជាការជម្លៀសដោយបង្ខំ៖ « ដេញសុទ្ធតែកាំភ្លើងភ្ជង់ ដេញឲ្យចេញ តែមិនចេញគេបាញ់ចោលតែម្ដង។ មុនដំបូង ឪពុកខ្ញុំគាត់ថា គាត់អត់ចេញទេ។ គាត់សម្ងំនៅក្នុងផ្ទះហ្នឹង ហើយដល់ឮសូរវាគំរាមគេថា ឲ្យតែមិនចេញពីក្នុងផ្ទះ វាឃើញ វាបាញ់ចោលមួយផ្ទះៗ។ ដល់អ៊ីចឹង ក៏នាំគ្នាចេញ។ លោកស្រី អ៊ុន វួចឆែ៖ ម្ដុំក្បាលថ្នល់ ពួកទ័ពខ្មែរក្រហមឃើញម្នាក់នោះជិះកង់ ហើយវាស្រែកថា ឲ្យត្រឡប់ក្រោយ។ ដល់អ្នកជិះកង់នោះអត់ត្រឡប់ក្រោយ វាបាញ់ភ្លាមដួលប្រូស ឃើញនៅជាក់ស្ដែងតែម្ដង »។

ដើមបណ្ដឹងរដ្ឋប្បវេណីនៅសាលាក្ដីខ្មែរក្រហមមួយរូប គឺលោកស្រី ស៊ូ សុធាវី ថ្លែងថា ពួកយោធាខ្មែរក្រហម បានបាញ់សម្លាប់មនុស្សនៅពេលដែលគេចូលទៅដល់កន្លែងលោកស្រីនៅស្តាតអូឡាំពិក៖ « ប្រើកាំភ្លើងមកភ្ជង់លើក្បាលពួកខ្ញុំទាំងមើលងាយមើលថោក ហើយមិនឲ្យពួកយើងខ្ញុំរៀបចំអីវ៉ាន់ស្រួលបួលចេញដំណើរទេ។ ពេលនោះ ពួកវាបានមកដល់បន្ទប់ពួកយើងខ្ញុំ ហើយបាញ់រះដល់បន្ទប់ ដែលខ្ញុំរស់នៅជាមួយមិត្តភ័ក្ដិខ្ញុំផ្សេងទៀត ហើយមិត្តភ័ក្ដិខ្ញុំទាំងបួននោះបានស្លាប់ ឈ្មោះ សារ៉ាយ ឈ្មោះ ឌី រដ្ឋា និងផល្លា។ ខ្ញុំមានការភិតភ័យយ៉ាងខ្លាំងនៅពេលនោះ ព្រោះខ្ញុំឃើញផ្ទាល់នឹងភ្នែករបស់ខ្ញុំ »។
សាក្សីជាច្រើនទៀតបានរៀបរាប់អំពីការឃើញពួកខ្មែរក្រហម ប្រព្រឹត្តអំពើឃោរឃៅនៅតាមផ្លូវដែលពលរដ្ឋត្រូវធ្វើដំណើរចេញពីទីក្រុងនោះ។ សាក្សីទាំងនេះ នៅតែនឹកឃើញថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាការចាប់ផ្ដើមនៃការឈឺចាប់ខ្លោចផ្សា ព្រោះពួកគាត់ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម រហូតដល់ឆ្នាំ១៩៧៩។
លោកស្រី ហួយ សុខគីម ថ្លែងថា ថ្វីបើពេលនេះមានរយៈពេល ៤១ឆ្នាំហើយក្ដី ក៏លោកស្រីមិនអាចភ្លេចគ្រាដែលលំបាកនោះបានទេ ព្រោះលោកស្រីបានបាត់បង់សមាជិកគ្រួសារផ្ទាល់ចំនួន ៧នាក់។ រហូតមកដល់ពេលនេះ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលនៅរស់ មិនបានទទួលខុសត្រូវចំពោះការជម្លៀសពលរដ្ឋចេញពីទីក្រុងនោះទេ។ លោក នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា ការពារការជម្លៀសនោះជាការត្រឹមត្រូវ ដោយហេតុផលខ្លាចអាមេរិក ទម្លាក់គ្រាប់បែក ហើយហេតុផលទីពីរ នៅទីក្រុងភ្នំពេញខ្វះស្បៀង៖ « ខ្ញុំគិតថា ខ្ញុំគួរតែត្រូវបានផ្ដល់ឱកាសពន្យល់ទៅប្រជាជនកម្ពុជា ថា ការជម្លៀសប្រជាជនចេញពីភ្នំពេញ គឺពិតជាត្រឹមត្រូវ និងជាការចាំបាច់ទៅតាមច្បាប់អន្តរជាតិ »។
ចំណែកឯអតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដែលលោកក៏ជាអ្នកសេដ្ឋកិច្ចផង ថ្លែងថា លោកមិនដឹងអ្វីទេនៅក្នុងរបបនោះ៖ « ពីរឿងកាប់សម្លាប់អីនេះ ខ្ញុំក៏មិនយល់ដែរ។ ខ្ញុំមិនចង់ឲ្យកើតរឿងរ៉ាវដ៏មហន្តរាយយ៉ាងនេះដែរ ហើយខ្ញុំក៏គ្មានសិទ្ធិអំណាចអីទៅទប់ទល់មិនឲ្យកើតមានក៏លំបាក ព្រោះខ្ញុំគ្មានសិទ្ធិអីទាំងអស់ »។
របបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានធ្វើឲ្យពលរដ្ឋកម្ពុជា ជិត ២លាននាក់ស្លាប់ ដោយសារតែធ្វើការងារបាក់កម្លាំង អត់អាហារ និងគ្មានថ្នាំព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។