ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស ច្រាន​ចោល​បណ្ដឹង​លោក ខៀវ សំផន ដែល​ប្ដឹង​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល

ដោយ មួង ណារ៉េត
2020-07-15
Share
ខៀវ សំផន ៨៥៥ ២០១៦ ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo courtesy of ECCC

ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិសេស នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​លោក ខៀវ សំផន ដែល​ប្តឹង​ចោទ​ប្រកាន់​ចៅក្រម​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ទាំង ៦រូប​ថា លម្អៀង​ក្នុង​ការ​សម្រេច​សេចក្ដី ក្នុង​សំណុំរឿង ០០២/១ (វគ្គ ១)។

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ពិសេស ដែល​មាន​សមាជិក ៧រូប ដែល​សុទ្ធតែ​ជា​ចៅក្រម​នៅ​អង្គ​បុរេ​ជំនុំជម្រះ ថា ខ្លួន​រក​មិន​ឃើញ មូលហេតុ​គ្រប់គ្រាន់ អំពី​ភាព​លម្អៀង​របស់​ចៅក្រម​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ក្នុង​ការ​សម្រេច​សេចក្ដី ក្នុង​សំណុំរឿង​លោក ខៀវ សំផន នោះ​ទេ។

សហ​មេធាវី​លោក ខៀវ សំផន បាន​ដាក់​ពាក្យ​ប្ដឹង​នេះ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០១៩ ដោយ​ស្នើ​ឲ្យ​ដក​ចៅក្រម​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ទាំង ៦រូប​នោះ​ចេញ ព្រោះ​ពួក​គាត់​ចោទ​ថា លម្អៀង​ក្នុង​សាលដីកា​លើ​សំណុំរឿង ០០២/(វគ្គ ១) ដែល​សម្រេច​ខុស​នីតិវិធី ព្រោះ​សម្រេច​ជា​មុន​លើ​បណ្ដឹង​សាទុក្ខ​លើ​សំណុំរឿង ០០២/(វគ្គ ២)។ មេធាវី​លោក ខៀវ សំផន ក៏​បាន​ស្នើសុំ​ឲ្យ​បើក​សវនាការ​ដេញដោល​គ្នា​ជា​សាធារណៈ ដើម្បី​ដោះ​ស្រាយ​បណ្ដឹង​នេះ។

សំណើសុំ​ឲ្យ​បើក​សវនាការ​ដោះស្រាយ​បណ្ដឹង​នេះ ក៏​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ពិសេស បដិសេធ​ចោល​ដែរ។

លោក ខៀវ សំផន ដែល​ជា​អតីត​គណៈ​ប្រធាន​រដ្ឋ នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម រក​ឃើញ​ថា​មាន​ពិរុទ្ធ ជា​ច្រើន​បទ​ល្មើស រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​បាន​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល