របបកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហម ត្រូវបានបញ្ចប់ជាង ៤ទសវត្សទៅហើយ។ របបនេះ បានបន្សល់ទុកនូវសោកនាដកម្មធំធេងដល់ប្រជាជាតិខ្មែរ និងកេរដំណែលប្រវត្តិសាស្ត្រ ដែលគ្មានខ្មែរណាម្នាក់អាចបំភ្លេចចោលបាននោះឡើយ។ តើមេរៀនសំខាន់ៗ អ្វីខ្លះ ដែលកម្ពុជាគួររៀនសូត្រ ដើម្បីចៀសវាងកុំឲ្យរបបនេះវិលត្រឡប់មកកើតមានឡើងសាជាថ្មីក្នុងសង្គមខ្មែរសព្វថ្ងៃ និងនាពេលអនាគតនោះ?
អ្នកដែលបានហែលឆ្លងកាត់របបខ្មែរក្រហម យល់ឃើញផ្សេងៗ គ្នាជុំវិញរឿងរ៉ាវ និងហេតុផលផ្សេងៗ ដែលបានជំរុញឲ្យរបបនេះ អាចឡើងមកកាន់អំណាចបាន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក៏ប៉ុន្តែ អ្វីដែលពួកគេយល់ស្របគ្នានោះគឺ គ្មានខ្មែរណាម្នាក់ចង់ឃើញរបបដូចគ្នានេះវិលត្រឡប់មកគ្រប់គ្រង និងលងបន្លាចកម្ពុជាសាជាថ្មីឡើងវិញនោះឡើយ។
លោក កែវ ឌួង អ្នកនិពន្ធកម្មវិធីតាមទូរស័ព្ទដៃ អំពីប្រវត្តិសាស្ត្រខ្មែរក្រហម នៃមជ្ឈមណ្ឌលបុប្ផាណា ថ្លែងក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅថ្ងៃទី១៦ មេសាថា មេរៀនសំខាន់ៗ ចំនួន៤ ដែលលោកយល់ថា ពលរដ្ឋខ្មែរទូទៅ និងអ្នកនយោបាយ គួររៀនសូត្រពីរបបនេះ និងគួរជៀសវាង។ មេរៀនទាំងនោះ រួមមាន ការអនុវត្តគោលនយោបាយដោយពុំបានគិតពីផលប៉ះពាល់ អវត្តមានប្រព័ន្ធច្បាប់តាមរយៈការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើជ្រុលនិយម និងការយកអ្នកមិនចេះទៅគ្រប់គ្រងអ្នកចេះ៖ « ទីមួយ យើងឃើញថា ទោះបីជាមេដឹកនាំខ្មែរក្រហមមានគោលដៅល្អយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារការអនុវត្តនូវគោលនយោបាយរបស់ខ្លួន អត់បានគិតពីផលប៉ះពាល់នេះ ជាចំណុចមួយសំខាន់ ដែលយើងគួររៀនសូត្រ។ ចំណុចទីពីរ គឺអវត្តមាននូវនីតិរដ្ឋ ឬក៏ផ្លូវច្បាប់។ ការសម្លាប់ក្រៅច្បាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ គឺជាផលប៉ះពាល់មួយសំខាន់ណាស់ យើងឃើញសូម្បីតែនៅហ្វីលីពីន ដែលចោទប្រកាន់អ្នក ដែលជក់គ្រឿងញៀន ឬជួញដូរគ្រឿងញៀនផងក៏ត្រូវបានគេសម្លាប់។ នេះក៏គឺជាការសម្លាប់ក្រៅច្បាប់ ដែលជារឿងមិនល្អទៅហើយៗ ទម្រាំតែប្រទេសកម្ពុជាទាំងមូលទៅទៀត។ មានផ្សេងៗ ទៀត យើងឃើញការប្រើប្រជាជននៅតាមថ្នាក់ក្រោម ដូចជាយកអ្នកអត់ចេះទៅគ្រប់គ្រងអ្នកចេះទៅវិញ គំនិតជ្រុលនិយមជាដើមហ្នឹង គឺជាកត្តាចម្បងដែលនាំឲ្យមានផលប៉ះពាល់ ដែលយើងគួររៀនសូត្រពីរបបកម្ពុជាប្រជាធិបតេយ្យនេះ»។
លោក កែវ ឌួង បន្តថា ក្រៅពីនោះ តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ការដាក់បញ្ចូលនូវមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យចូលទៅក្នុងកម្មវិធីសិក្សា ការបង្កើតកម្មវិធីទូរស័ព្ទ ស្ដីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការសិក្សាស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលនានា ក៏ចូលរួមចំណែក និងផ្ដល់ឱកាសឲ្យមនុស្សខ្មែរជំនាន់ក្រោយ អាចសិក្សាស្វែងយល់បានច្រើនបន្ថែមទៀតពីរបបនេះ។
អ្នកដែលបានហែលឆ្លងរបបខ្មែរក្រហមម្នាក់ទៀត បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធអប់រំអំពីបរិបទខ្មែរក្រហម នឹងផ្ដល់សារដាស់តឿនដល់មនុស្សជំនាន់ក្រោយថា រាល់ការរំលោភសិទ្ធិមនុស្សក្នុងទម្រង់ណាក៏ដោយ គឺត្រូវតែមានការទទួលខុសត្រូវពីសំណាក់អ្នកប្រព្រឹត្តិ៖ « អ្វីដែលយើងទាញផលប្រយោជន៍ចេញអំពីប្រវត្តិសាស្ត្ររបស់យើង គឺថាយើងប្រើប្រាស់ការអប់រំ។ ការអប់រំហ្នឹងហើយដែលយើងបានបង្កើតនូវលំហតាមបែបលទ្ធិប្រជាធិបតេយ្យមួយដើម្បីជជែកទៅលើហេតុការណ៍ដែលប្រទេសកម្ពុជាយើងបានឆ្លងកាត់។ លំហហ្នឹងហើយដែលយើងបង្កើតឲ្យមានបង្កើតឲ្យមានការពិភាក្សាអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅជំនាន់ខ្មែរក្រហម។ វាហាក់ដូចជាសារមួយប្រាប់មនុស្សជំនាន់ក្រោយថា បើសិនជាធ្វើអំពើរំលោភសិទ្ធិមនុស្សក្នុងទម្រង់បែបណាមួយ ការទទួលខុសត្រូវនឹងកើតមាននៅក្នុងសង្គម ឬក្នុងបរិបទមនុស្សជាតិ»។
រីឯអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ បណ្ឌិត មាស នី យល់ថា មេរៀនចំនួន ៣ ដែលខ្មែរគួររៀនសូត្រ និងជៀសវៀងមិនត្រូវអនុវត្តតាមរបបខ្មែរក្រហមនោះ គឺថ្នាក់ដឹកនាំរដ្ឋមិនត្រូវយកពលរដ្ឋខ្លួនឯងធ្វើជាសត្រូវ មិនត្រូវបំផ្លាញចោលធនធានមនុស្សខ្លួនឯង និងមិនត្រូវលើកទ័ពទៅវាយប្រទេសជិតខាងដោយខ្វះការពិចារណាជាមុនឲ្យបានត្រឹមត្រូវនោះទេ ដែលអាចធ្លាក់ចូលក្នុងអន្ទាក់របស់បរទេស។ បណ្ឌិត មាស នី បន្តថា បញ្ហាសំខាន់មួយទៀត ដែលមិនថា មេដឹកនាំខ្មែរ ឬពលរដ្ឋខ្មែរទូទៅ ចាំបាច់ត្រូវរៀនសូត្រនោះ គឺមិនត្រូវចំណាយពេលបង្កទំនាស់រវាងខ្មែរ និងខ្មែរគ្នាឯងនោះទេ ជាពិសេសតាមរយៈការបង្កើតជម្លោះបែងចែកវណ្ណៈ និងគម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រនោះទេ៖ « របៀប ឬយុទ្ធសាស្ត្រដែលខ្មែរក្រហមធ្វើពេលនោះ គឺទីមួយការបង្កើតនូវវប្បធម៌មួយ គឺវប្បធម៌បង្កជម្លោះរវាងខ្មែរគ្នាឯង ធ្វើឲ្យមើលមុខគ្នាមិនចំ រវាងអ្នកមាន និងអ្នកក្ររវាងបញ្ញវន្ត នឹងអ្នកដែលមិនមានការអប់រំ។ រឿងសំខាន់មួយទៀតនោះ គឺការបែងចែករវាងប្រជាជនថ្មី និងប្រជាជនចាស់។ ខ្ញុំគិតថា រឿងរ៉ាវមួយចំនួននៃវប្បធម៌ដែលធ្វើឲ្យបង្វិលខ្មែរឲ្យមកឈ្លោះ ឬមកបង្កជម្លោះរវាងគ្នាឯង គឺជាការយល់ឃើញរបស់ខ្ញុំ គឺនៅបន្សល់ទុករហូតមកដល់សព្វថ្ងៃហ្នឹងឯង។ នេះជារឿង ដែលកូនខ្មែរគួរចងចាំ»។
បណ្ឌិត មាស នី ពន្យល់បន្តថា ការប្រើយុទ្ធសាស្ត្របំបែកបំបាក់ខ្មែរគ្នាឯងជាជាងការធ្វើឲ្យមានកឯកភាពជាតិ គឺជាចំណុចខ្សោយមួយរបស់របបខ្មែរក្រហម ដែលជាហេតុធ្វើឲ្យរបបនេះ ងាយនឹងទទួលនូវការបរាជ័យយ៉ាងឆាប់រហ័ស។ លោកថា មិនត្រឹមតែប៉ុណ្ណោះ ឥទ្ធិពលរបស់យុទ្ធសាស្ត្រនេះ មិនបានបិទបញ្ចប់ទៅជាមួយនឹងការដួលរលំនៃរបបខ្មែរក្រហមនេះឡើយ តែបានអូសបន្លាយ ពង្រីកឥទ្ធិពល និងផ្ដល់ផលវិបាក ធ្វើឲ្យខ្មែរកាន់តែបែកបាក់គ្នារឹតតែខ្លាំងឡើង ជាបក្សជាពួកខ្មែរច្រើនក្រុមបន្ថែមទៀត។ លោកព្រមានក្រុមខ្មែរអ្នកប្រជាធិបតេយ្យឲ្យចេះរៀនសូត្រដកស្រង់បទពិសោធន៍ពីប្រវត្តិសាស្ត្រមួយនេះ ដោយមិនត្រូវឈ្លោះគ្នាឥតឈប់ឈរនោះឡើយ៖ « នេះហើយ គឺមិនខុសគ្នាអីពីក្រុមអ្នកប្រជាធិបតេយ្យខ្មែរយើងសព្វថ្ងៃ គឺថា កើតឡើងមកមួយ បើមានបីនាក់ គឺឈ្លោះគ្នាទាំងបី។ នេះជាកេរដំណែលមួយដែលខ្ញុំគិតថា យុវជនជំនាន់ក្រោយគួរតែនាំគ្នារៀនសូត្រ ហើយទាំងអ្នកនយោបាយផងដែរ បើសិនជាយើងចង់ឲ្យខ្មែរខ្លាំងនៅក្នុងពេលអនាគត គឺចៀសវាងធ្វើម៉េច កុំប្រើយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់ខ្មែរគ្នាឯងនៅខាងក្នុង ឬបង្កឲ្យមានទៅជាជម្លោះផ្ទៃក្នុង ចៀសជាងការបង្កើតឲ្យមាននូវការសាមគ្គីភាព ទើបយើងមានតម្លៃ។ តែបើយើងនៅតែបន្តឈ្លោះគ្នាឯងនោះ យើងកុំសង្ឃឹមថា ប្រទេសជិតខាងគេឲ្យតម្លៃនោះ»។
បន្ថែមពីលើការយល់ឃើញ និងអនុសាសន៍របស់បណ្ឌិត មាស នី ពីខាងលើនេះ បណ្ឌិត អៀ សុផល អ្នកជំនាញខាងកិច្ចការអន្តរជាតិ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា មានចំណុចសំខាន់មួយចំនួន ដែលខ្មែរគួររៀនសូត្រពីបទពិសោធន៍ពីរបបខ្មែរក្រហមនេះ។ ក្នុងវិស័យកិច្ចការបរទេស លោកថា មេរៀនដែលត្រូវរៀននោះ គឺមិនត្រូវដាក់កម្រិត ចំពោះការរាប់អាន ឬមិនធ្វើទំនាក់ទំនងជាមួយបរទេសណាមួយនោះឡើយ ព្រោះថា ប្រសិនបើធ្វើដូច្នេះ ការចាប់យកប្រទេសចិនតែមួយ មិនមែនជាជម្រើសល្អនោះឡើយ។ ក្នុងវិស័យការពារជាតិវិញ លោកថា កម្ពុជាមិនត្រូវជ្រុលផុងខ្លួន លើកទ័ពទៅវាយប្រហារប្រទេសជិតខាងនោះឡើយ ព្រោះទីបំផុតទៅ នឹងរងការលើកទ័ពឈ្លានពានពីប្រទេសនោះវិញ ជាក់ស្ដែង គឺករណីជាមួយប្រទេសវៀតណាមតែម្តង។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច លោកពន្យល់ថា ការរឹតត្បិតជំនួញជាមួយពិភពលោក ការលុបចោលប្រាក់កាសចាយវាយ និងទ្រព្យសម្បត្តិឯកជន គឺជាទស្សនអាក្រក់បំផុតនៃរបៀបរបបគ្រប់គ្រងប្រទេស ដែលត្រូវចៀសវាង។ ចំណុចចុងក្រោយ លោកថា ការបំផុសឲ្យមានមនោសញ្ចេតនាស្រលាញ់អតីតកាលរុងរឿងហួសហេតុរបស់ចក្រភពខ្មែរ អាចជាគំនិតយល់ខុស នៅពេលដែលអ្នកដឹកនាំ បង្ខំឲ្យពលរដ្ឋខ្លួនឯង ធ្វើឲ្យដូចសម័យកាលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។