ក្រុមហ៊ុន ធី & ភី រង​ការ​ចោទ​ថា​កិប​ប្រាក់​ពលករ

ឪពុក​ម្ដាយ​ពលករ​ម្នាក់​ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា បាន​មក​ដាក់​បណ្ដឹង​នៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ ដោយ​គាត់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ឯ​ប្រទេស​ក្រៅ​ឈ្មោះ ធី & ភី ខូអិលធីឌី (T&P Co.,Ltd.) ថា ចង់​កិបកេង​លុយ​ដែល​កូន​គាត់​បាន​ផ្ញើ​មក​ឲ្យ​គាត់។
ដោយ មណ្ឌលកែវ
2011.03.24
Share on WhatsApp
Share on WhatsApp

អ្នកស្រី ធួន ហ៊ានធា អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ទួលក្រួស សង្កាត់​ចំរើនផល ក្រុង​ពោធិ៍សាត់ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ថា កូនស្រី​គាត់​ឈ្មោះ ហ៊ន លក្ខិណា បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ដើម​ឆ្នាំ​២០០៩ តាម​រយៈ​ក្រុមហ៊ុន ធី & ភី ខូអិលធីឌី រហូត​ដល់​ចុង​ឆ្នាំ​២០១០ ដោយ​គាត់​មាន​ជំងឺ គាត់​ក៏​សម្រេច​ចិត្ត​ទូរស័ព្ទ​ឲ្យ​កូន​គាត់​ផ្ញើ​ប្រាក់​មួយ​ចំនួន​ដើម្បី​ព្យាបាល។

អ្នកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១០ កូន​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ថា លុយ​បាន​ផ្ញើ​មក​ដល់​ក្រុមហ៊ុន​ហើយ​ឲ្យ​គាត់​ទៅ​យក។ តែ​រហូត​ដល់​ថ្ងៃ​នេះ គាត់​នៅ​តែ​ពុំ​ទាន់​បាន​ទទួល​លុយ​ដែល​កូន​គាត់​បាន​ផ្ញើ​មក​ចំនួន ៩៣០​ដុល្លារ​នោះ​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​ចេះ​តែ​សន្យា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​គាត់​ទៅ​សួរ​ម្តងៗ មន្ត្រី​ក្រុមហ៊ុន​បាន​ប្រើ​ពាក្យ​សម្ដី​ទ្រគោះបោះបោក​មក​លើ​រូប​គាត់​ទៀត​ផង។

អ្នកស្រី ធួន ហ៊ានធា បន្ថែម​ថា ៖ «ខ្ញុំ​សួរ​ថា តើ​បើក​ឲ្យ​ខ្ញុំ​ថ្ងៃ​ណា​ខ្ញុំ​នៅ​ចាំ? គេ​ស្រែក​ដាក់​ខ្ញុំ​ថា មីង​ឯង​និយាយ​មិន​ចេះ​ស្ដាប់​គ្នា​ទេ។ ក្រុមហ៊ុន​មិន​មែន​ធ្វើការ​សម្រាប់​តែ​មីង​ឯង​ម្នាក់​នោះ​ទេ។ ខ្ញុំ​ថា លុយ​មក​ដល់​ក្រុមហ៊ុន​ហើយ​ម៉េច​មិន​បើក​ឲ្យ​ខ្ញុំ? គេ​ដេញ​ខ្ញុំ​ចេញ​ពី​ក្រុមហ៊ុន​តែម្ដង។ ខ្ញុំ​សុំ​ថា កំណត់​ថ្ងៃ​ឲ្យ​ខ្ញុំ​មក គេ​ថា គេ​មិន​កំណត់​បាន​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​នាយក​ក្រុមហ៊ុន ធី & ភី ខូអិលធីឌី លោក សំ ពិសី និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ក្រុមហ៊ុន​ឈ្មោះ អ្នកស្រី ចាន់ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ មីនា​នេះ ដោយ​ទូរស័ព្ទ​ទាំង​២​ខ្សែ​មិន​អាច​ទាក់ទង​បាន។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ លោក​នឹង​ធ្វើ​អន្តរាគមន៍​ជួយ​គ្រួសារ​ពលការិនី ឈ្មោះ ហ៊ន លក្ខិណា នេះ​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​ទាមទារ​ប្រាក់​ដែល​នាង​បាន​ផ្ញើ​មក​ឲ្យ​ឪពុក​ម្តាយ​នេះ ៖ «យើង​នឹង​ជំរុញ​ឲ្យ​អង្គការ​លីកាដូ ភ្នំពេញ ឲ្យ​ជួយ​គាត់​ក្នុង​ការ​ទាមទារ​ប្រាក់​ដែល​ជា​កម្លាំង​ពលកម្ម​របស់​គាត់ ដែល​គាត់​បាន​ផ្ញើ​មក​ជួយ​គ្រួសារ​នេះ​តាម​ផ្លូវ​ច្បាប់»

អគ្គលេខាធិការ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា លោក សុខ ចាន់ភក្តី មាន​ប្រសាសន៍​ថា ចំពោះ​ករណី​នេះ គ្រួសារ​ពលការិនី ហ៊ន លក្ខិណា គួរ​ដាក់​បណ្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ ទើប​ជា​ការ​ប្រសើរ។

លោក សុខ ចាន់ភក្ដី មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំពោះ​ពលករ និង​ពលការិនី​ដែល​គាត់​ចេញ​ទៅ​ធ្វើការ​តាម​រយៈ​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ការងារ គេ​មាន​នីតិវិធី​ក្នុង​ការ​ជួយ​គាត់។ ប្រសិន​បើ​គាត់​មិន​ទទួល​បាន​ប្រាក់​បៀវត្ស ឬ​ក៏​គាត់​ទទួល​ភាព​អយុត្តិធម៌​ណា​មួយ គាត់​ត្រូវ​ទំនាក់ទំនង​មក​ក្រសួង​ការងារ ឬ​មន្ទីរ​ការងារ​ខេត្ត ក្រុង ដើម្បី​ឲ្យ​ក្រសួង​ការងារ​ដាក់​បន្ទុក​មក​លើ​បុគ្គល ឬ​ក្រុមហ៊ុន​នោះ ហើយ​បើ​បុគ្គល ឬ​ក្រុមហ៊ុន​នោះ​មិន​ចេញ​មុខ​ដោះស្រាយ​ទេ ក្រសួង​ការងារ​នឹង​កាត់​ប្រាក់​ដែល​បុគ្គល ឬ​ក្រុមហ៊ុន​នោះ​តម្កល់​ទុក​នៅ​ក្រសួង​ការងារ យក​មក​ដោះស្រាយ​ឲ្យ​ពលករ និង​ពលការិនី​ទាំង​នោះ»

អនុ​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ លោក កុល ប៊ុនធឿន មាន​ប្រសាសន៍​ថា លោក​កំពុង​ចូល​រួម​ក្នុង​សិក្ខាសាលា​នៅ​ភ្នំពេញ។ លោក​បន្ត​ថា ពេល​បញ្ចប់​សិក្ខាសាលា​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​បញ្ហា​នេះ។

នេះ​ជា​ករណី​ទី​៤​ហើយ​ដែល​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ បាន​ដាក់​បណ្តឹង​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​ពួកគាត់​អំពី​ករណី​ដែល​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ការ​បើក​ប្រាក់​បៀវត្ស ដែល​ជា​កម្លាំង​ពលកម្ម​ផ្ទាល់​របស់​គាត់​ពី​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី មាន​ក្រុមហ៊ុន ហ្វីលីម័រ (Phili More Cambodia Co.,Ltd.) ក្រុមហ៊ុន ស៊ីអ៊ីស៊ីអេច្ឆ (CECH) ក្រុមហ៊ុន អ៊ិនហ្គ្រុប (N Group) និង​ក្រុមហ៊ុន ធី & ភី (T & P Co., Ltd.)៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។