អាជ្ញាធរខេត្តបានអញ្ជើញប្រជាពលរដ្ឋនិងតំណាងសហគមន៍មួយចំនួនដើម្បីសម្របសម្រួលឲ្យបញ្ឈប់ការតវា ដោយចង់ប្រើហិង្សាទៅលើក្រុមហ៊ុនអភិវឌ្ឍន៍នៅឃុំអូរគ្រៀង។ ប៉ុន្តែលោក ម៉ោញ សំ តំណាងសហគមន៍អូរព្រះ ឃុំអូរគ្រៀង បានបញ្ជាក់ក្រោយពេលពិគ្រោះយោបល់គ្នាកាលពីព្រឹកថ្ងៃ៣០ មករា ថា រឿងទាំងនោះអាស្រ័យនៅលើក្រុមហ៊ុនតែប៉ុណ្ណោះ។
លោក ម៉ោញ សំ បានឲ្យដឹងដូច្នេះ ៖ «ស្មុគស្មាញដូចថា មានគោក្របីអីលែងទៅវាប៉ះពាល់ ហើយដល់មានការតវ៉ាពីម្សិលហ្នឹង គេហៅប្រជាជនទៅខេត្តនោះ គេថា ថ្ងៃមុខថ្ងៃក្រោយកុំឲ្យគំនុំទៅដុតអាត្រាក់អីទៀត។ តវ៉ាម្ដងរួចទៅហើយ ចេញហើយឥឡូវចូលមកទៀត ប្រជាជនតវ៉ាទៀត។ ប្រជាជនខឹងថា បើចេញក៏ចេញ បើមិនចេញគេដុត។ គ្រាន់តែគំនុំទេ មិនទាន់បានដុតទេ...»។
លោក បៀវ រ៉ុន ប្រជាពលរដ្ឋបានសំណូមពរឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទៅឲ្យឆ្ងាយប្រមាណពី៣ទៅ៤គីឡូម៉ែត្រពីដីស្រែរបស់ប្រជាពលរដ្ឋ។
លោក បៀវ រ៉ុន ឲ្យដឹងថា ៖ «ចៀសវាងការជម្លោះពីគោស៊ីដំណាំដាំដុះរបស់ក្រុមហ៊ុន។ ភូមិចាស់ពីបុរាណមានក្របីឈ្មោលមួយដេញវ័ធ ក្រុមហ៊ុនមិនដឹងជាថ្ងៃនេះ ឬថ្ងៃស្អែកទេ គេថា បាញ់ក្របីហ្នឹងស៊ីហើយ ក្រុមហ៊ុនគេបាញ់ស៊ីហើយបើម្ចាស់មិនចាប់។ វាជិតពេក៣០០-៤០០ម៉ែត្រពីស្រែទៅ រួចគ្នាលែងទៅណា? ក្របីត្រូវការទឹក មនុស្សក៏ត្រូវការទឹក»។
ក្រុមហ៊ុនដែលប្រជាពលរដ្ឋបានតវាទាមទារឲ្យខិតព្រំឆ្ងាយពីប្រជាពលរដ្ឋនេះ គឺក្រុមហ៊ុន Central First FIRST របស់កូរ៉េដែលតំណាងក្រុមហ៊ុននោះបានអះអាងថា ក្នុងគោលការណ៍ស្នើសុំជាងមួយម៉ឺនហិកតាក្រុមហ៊ុនបានកាត់ដីដែលប៉ះពាល់ជូនសហគមន៍ជាង៣ពាន់ហិកតាហើយ។ ប៉ុន្តែតំណាងសហគមន៍៤ភូមិបានអះអាងថា នៅតែប៉ះពាល់ដីប្រមាណជាង៤ពាន់ហិកតាទៀតដដែល។
លោក ខាំ ភឿន អភិបាលខេត្តបានអះអាងថា លោកនឹងជួបដោះស្រាយទាំងសងខាងឲ្យបានល្អ ៖ «យើងនិយាយគ្នាទាំងសងខាង ឲ្យយល់គ្នាទាំងសងខាងមុននឹងចាប់ផ្ដើមធ្វើអី។ និយាយរួមគាត់(ប្រជាជន)ចង់បានអ៊ីចឹងហើយ ប៉ុន្តែធំពេកក៏មិនកើត ឲ្យគាត់តូចពេកក៏មិនគ្រាន់...»។
កាលពីថ្ងៃទី២៦ មករា ក្រុមហ៊ុន Central First បានបញ្ឈប់ការសាងសង់ការដ្ឋានរបស់ខ្លួនតាមការតវ៉ារបស់ប្រជាពលរដ្ឋចំនួនពីរថ្ងៃជាប់ៗគ្នា។ ពេលនេះតំណាងសហគមន៍និងប្រជាពលរដ្ឋអះអាងថា នឹងមានធ្វើបាតុកម្មដ៏ធំមួយប្រឆាំងទៅនឹងការវិលត្រឡប់មកសាងសង់ការដ្ឋាននៅលើដីដែលប៉ះពាល់នោះទៀត៕