ពលរដ្ឋរិះគន់សាលក្រមតុលាការខេត្តកណ្ដាលក្នុងរឿងទំនាស់ដី
2009.12.16
តំណាងប្រជាជនចំណុះជើងវត្តសំរោងធំ បានឲ្យដឹងថា ដីជាង២ហិកតានៅចំពីមុខវត្តជាប់មាត់ទន្លេដែលមានដំណាំវត្តដាំដុះរបស់វត្តផងនោះ ត្រូវតុលាការខេត្តកណ្តាលចេញសាលក្រមប្រគល់ឲ្យប្រជាជន១៥នាក់ដែលជាអតីតកងសេនាជន ៖ «ប្រជាជនពុទ្ធបរិស័ទនិងគណៈកម្មការហ្នឹងគាត់ទាមទារយកដីមកដាក់វត្តវិញ ពីព្រោះដីពីសង្គមចាស់មកក៏ជាដីវត្តដែរ»។
បុរសម្នាក់ទៀតបន្តថា កាលពីអំឡុងប្រទេសកម្ពុជាប្រើទង់ជាតិប្រាសាទអង្គវត្តកំពូល៥នោះ នៅក្នុងប្រទេសមានសង្រ្គាមស៊ីវិល។ អ្នកគ្រប់គ្រងរដ្ឋបានបង្កើតជាសេនាជននៅក្នុងឃុំចំនួន១៥នាក់ជួយការពារ ប៉ុន្តែគ្មានស្នាក់ការសម្រាប់សេនាជន បានយកដីវត្តសំរោងធំធ្វើស្នាក់ការនាអំឡុងឆ្នាំ១៩៨៤- ១៩៨៥។ នៅឆ្នាំ១៩៩៣-១៩៩៤ សង្រ្គាមស៊ីវិលបានបញ្ចប់ កងសេនាជនបានរំសាយអស់ទៅ ហើយដីស្នាក់ការនោះសេនាជនមួយចំនួនបានប្រគល់មកវត្តវិញ នៅសល់ប្រជាជន៥ទៅ៦នាក់ មិនទាន់ប្រគល់។ នៅពេលដីមានតម្លៃពួកគេ៥ទៅ៦នាក់នោះ បានសើរើទាមទារយកដីវត្តជាសម្បត្តិរបស់ខ្លួន ហើយកាលពីដើមខែធ្នូនេះតុលាការសាលាដំបូងខេត្តកណ្តាល បានធ្វើរឿងចម្លែកមួយ ដោយចេញសាលក្រមកាត់ដីសាធារណៈរបស់វត្តជាង២ហិកតាប្រគល់ឲ្យទៅក្រុមឯកជនវិញ។
ពលរដ្ឋមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «ជំនាន់ខ្ញុំហ្នឹងគ្រាន់តែដឹងថា ដីហ្នឹងជារបស់អង្គភាព តែក្នុងនោះគ្មានគណៈកម្មការណាមួយចែកជាសេនាជនថា ក្នុងម្នាក់បានប៉ុណ្ណេះប៉ុណ្ណោះគឺអត់មាន។ ខ្ញុំជានាយសេនាជនមួយចំណែកដែរ តែខ្ញុំមិនអើពើអីទេពីរឿងបញ្ហាដីនេះ គឺថាដីវត្ត ប៉ុន្តែដល់ពេលកាត់ គេកាត់ឲ្យវត្តចាញ់»។
ការចោទប្រកាន់ខាងលើនេះ វិទ្យុអាស៊ីសេរីមិនទាក់ទងសុំការបំភ្លឺពីក្រុមអតីតសេនាជននិងមន្រ្តីតុលាការខេត្តកណ្តាលបានទេនៅថ្ងៃនេះ។
មេភូមិសំរោងក្អែ លោក សរ សំបូរ មានប្រសាសន៍ថា អ្នកកាន់ព្រះពុទ្ធសាសនាគេមានតែជួយគ្នាទិញដីបរិច្ចាគទៅវត្ត ប៉ុន្តែតុលាការបែរជាបែងចែកដីវត្តជាសម្បត្តិសាធារណៈទៅជារបស់ឯកជនដែលលោកមិនធ្លាប់ជួបទេ។
លោក សរ សំបូរ មានប្រសាសន៍ដូច្នេះ ៖ «តាមគំនិតខ្ញុំយើងមិនគួរទាមទារទៅឯកជនទេ យើងគួរតែនាំគ្នាដាក់សមូហភាពទៅវត្តទៅ ព្រោះគេមានតែរៃលុយគ្នាទិញដីដាក់វត្ត»។
មេឃុំសំរោងធំ លោកស្រី ប៊ុត វណ្ណា មានប្រសាសន៍ថា ជម្លោះដណ្តើមដីវត្តសំរោងធំនោះ បានឈានដល់ចំណាត់ការតុលាការទៅហើយ។ អាជ្ញាធរមូលដ្ឋានមិនអាចជួយដោះស្រាយបានឡើយ ប៉ុន្តែដីនោះប្រជាជនដែលរស់នៅយូរហើយសុទ្ធតែបានដឹងថា ជាដីស្ថិតក្នុងដីវត្តតាំងពីបុរាណមក។
លោកស្រី ប៊ុត វណ្ណា មានប្រសាសន៍ថា ៖ «ខាងវត្តលោកមានប្លង់កម្មសិទ្ធិ ប្លង់រឹង ឥឡូវខាងណោះគេប្ដឹងសុំឲ្យតុលាការលុបប័ណ្ណកម្មសិទ្ធិហ្នឹងចោល»។
ព្រះចៅអធិការវត្តសំរោងធំ ហៅវត្តសំរោងក្អែ ព្រះនាម យ៉ាន់ វណ្ណធឿន មានថេរដីកាថា វត្តសំរោងធំនេះបានកកើតតាំងពីបុរាណមុនបារាំងកាន់កាប់ វត្តនេះលាតសន្ធឹងពីថ្នល់ជាតិលេខ១ទៅដល់ទន្លេមេគង្គក្រោម មានផ្ទៃដីច្រើនហិកតា ក្រោយមកដីវត្តនៅសល់តែជាង៥ហិកតា ហើយប្រសិនបើតុលាការកាត់ដីជាង២ហិកតាឲ្យទៅឯកជនជាអតីតសេនាជន អាចធ្វើឲ្យទំហំវត្តកាន់តែតូចចង្អៀត។
ព្រះសង្ឃនិងចំណុះជើងវត្តសំរោងធំ ឬវត្តសំរោងក្អែ បានឲ្យដឹងថា នឹងដាក់ពាក្យប្តឹងទាស់ទៅតុលាការសាលាឧទ្ធរណ៍។
ពាក់ព័ន្ធបញ្ហានេះ តំណាងរាស្រ្តមណ្ឌលកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនមានប្រសាសន៍ថា លោកនឹងចុះអង្កេតពីបញ្ហានេះ៕