កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញបានវាយកម្ទេចអាគារបុរីកីឡាចាស់ នៅថ្ងៃទី១៦ ខែកញ្ញា និងចាប់ខ្លួនពលរដ្ឋ ១២នាក់បន្ថែមទៀត ដែលមិនព្រមចាកចេញពីអាគារ។ មន្រ្តីសង្គមស៊ីវិល និងពលរដ្ឋហៅសកម្មភាពរបស់សមត្ថកិច្ចថា ជាការរំលោភសិទ្ធិមនុស្ស និងជាការបរាជ័យនៃការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
ពលរដ្ឋថា ការចាប់ខ្លួនប្រជាសហគមន៍បុរីកីឡាទាំង ១២នាក់នេះ គឺសមត្ថកិច្ចបានប្រើវិធីហិង្សា ចាប់អូសពួកគាត់ដោយបង្ខំឲ្យចាកចេញពីអាគារបុរីកីឡា រួចយកទៅឃុំខ្លួនសាលាខណ្ឌ ៧មករា។ ពួកគាត់ថា សកម្មភាពនេះដឹកនាំដោយ អភិបាលរងរាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនៅតំបន់បុរីកីឡា ដោយមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ និងគ្រឿងចក្រថែមទៀតផង។ សកម្មភាពវាយកម្ទេចអាគារបុរីកីឡានេះ សមត្ថកិច្ចមិនអនុញ្ញាតឱ្យ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចូលយកព័ត៌មាន ឬឃ្លាំមើលសកម្មភាពនេះទេ។
ពលរដ្ឋបុរីកីឡា ដែលសត្រូវសមត្ថកិច្ចចាប់ខ្លួន លោកស្រី ភោគ សុភីន ឲ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រីទាំងបង្ខំ ឲ្យចាកចេញពីអគារតាំងម៉ោង៥ព្រឹកថ្ងៃទី១៦ ខែកញ្ញាមកម៉្លេះ។ លោកឲ្យដឹងទៀតថា លោកស្រី និងពលរដ្ឋជាង ១០នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួននៅសាលាខណ្ឌ៧មករា។ លោកស្រីរៀបរាប់ថា នេះជាលើកទី២ហើយដែលសមត្ថកិច្ចបណ្ដេញលោកស្រីចេញពីអគារបុរីកីឡា។ ពលរដ្ឋមានបញ្ហាដីធ្លីរូបនេះស្នើទៅលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ព្រោះពេលនេះអាជ្ញាធរក្រុងភ្នំពេញមិនបានដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីដូចការណែនាំរបស់លោកឡើយ៖ «គេដាក់កម្លាំងមកគំរាម ហើយគេអូសមកខណ្ឌទៀត។ ឥឡូវនេះខ្ញុំមានអីមានតែខោអាវមួយចង្កេះគេធ្វើបាបសព្វបែបសព្វយ៉ាង ខ្ញុំអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដោះស្រាយសំណងសមរម្យដល់ពួកខ្ញុំ»។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់អាស៊ីសេរី ខែកញ្ញាថា ពលរដ្ឋទាំង១២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះរួមមាន៖ លោកស្រី ញ៉ែន ស្រីនិត ជាពលរដ្ឋបុរីកីឡា លោកស្រី ទឹម សាក់មុន្នី និងកូនពីរនាក់ ដែលជាអតីតពលរដ្ឋបុរីកីឡា លោកស្រី តាំង គឹមស្រួយ និងកូនបីនាក់ទៀត ព្រមទាំងពលរដ្ឋបុរីកីឡាផ្សេងទៀត ដែលលោកស្រីចាំឈ្មោះមិនអស់។ លោកស្រី ស ស៊ន ឱ្យដឹងទៀតថា នៅពេលលោកស្រី ថតសកម្មភាពអាជ្ញាធរ ចាប់ខ្លួនពលរដ្ឋ និងការវាយកម្ទេចអាគារនោះ សមត្ថកិច្ចបានចាប់ដកហូតទូរស័ព្ទរបស់លោកស្រី ហើយបានលុបរូបភាព ដែលមានក្នុងទូរស័ព្ទលោកស្រីចោលទៀតផង។ លោកស្រីបន្តថា អភិបាលរងរាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានព្រមានលោកស្រីមិនឲ្យផ្តល់ព័ត៌មាន ឬផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីឡើយទាក់ទងការបង្ក្រាប និងសកម្មភាពវាយកម្ទេចអាគារនេះ៖ «លោក មាន ចាន់យ៉ាដា សួរខ្ញុំថា អាស៊ីសេរីបានទាក់ទងអត់ ខ្ញុំថាទាក់ទងរាល់ថ្ងៃ គាត់កុំជួបណា ! បំបិទសិទ្ធិសេរីតឹងរ៉ឹងមែនទែនវាយអគារហ្នឹង សូម្បីប្រជាពលរដ្ឋថតរូបក៏ចាប់យកទូរស័ព្ទដែរ អ៊ីចឹងខ្ញុំថា ការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើងៗ»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺករណីនេះពីអភិបាលរាជធានី ភ្នំពេញលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង អភិបាលខណ្ឌ ៧មករា លោក លឹម សុភា ជាច្រើនដង នៅថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែមិនទទួលបានឆ្លើយតប ដោយសារទូរស័ព្ទចូល គ្មានអ្នកទទួល និងប្រព័ន្ធទូរស័ព្ទមិនអាចទទួល ការហៅចូលបាន។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ សាលារាជធានីភ្នំពេញបានចេញលិខិតព្រមានអ្នកបុរីកីឡាទាំងអស់ដែលរស់នៅក្នុងអគារចាស់ ត្រូវរួសរាន់ទៅជួបមន្ត្រីរដ្ឋបាលសាលាក្រុង ដើម្បីពិភាក្សាគ្នាអំពីរឿងសំណង ជាថ្នូរនឹងការចាកចេញ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់អាស៊ីសេរីថា ក្រុមសមត្ថកិច្ចមិនអនុញ្ញាតឱ្យមន្ត្រីអង្គការសង្គមស៊ីវិល ឬអ្នកសារព័ត៌មានចូលឃ្លាំមើល ឬចូលយកព័ត៌មាននៅកន្លែងវាយកម្ទេចអគារបុរីកីឡានេះទេ។ លោកថា វិធានការរបស់សមត្ថកិច្ច និងការចាប់ខ្លួនពលរដ្ឋនៅពេលនេះ ជាការបរាជ័យរបស់សាលាក្រុងភ្នំពេញក្នុងដោះស្រាយជម្លោះដីធ្លីសន្តិវិធី៖ « មានគ្រឿងចក្រទៅឈូសឆាយ ហើយចាប់ប្រជាពលរដ្ឋទៅដាក់ក្នុងមណ្ឌលសង្គមកិច្ច និងចាប់ដាក់នៅខណ្ឌអីចឹង នេះជារូបភាពគំរាមកំហែងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋដែលគាត់មិនព្រមទទួលសំណ ដែលគាត់សុំសិទ្ធិក្នុងការទាមទារតវ៉ា ដើម្បីមានដំណោះស្រាយសមរម្យចំពោះគាត់ អ៊ីចឹងយើងឃើញថា នេះជាការបរាជ័យ ដែលជារូបភាពមួយបង្ហាញពីការបណ្ដេញចេញ»។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ឲ្យដឹងថា គិតមកដល់ពេលនេះ នៅសល់តែពលរដ្ឋជាង ១០គ្រួសារទៀតទេ ដែលមិនទាន់យល់ព្រមទទួលសំណង។ក្នុងរយៈពេលពីរថ្ងៃនេះ សមត្ថកិច្ចខណ្ឌ ៧មករា ចាប់ខ្លួនពលរដ្ឋបុរីកីឡា និងអតីតពលរដ្ឋបុរីកីឡា ចំនួន១៧នាក់ហើយ។ តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់ថា ពលរដ្ឋដែលសមត្ថកិច្ចខណ្ឌចាប់ខ្លួនកាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញ មានចំនួន៥នាក់ មិនមែន៦នាក់ទេ។ លោកស្រីបន្តថា ពេលនេះអ្នកទាំង៥ កំពុងជាប់ឃុំ នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដោយសមត្ថកិច្ចមិនទាន់ដោះលែងពួកគាត់វិញនៅឡើយទេ៕
(រូបភាពអគារបុរីកីឡាចាស់ និងអ្នកក្រាញរស់នៅ ដែលមិនទទួលយកដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ។ រូប៖ ហ្វេសប៊ុកអ្នកស្រី ស ស៊ន ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩)