អ្នកភូមិ១៤ដែលជាប់ឃុំក្នុងពន្ធនាគារ ដោយសាររឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព នៅខេត្តព្រះវិហារ នឹងត្រូវតុលាការដោះលែងជាបន្តបន្ទាប់ ក្រោយពីមានការស្នើសុំនៅក្រៅឃុំ។ ចំណែកសង្គមស៊ីវិលដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្សយល់ថា ស្ថាប័នតុលាការ គួរដោះលែងពួកគេទាំងអស់ រួមទាំងតំណាងពលរដ្ឋម្នាក់ទៀត ដែលទើបត្រូវចាប់ឃុំថ្មីៗនេះផង ដោយមិនគួរប្រើយន្តការដោះលែងពលរដ្ឋម្ដងម្នាក់នោះទេ។
ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ឱ្យអាស៊ីសេរីដឹងថា ស្ថាប័នតុលាការនឹងដោះលែង កូនប្រុសរបស់លោក ស៊ុំ ម៉ឺន គឺលោក ម៉ឺន មៀន មុនគេ ព្រោះគាត់កំពុងឈឺធ្ងន់ ចំណែកអ្នកភូមិ១៣ទៀត ហើយតំណាងពលរដ្ឋម្នាក់ នឹងដោះលែងឱ្យក្រៅឃុំជាបន្តបន្ទាប់។
លោក ទី សុវិនថាល់ បញ្ជាក់ថា ការដោះលែងអ្នកភូមិឱ្យនៅក្រៅឃុំ គឺមិនអាចបានភ្លាមៗនោះទេ ព្រោះនីតិវិធីក្នុងរឿងទាំងអស់នេះ ត្រូវចំណាយពេលយ៉ាងតិច ២ឬ៣ថ្ងៃ ក្រោយពីខាងតុលាការទទួលបានពាក្យស្នើសុំឱ្យនៅក្រៅឃុំពីមេធាវី៖ « ប្រហែលជាមិនយូរ សំខាន់ចៅក្រមធ្វើទាន់ឬមិនទាន់ បើថា ធ្វើទាន់ក្នុងថ្ងៃហ្នឹងមានអី។ មិនមែនភ្លាមៗទេ ប៉ុន្តែមិនអាចយូរដល់៤ - ១០ថ្ងៃទៀតទេ បើមានពាក្យដាក់ឱ្យនៅក្រៅឃុំទាំងអស់។ ខ្ញុំយល់ថាធ្វើជាបន្តបន្ទាប់មិនអាចទាំងអស់ទេ។ សំខាន់គឺកូនស៊ុំ ម៉ឺន មុន មើលទៅ ពីព្រោះបច្ចុប្បន្នកូន ស៊ុំ ម៉ឺន មានជំងឺ។ ធ្វើហ្នឹងមុនឱ្យបានលឿន »។
ការអូសបន្លាយពេលវេលាហើយមិនព្រមដោះលែងអ្នកភូមិ ១៣នាក់ឱ្យនៅក្រៅឃុំជាង៣ខែមកនេះ លោក ទី សុវិនថាល់ ដាក់បន្ទុករឿងនេះ ទៅប្រជាពលរដ្ឋដែលមិនព្រមសហការជាមួយអាជ្ញាធរ និងស្ថាប័នតុលាការ ៖ « តាមពិតទៅ គឺមេធាវីរៀបចំដាក់ឱ្យនៅក្រៅឃុំយូរហើយ ក៏ប៉ុន្តែមកពីយើងរក ស៊ុំ ម៉ឺន អត់ឃើញ រួចចេះតែចោទប្រកាន់ខាងអាជ្ញាធររំលោភសិទ្ធិទៅវិញ មកពីខ្លួនគាត់ ក្រុមរបស់ពួកគាត់មិនសហការជាមួយខាងតុលាការ ឱ្យតុលាការធ្វើម៉េច បើមានបទល្មើសទៅហើយ។ សហការគ្នាទៅ បទល្មើសប៉ុនៗហ្នឹង គេអាចឱ្យក្រៅឃុំបានតើ »។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ព្រះវិហារ លោក ឡោ ចាន់ ថា ការលើកឡើងរបស់មន្ត្រីតុលាការរូបនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ លោក ឡោ ចាន់ ឱ្យដឹងថា ក្រោយពីមានការចាប់ និងឃុំខ្លួនពលរដ្ឋកាលពីខែមករា សាច់ញាតិអ្នកជាប់ឃុំ បានរកជំនួយផ្នែកច្បាប់ពីសមាគមអាដហុក និងមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ ដើម្បីជួយផ្ដល់មេធាវីដល់ពួកគេ។ លោក ឡោ ចាន់ បញ្ជាក់ថា មេធាវីសមាគមអាដហុក ដែលការពារក្ដីឱ្យកូនប្រុសលោក ស៊ុំ ម៉ឺន បានដាក់ស្នើសុំនៅក្រៅឃុំ នៅសាលាដំបូងខេត្តព្រះវិហារ រហូតទៅសាលាឧទ្ធរណ៍ ប៉ុន្តែខាងតុលាការនៅតែមិនអនុញ្ញាតឱ្យ លោក ម៉ឺន មៀន នៅក្រៅឃុំ។
លោក ឡោ ចាន់ យល់ថា បើតុលាការខេត្តព្រះវិហារ សម្រេចឱ្យអ្នកភូមិ១៤នាក់ឱ្យនៅក្រៅឃុំហើយ គួរតែដោះលែងពួកគេទាំងអស់ មិនគួរដោះលែងម្ដងម្នាក់ៗដូច្នេះទេ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បារម្ភថា យន្តការដោះលែងបែបនេះ គឺអ្នកភូមិមួយចំនួនបាននៅក្រៅឃុំ ចំណែកអ្នកភូមិមួយចំនួនទៀតអាចនៅបន្តជាប់ឃុំ៖ « គឺស្នើសុំឱ្យលោកព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរហ្នឹង មេត្តាដោះលែងអ្នកទាំងអស់គ្នា។ មួយវិញទៀត ថ្មីៗមានការចាប់ខ្លួនលោក ឡយ លីហួរ ក៏ស្នើសុំឱ្យដោះលែងបណ្ដោះអាសន្នដែរ ដើម្បីឱ្យគាត់ធ្វើការងារពាក់ព័ន្ធដីធ្លីជាមួយអាជ្ញាធរស្រុកខេត្តតទៅទៀត។ ហើយបើសិនជាគាត់មិនបានចេញទៅទេ ការងារហ្នឹង ប្រាកដជាមានស្ទះមួយចំនួនហើយ ពីព្រោះលោក ឡយ លីហួរ បានសហការជាមួយអាជ្ញាធរ ស្រុកខេត្តកន្លងមក ទោះមានការសហការល្អហើយ រហូតដល់ធ្វើស្ថិតិប្រជាពលរដ្ឋដែលស្នាក់តំបន់អស់ហ្នឹងថែមទៀតផង »។
លោក ម៉ឺន មៀន និងឪពុករបស់លោក គឺ លោក ស៊ុំ ម៉ឺន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២០ មករា នៅពេលពួកគេបើកគោយន្តដឹកឥវ៉ាន់លក់ដូរសំដៅទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុនមេត្រីភាព។ ភរិយារបស់លោក ស៊ុំ ម៉ឺន ថា ក្នុងពេលចាប់ខ្លួននោះ អាជ្ញាធរដែលមានកម្លាំងទាហានចូលរួមផង បានយកស្វ័យកាំភ្លើងវាយធ្វើបាបប្ដីនិងកូនប្រុសគាត់។
ម្ដាយលោក ម៉ឺន មៀន គឺលោកស្រី ភឹម ម៉ៅ ប្រាប់អាស៊ីសេរីថា កូនប្រុសគាត់នឹងចេញពីពន្ធនាគារនៅថ្ងៃទីច័ន្ទ សប្ដាហ៍ក្រោយ ក្រោយពីលោកស្រីបានជួបអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៦ មេសា។ លោកស្រី ភឹម ម៉ៅ ថា រូបគាត់ មានការសប្បាយចិត្ត ក្រោយពីឮដំណឹងថាតុលាការដោះលែងកូនប្រុសគាត់ឱ្យវិលមកជួបជុំក្រុមគ្រួសារវិញ៖ « ខ្ញុំអរគុណលោកគ្រូ ជួយខ្នះខ្នែង ហើយខាងអភិបាលខេត្ត ដើម្បីដោះលែងកូនខ្ញុំមក បានន័យថាគេដោះលែងមកវិញហើយណា៎។ ខ្ញុំអរគុណ រកអ្វីប្រៀបពុំបានទេ ដែលកូនបានចេញមក ព្រោះអីយើងអស់អីអាលីងហើយ។ បើបានកូនចេញមកហើយ គឺថាបានជីវិតយើងមកវិញ។ ចាស៎ ! ថ្ងៃច័ន្ទ ថ្ងៃនេះគាត់ថាធ្វើក្រដាសអត់ទាន់។ ថ្ងៃច័ន្ទគាត់ថា ឱ្យឡើងទៅយកវិញចុះ »។
ក្នុងវិវាទដីធ្លីរវាងពលរដ្ឋជា៣៣០គ្រួសារជាមួយនឹងក្រុមហ៊ុនមេត្រីភាពរបស់ឧកញ៉ា អាន ម៉ារឌី មានពលរដ្ឋ១៤នាក់ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ។ ក្រៅពីនេះពលរដ្ឋថា កងអន្តរាគមន៍វីរយោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ដែលឈរជើងការពារដីឱ្យក្រុមហ៊ុន បានឈូសកម្ទេចផលដំណាំ និងដុតផ្ទះពលរដ្ឋអស់ជាច្រើនខ្នង។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើដល់អាជ្ញាធរខេត្តព្រះវិហារ ពន្លឿនដំណោះស្រាយឱ្យឆាប់ ដើម្បីបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនមេត្រីភាព ក្រោយពីដោះលែងអ្នកភូមិ១៤នាក់និងតំណាងពលរដ្ឋម្នាក់ ដែលជាប់ឃុំក្នុងពន្ធនាគារ ឱ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។