ពលរដ្ឋ ៦២គ្រួសាររស់នៅខេត្តព្រះវិហារ ខកចិត្តនឹងអាជ្ញាធរមិនដោះស្រាយជម្លោះដីធ្លី របស់ពួកគាត់ ដែលអូសបន្លាយពេលជាង ១០ឆ្នាំមកហើយ។ ប៉ុន្តែអាជ្ញាធរស្រុកថា ជម្លោះដីធ្លីនេះ អាជ្ញាធរកំពុងដោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋរស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ហាក់នឿយណាយ ក្នុងការរង់ចាំ ដំណោះស្រាយវិវាទដីធ្លីពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ខណៈវិវាទដីធ្លីនេះ បានកើតមានជាច្រើនឆ្នាំមកហើយ។
តំណាងពលរដ្ឋ លោក ជា សំអឿន ប្រាប់វិទ្យុអាស៊ីសេរី ១៤ មីនាថា អ្នកភូមិភាគច្រើន មានដីប្រភេទលំនៅឋាន ក្នុងមួយគ្រួសារ ក្បាល ៨ ម៉ែត្រ ដល់ជាង ១០ម៉ែត្រ បណ្តោយ ជិត ១០០ម៉ែត្រ នៅជាប់ផ្លូវជាតិលេខ ៩ ទល់មុខក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ (Hengfu Group Sugar Industry)។
លោកថា អ្នកភូមិ បានកាន់កាប់ដីនេះ តាំងពីឆ្នាំ២០០៥ ដោយមានការទទួលស្គាល់ដោយអាជ្ញាធរភូមិ/ឃុំ ហើយ ហើយរហូតដល់ឆ្នាំ ២០១២ ក្រុមនិស្សិតស្ម័គ្រចិត្ត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាស់វែងដីធ្លីទាំងនេះ ដោយផ្តល់សលាកបត្រ (លិខិតទទួលប្លង់រឹង) ជូនពលរដ្ឋ ក៏ប៉ុន្តែពួកគាត់ នៅពុំទាន់ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយទេ។
លោកបញ្ជាក់ថា ការពន្យារពេល មិនដោះស្រាយជម្លោះដីធ្លីនេះ បណ្ដាលឱ្យពលរដ្ឋជួបការលំបាក ខាតបង់ពេលវេលា ក្នុងការស្វែងរកយុត្តិធម៌ជាច្រើនឆ្នាំមកហើយ៖ «បានដាក់ពាក្យស្នើសុំរដ្ឋាភិបាល សាលាស្រុក និងអភិបាលខេត្តជួយដោះស្រាយជួយពលរដ្ឋក៏អត់។ ដោះដូរៗ ឮសូរតែមាត់ តែមិនធ្វើផ្លូវឱ្យគេ។ ពលរដ្ឋរស់នៅភូមិពោធិ៍ទាបនេះ ពិបាកណាស់»។
តំណាងពលរដ្ឋរូបនេះបន្ថែមថា ជម្លោះដីធ្លីនេះកើតឡើង ដោយសារតែអាជ្ញាធរ ដកហូតដីរបស់ពួកគាត់ ដោយមិនផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ជាង ១០ឆ្នាំមកហើយ។ រីឯពលរដ្ឋជាង ៦០គ្រួសារ បានស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហានេះ ពីអាជ្ញាធរមូលដ្ឋាន ដល់ថ្នាក់ជាតិ ជាច្រើនឆ្នាំមកហើយ តែពុំទទួលលទ្ធផលឡើយ មកទល់ពេលនេះ។
ឆ្លើយតបរឿងនេះ អភិបាលស្រុកឆែប លោក សុខ សាន្តតារា មានប្រសាសន៍ថា ដីធ្លីដែលពលរដ្ឋបានស្នើសុំកាន់កាប់ ជាដីរបស់រដ្ឋ ហេតុនេះអាជ្ញាធរបានផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ នៅទីតាំងផ្សេង។ លោកបញ្ជាក់ថា អាជ្ញាធរគ្រោងផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ទាំងនោះ ក្នុងមួយគ្រួសារទំហំ ក្បាលដី ២០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ នៅជិតទីតាំងចាស់ ២គីឡូម៉ែត្រ ហើយពលរដ្ឋភាគច្រើន បានផ្ដិតមេដៃយល់ព្រមអស់ហើយ៖ «ដោះដូរគឺយើងបានសង់ខ្ទម យើងបានធ្វើការសម្របសម្រួលឱ្យគាត់ទៅនៅ កន្លែងស្របច្បាប់។ ដីហ្នឹងបងប្អូនដែលគ្មានដីនៅពិតប្រាកដ ដី ១០ភាគរយ យើងបែងចែកជូនគាត់ សម្រាប់ធ្វើលំនៅឋានពិតប្រាកដ។ ហើយបានបែងចែក ហើយគាត់បានផ្តិតមេដៃព្រមព្រៀងអស់ហើយ»។
ទោះជាយ៉ាងណាក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការពន្យារពេល មិនដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ នឹងបង្កប៉ះពាល់ជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋ។ លោកថា ទង្វើរបស់អាជ្ញាធរខេត្តព្រះវិហារ ហាក់ផ្គើននឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ៖ «គាត់មានការព្រួយបារម្ភ ព្រោះបើមិនព្រមដោះស្រាយ ដីធ្លីគាត់ហ្នឹងអត់មានសុវត្ថិភាពទេ ! មិនដឹងយ៉ាងណាទៅថ្ងៃមុខ។ អារម្មណ៍ផ្លូវចិត្តរបស់គាត់ រកធ្វើការងារណា ក៏មិនកើតដែរ ព្រោះ គាត់គិតថា មនុស្សបើមានរឿង ក្នុងចិត្តហើយ ធ្វើអ្វីក៏អត់ជ្រះស្រឡះដែរ។ ដូច្នេះអាជ្ញាធរគួរតែពន្លឿនដោះស្រាយជូនពួកគាត់»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ជម្លោះដីធ្លីនេះអាជ្ញាធរគួរតែដោះស្រាយជាយូរមកហើយ ដើម្បីផ្តល់លទ្ធភាពឱ្យពលរដ្ឋធ្វើលំនៅឋាន រស់នៅ មិនគួរអូសបន្លាយពេលច្រើនឆ្នាំដូច្នេះទេ។ លោកថា នៅខេត្តព្រះវិហារ មានបញ្ហាដីធ្លីជាច្រើនតំបន់ទៀត នៅបន្តរាំងស្ទះ មិនមានដំណោះស្រាយ ដែលទាមទារឱ្យរដ្ឋាភិបាល ចេញបទបញ្ជាជាបន្ទាន់មួយ ដើម្បីសម្រាលការលំបាករបស់ពលរដ្ឋទាំងកាយ និងចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។