ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួននៅក្នុងខេត្តកំពង់ចាម ដែលមានបញ្ហាដីធ្លី រឿងដីព្រៃលិចទឹក រឿងព្រៃសហគមន៍ រួមនឹងបញ្ហាធនធានធម្មជាតិផ្សេងទៀត ដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយ ត្រូវបានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម ប្រមូលមកធ្វើការពិភាក្សានៅមុខមន្រ្តីរដ្ឋាភិបាល និងមន្រ្តីជំនាញដើម្បីស្វែងរកដំណោះស្រាយនៅថ្ងៃទី៣០ ធ្នូ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ចាម លោក នាង សាវ៉ាត បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ខេត្តជុំវិញបញ្ហាដីធ្លី និងធនធានធម្មជាតិនៅពេលនេះ គឺដើម្បីផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋ ដែលមានបញ្ហាបានជួបជាមួយមន្រ្តីដែលពាក់ព័ន្ធ សម្រាប់កំណត់ពីការដោះស្រាយ និងបង្ហាញពីការទទួលខុសត្រូវចំពោះអាជ្ញាធរទាំងនោះ៖«ថាតើបើវាមានការប្រព្រឹត្តបទល្មើសអ៊ីចឹងតើមន្រ្តីជំនាញដែលជាមុខមាត់ ដែលជាដៃជើងរបស់រដ្ឋាភិបាលហ្នឹងលោកអាចធ្វើយ៉ាងម៉េចបាន ? វាទាក់ទងនឹងការទទួលខុសត្រូវ ពីព្រោះមន្រ្តីជំនាញទាំងអស់គាត់មានសិទ្ធិ ប៉ុន្តែគាត់ក៏មានការទទួលខុសត្រូវដែរ ប្រសិនជាមានការបំផ្លិចបំផ្លាញព្រៃលិចទឹក ការបំផ្លិចបំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិហ្នឹង វាត្រូវខូចខាត តើអ្នកណាជាអ្នកប្រព្រឹត្ត ? ហើយត្រូវទទួលទោសយ៉ាងម៉េច ? ហើយអ្នកទទួលខុសត្រូវហ្នឹងត្រូវទទួលខុសត្រូវយ៉ាងម៉េចដែរ ?»។
លោកថ្លែងបន្តថា ការអនុវត្តរបស់មន្រ្តីជំនាញនាពេលកន្លងមកហាក់បីដូចជាមិនមានតម្លាភាព ពីព្រោះមានប្រជាពលរដ្ឋមួយចំនួនបានកាន់កាប់លើដីដែលមានរយៈកាលយូរ ប៉ុន្តែមិនបានទទួលបានប័ណ្ណកម្មសិទ្ធិ ចំណែកឯអ្នកមានអំណាចទើបតែមកកាន់កាប់នាពេលក្រោយបែរជាមានប្លង់កម្មសិទ្ធិ។ មួយវិញទៀត ប្រជាពលរដ្ឋដែលទៅកាប់អុសនៅក្នុងព្រៃលិចទឹកសម្រាប់ដាំស្លបែរជាត្រូវមានទោស ប៉ុន្តែក្រុមហ៊ុនដែលឈូសឆាយព្រៃលិចទឹករាប់ពាន់ហិចតារ បែរជាមិនមានទោសជាដើម។

ថ្លែងនៅក្នុងពិធីនោះ អភិបាលរងខេត្តកំពង់ចាម អ្នកស្រី ខុង ស៊ុនអេង បានមានប្រសាសន៍ថា បញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម មួយចំនួន រដ្ឋាភិបាលកំពុងធ្វើការដោះស្រាយ ហើយមានមួយចំនួនទៀត ខាងអាជ្ញាធរខេត្តមិនទាន់បានទទួលនោះឡើយ។
អ្នកស្រីបន្ថែមថា ជាការប្រសើរ គប្បីប្រជាពលរដ្ឋដែលមានបញ្ហាទាំងនោះត្រូវដាក់ពាក្យបណ្តឹងមកថ្នាក់ខេត្ត ឬក៏អាចសរសេរសំបុត្រដាក់ក្នុងប្រអប់គណនេយ្យភាពរបស់ខេត្តតែម្តង ជុំវិញបញ្ហាទាំងអស់របស់ប្រជាពលរដ្ឋ ទើបធ្វើឱ្យខេត្តមានព័ត៌មានគ្រប់គ្រាន់សម្រាប់ធ្វើការដោះស្រាយ៖ « មិន ទាន់បានសិក្សាទេ ! អីចឹងខ្ញុំថា ដើម្បីឱ្យលោកអ៊ុំ ពូ មីង ទាំងអស់ រឿងដីអស់លុយច្រើន។ កុំអាលចូលតុលាការ ចូលទៅគណៈកម្មាធិការទំនាស់ដីធ្លី ហើយបើមិនបានចូលទេ សុំឱ្យដាក់ពាក្យបណ្តឹងនៅក្នុងប្រអប់សំបុត្រអនាមិក ដែលគេហៅថាប្រអប់សំបុត្រគណនេយ្យភាព។ នៅខាងត្បួងសាលាខេត្តមានមួយជាប់នឹងទីចាត់ការសមាគមក្រុមប្រឹក្សាខេត្ត »។
ក្នុងកិច្ចប្រជុំនោះ ក៏មានការសន្យាពីសំណាក់មន្រ្តីដែលពាក់ព័ន្ធមួយចំនួនក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះ។

ចំណែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានមានប្រសាសន៍ថា រាល់បញ្ហាមួយចំនួនដែលពិបាកក្នុងការដោះស្រាយ គឺដោយសារតែរឿងទាំងនោះមានការពាក់ព័ន្ធទៅនឹងមន្រ្តីធំៗ ដែលមានអំណាច ហើយមានមន្រ្តីថ្នាក់ខេត្តមួយចំនួនក៏បានរួមគំនិតជាមួយជនខិលខូចទាំងនោះ ទើបធ្វើឱ្យការដោះស្រាយត្រូវបានអូសបន្លាយ៖ «គឺដោយសារតែមានអំណាចខ្ពស់ៗធំៗ ហ្នឹងឯងដែលធ្វើទុក្ខបុកម្នេញដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។ ហើយដែលអាជ្ញាធរខ្លះ ដែលលោកនៅត្រឹមថ្នាក់ខេត្តថ្នាក់ស្រុកនេះ គាត់ខ្លាចជួនកាលមិនហ៊ាននឹងប៉ះពួកអ្នកធំៗនោះទេ។ អានេះហើយដែលជាបញ្ហាក្តៅគគុកនៅក្នុងសង្គមយើងបច្ចុប្បន្ន។ អ្នកមានអំណាចអ្នកមានខ្នងក្រាស់ៗនៅថ្នាក់ជាតិ គឺថាគាត់មកធ្វើអ្វីស្រេចតែចិត្តទៅតាមមូលដ្ឋាននានាហ្នឹង ហើយថ្នាក់ខេត្តហ្នឹងក៏មានការឃុបឃិតខ្លះដែរ បុគ្គលខ្លះក៏មានការឃុបឃិតធ្វើកិច្ចការហ្នឹងជាមួយពួកមន្រ្តីពួកអ្នកដែលគេហៅថាអ្នករកស៊ីខូចខិលហ្នឹង »។
លោកបានបញ្ជាក់នៅពេលបញ្ចប់កម្មវិធីថា អ្វីដែលជារឿងសំខាន់នោះអាជ្ញាធរដែលពាក់ព័ន្ធ គប្បីយកនូវរាល់បញ្ហាដែលបានពិភាក្សាទៅអនុវត្តដើម្បីធ្វើការដោះស្រាយឱ្យខាងតែបានទើបជារឿងប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕