ពលរដ្ឋរស់នៅក្នុងភូមិចំនួន ៥ភូមិ នៃឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខែត្រកំពង់ធំប្រមាណជាង ៣០០នាក់ បានលើកគ្នាតវ៉ារយៈពេល ២ថ្ងៃជាប់គ្នា បំណងទាមទារដីរបស់ពួកគេ ដែលអាជ្ញាធរដកហូត ហើយបម្លែងជាដីសម្បទានសង្គមកិច្ច។ ចំណែកអាជ្ញាធរបានដាក់កម្លាំងឃ្លាំមើលអ្នកភូមិដែលចេញតវ៉ា ហើយអះអាងថា ដីដែលពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។
ពលរដ្ឋ ៨នាក់ តំណាងឲ្យពលរដ្ឋជាង ៤រយគ្រួសារ រស់នៅភូមិចំនួន ៥ ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក បានមកដល់សមាគម អាដហុក នៅព្រឹកថ្ងៃទី៣០ មេសា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ផ្នែកច្បាប់ ករណីដែលអាជ្ញាធរខេត្តនេះ បានច្បាមយកដីស្រែ ដែលពួកគេអាស្រ័យផលតាំងពីដូនតា បំប្លែងជាដីសម្បទានសង្គមកិច្ច។
តំណាងពលរដ្ឋរស់នៅភូមិតាមុំ លោកស្រី ម៉ុង ហេង ឲ្យដឹងនៅថ្ងៃទី៣០ មេសាថា អ្នកភូមិជាង ៣០០នាក់ បានលើកគ្នាឃាត់គ្រឿងចក្រ ៥គ្រឿង ដែលកំពុងឈូសឆាយដីស្រែរបស់ពួកគេ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង និងប្រាប់ពួកគាត់ឲ្យរង់ចាំ មេឃុំចុះមកសម្របសម្រួលសិន។ ចំណែកអ្នកភូមិបានអង្គុយរង់ចាំ មេឃុំជាច្រើនម៉ោងពុំឃើញ អាជ្ញាធរឃុំចុះដោះស្រាយការតវ៉ារបស់ពួកគេនោះទេ កាលពីព្រឹកថ្ងៃទី២៩ មេសា។ ចំណែកសមត្ថកិច្ចចម្រុះជាច្រើននាក់ ប្រដាប់ដោយកាំភ្លើង នៅតែបន្តឈាមល្បាត ក្នុងភូមិ និងឃ្លាំមើល លោកស្រី ដែលចេញមុខតវ៉ារឿងនេះ៖ «និយាយទៅឈូសអស់ទាំងស្រុង គាត់ពុំមានដំណោះស្រាយឲ្យពួកខ្ញុំទេ។ ប្រភេទដីស្រែ គឺពុំមែនដីព្រៃទេ។ ដីនេះតាំងពីឪពុកម្ដាយខ្ញុំមក គាត់បាត់បង់ជីវិត តាំងយាយតាមក គឺច្រើនដំណមកហើយ។ ខ្ញុំគ្រាន់តែតវ៉ា សុំឲ្យមានដំណោះស្រាយ កុំឲ្យគាត់បិទសិទ្ធិមិនឲ្យពួកខ្ញុំតវ៉ា ព្រោះខ្ញុំអត់មែនបានខ្ញុំតវ៉ា»។
ស្ត្រីដដែលបន្ថែមថា គ្រួសារលោកស្រី មានដីស្រែជិត ១០ហិកតារ ជាដីកេរដូនតា ត្រូវបានអាជ្ញាធរខេត្តដកហូត ដោយពុំផ្ដល់ដំណឹងអ្វីទាំងអស់ ដោយលើកហេតុផលថា ដីទាំងនោះ ជាដីរបស់រដ្ឋ។ លោកស្រីត្អូញថា គ្រួសារលោកស្រីនឹងខ្វះដីធ្វើកសិកម្មចិញ្ចឹមជីវិត ប្រសិនបើអាជ្ញាធរមិនដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យត្រឹមត្រូវនោះទេ៖ «ពេលពួកខ្ញុំតវ៉ា គាត់ដាក់កម្លាំងសមត្ថកិច្ច និងការចាប់ខ្លួនតែម្ដងរហូតមកដល់ពេលនេះ។ ពេលម្សិលមិញខ្ញុំតវ៉ា ថ្ងៃនេះគាត់ដាក់សមត្ថកិច្ចមកព័ទ្ធផ្ទះរបស់ខ្ញុំ។ ខ្ញុំអត់មានដីស្រែទៀតទេ បើខ្ញុំអស់ប៉ុណ្ណឹង គឺខ្ញុំចប់ហើយ មិនដឹងថា ទីពឹងអ្វីទេ » ។
តំណាងពលរដ្ឋម្នាក់ទៀត លោកស្រី អ៊ាង ម៉េង វ័យ ៣១ឆ្នាំ ទទូចឲ្យអាជ្ញាធរដោះស្រាយវិបត្តិដីធ្លីនេះ ដោយយុត្តិធម៌ និងតម្លាភាព ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើស្រែចិញ្ចឹមជីវិត។ លោកស្រីថា អាជ្ញាធរមូលដ្ឋាន តែងគេចវេះមិនដោះស្រាយក្តីកង្វល់របស់ពួកគេ បើទោះបីជាអ្នកភូមិបានធ្វើដំណើរដល់សាលាឃុំជាញឹកញាប់ តែពុំឃើញមេឃុំ នៅទីនោះ៖ «មិនមានការព្រមព្រៀងពីពលរដ្ឋ ហើយក៏ពុំមានការប្រជុំព្រមព្រៀងពីគាត់ដែរ គឺគាត់លួចឈូសទាំងអស់ ទាំងដីស្រែគ្មានសល់ទេ។ និយាយទៅសុទ្ធតែស្រែតែម្ដង អត់មានព្រៃទេ។ តែថ្ងៃនេះក៏គេនៅតែឈូសដែរ ព្រោះមានប៉ូលិសទាហានច្រើន ដើម្បីទៅយាមការឈូសឆាយរបស់គាត់ » ។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចនេះ សម្រាប់ផ្ដល់ជូនពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងឃុំដូងទាំងមូល ដែលកំពុងខ្វះខាតដីរស់នៅ និងធ្វើកសិកម្ម ហើយអាជ្ញាធរជាតិបានអនុញ្ញាតឲ្យអាជ្ញាធរខេត្តអនុវត្តគម្រោងនេះ។ លោកបញ្ជាក់ថា អាជ្ញាធរបានកាត់ឆ្វៀល ផលប៉ះពាល់ដីស្រែរបស់ពលរដ្ឋចេញអស់ហើយ ប្រសិនបើពលរដ្ឋមិនសុខចិត្ត អាជ្ញាធរនឹងសម្របសម្រួលបញ្ហានេះ ជូនពលរដ្ឋ ក៏ប៉ុន្តែអ្នកភូមិត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។ លោកអះអាងថា ដីនៅតំបន់នោះ ពុំមែនជាកម្មសិទ្ធិរបស់ពលរដ្ឋនោះទេ ហើយកាលពីដើមឡើយ ដីទាំងនោះ ជាដីព្រៃលិចទឹក និងព្រៃរេចរឹល៖ «កន្លងមកគឺមានបងប្អូនខ្លះ គាត់បានអះអាងអីចឹង ហើយគាត់បានចូលខ្លួនដោះស្រាយជាបញ្ហាមួយដែលយើងខិតខំ សម្របសម្រួល ជាមួយបងប្អូនបើមាន គឺយើងបន្តដោះស្រាយ តែកន្លងមកតំបន់នេះពីដើមរៀងមក ជាដីរបស់រដ្ឋ ពុំមែនដី កម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទេ។ តែគាត់មានបំណងដោះស្រាយហៅគាត់សួរ ? ចុងក្រោយមានមេខ្លោង តែប៉ុន្មានអ្នកទេ អត់មានពីណាច្រើនទេដីហ្នឹង ហើយគាត់កៀរគរពលរដ្ឋដែលមិនដឹងរឿងសោះចូលហ្នឹងដែរ » ។
របាយការណ៍របស់អាជ្ញាធរខេត្តកំពង់ធំបង្ហាញថា គម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ សម្រាប់ចែកជូនពលរដ្ឋក្រីក្ររស់នៅឃុំដួង មានទំហំ ៣.០០០ហិកតារ និងបានកាត់ឆ្វៀលផលប៉ះពាល់រួចនៅសល់ត្រឹម ១.៩០០ហិកតារ។ មកទល់ពេលនេះ ពលរដ្ឋក្រីក្រ ដែលចុះឈ្មោះ វាយតម្លៃ ទទួលបានដីសម្បទានសង្គមកិច្ចមានជាង ៧២៥គ្រួសារ ដោយទទួលបានដីលំនៅឋាន ទទឹង ៣០ម៉ែត្រក្រឡា បណ្ដោយ ៤០ម៉ែត្រក្រឡា និងដីកសិកម្មទំហំ ២ហិកតារស្មើៗ គ្នា។ គម្រោងនេះ ឧបត្ថម្ភថវិកាដោយធនាគារពិភពលោក (World Bank) ដែលចុះសិក្សា និងវាយតម្លៃផលប៉ះពាល់តាំងពីឆ្នាំ២០០៩ ហើយបច្ចុប្បន្នកំពុងឈូសឆាយស្ថាបនាសាលារៀន និងផ្លូវជាដើម។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពង់ធំ លោក សុក រដ្ឋា យល់ថា អាជ្ញាធរគួរដោះស្រាយបញ្ហា ដែលនៅសេសសល់ឲ្យរួចរាល់សិន ទើបអនុវត្តគម្រោងនេះ ចៀសវាងនាំឲ្យពលរដ្ឋផ្ទុះការតវ៉ាដោយសារតែវិបត្តិដីធ្លីនេះ។ លោកមើលឃើញថា ពលរដ្ឋរាប់រយនាក់ នៅតែមានសន្ទុះតវ៉ាទាមទារដីធ្លីរបស់ពួកគាត់មកវិញ កាន់តែច្រើនឡើង ដោយសារតែក្រុមអ្នកភូមិ មិនសុខចិត្ត នឹងយន្តការដោះស្រាយរបស់អាជ្ញាធរ៖ «ប្រសិនបើមានឆន្ទៈដោះស្រាយពិតប្រាកដ ការដោះស្រាយហ្នឹង វានឹងអាចឆាប់ចប់ដែរ លើកលែងតែការដោះស្រាយហ្នឹង វាពុំមានឆន្ទៈពិតប្រាកដ ឬការដោះស្រាយរំពឹងផលប្រយោជន៍។ ខ្ញុំគិតថា ការដោះស្រាយរបៀបនេះ ពុំមានលទ្ធផលទេ ថែមទាំងធ្វើឲ្យពលរដ្ឋខឹងសម្បារ ហើយលែងជឿជាក់លើអាជ្ញាធរទៀតផង » ។
មន្ត្រីសង្គមស៊ីវិលរូបនេះផ្ដល់ទស្សនថា អាជ្ញាធរខេត្តត្រូវបញ្ជូនមន្ត្រីជំនាញ មានឆន្ទៈច្បាស់លាស់ ទៅដោះស្រាយបញ្ហានេះ ជូនពលរដ្ឋ ចៀសវាងយកមន្ត្រីគ្មានសីលធម៌ និង យកកងកម្លាំងប្រដាប់អាវុធ មកដោះស្រាយបញ្ហា នាំឲ្យពលរដ្ឋរឹតតែខឹងសម្បារ។ លោកសង្កេតឃើញថា អាជ្ញាធរបានបញ្ជូនកងកម្លាំងប្រដាប់អាវុធហត្ថ គំរាមកំហែងពលរដ្ឋ នៅគ្រា ដែលចុះដោះស្រាយបញ្ហានេះ ហើយរាល់ពេលដែលពលរដ្ឋជួបជុំសម្ដែងមតិ មានកងកម្លាំងចម្រុះឃ្លាំមើល និងយាមល្បាតជាប្រចាំ នៅតំបន់នោះ ដែលលោកចាត់ទុកថា ជាការគំរាមកំហែង និងរំលោភសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។