ពលរដ្ឋស្នើសុំរស់នៅបណ្ដោះអាសន្នលើទំនប់ខណៈការពង្រីកផ្លូវជាតិប៉ះចំផ្ទះរបស់ពួកគាត់
2015.02.13
ការពង្រីកផ្លូវជាតិលេខ៥ បានធ្វើឲ្យប៉ះពាល់ដល់ការតាំងទីលំនៅក្បែរផ្លូវ របស់ពលរដ្ឋភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលតម្រូវឲ្យពួកគាត់រុះរើផ្ទះថយទៅក្រោយ ប៉ុន្តែរុះរើសង់ថ្មីលើដីខាងក្រោយផ្ទះនោះ ត្រូវអាជ្ញាធរហាមឃាត់ទៀត។ បញ្ហានេះធ្វើឲ្យពលរដ្ឋនាំគ្នាតវ៉ានៅសាលាសង្កាត់ កាលពីព្រឹក ថ្ងៃ១២ ខែកុម្ភៈ សុំឲ្យជួយរកដី ឲ្យគាត់ស្នាក់នៅឲ្យបានឆាប់។
ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ផ្នែកខាងជើងរាជធានីភ្នំពេញ អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយឲ្យពួកគាត់មានដីស្នាក់នៅ ខណៈការពង្រីកផ្លូវជាតិ ធ្វើឲ្យបាត់បង់ដីនិងផ្ទះសម្បែង។
ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងថ្ងៃ១២ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពីសាលាសង្កាត់មិនទាន់អាចដោះស្រាយ តាមការទាមទារបាននៅឡើយ។
ពលរដ្ឋភូមិគ្រួស លោក ពេជ មុន្នី ឲ្យដឹងថា ការពង្រីកផ្លូវជាតិលេខ៥ ធ្វើឲ្យគាត់ប៉ះដីប៉ះផ្ទះអស់ ពាក់កណ្ដាល។ គាត់បានទទួលសំណង ជាប្រាក់ជាង១ពាន់ដុល្លារ។ គាត់ព្រមថយផ្ទះទៅខាងក្រោយ ប៉ុន្តែនៅពីក្រោយ គឺមានទំនប់អបផ្លូវ ដែលពលរដ្ឋបើកបរដឹកកសិផល តាមទំនប់នោះជាប្រចាំ។
គាត់បានស្នើសុំឲ្យអាជ្ញាធរសង្កាត់ ជួយអន្តរាគមន៍ ដើម្បីសង់ផ្ទះនៅបណ្ដោះអាសន្នលើទំនប់ ប៉ុន្តែអាជ្ញាធរមិនព្រមទើបអ្នកភូមិច្រើនគ្រួសារ មិនអាចរំកិលផ្ទះថយចេញពីផលប៉ះពាល់ ទៅក្រោយបានឡើយ៖ «ផ្ទះខ្ញុំគេត្រូវរុះទាំងអស់ បើរុះពាក់កណ្ដាលអត់កើតទេ។ ពេលរុះទៅ ត្រូវធ្វើខិតមកក្រោយ ដល់ពេលអីចឹងខាងខ្ញុំត្រូវចាក់ជើងសសរ ប៉ុន្តែខណ្ឌគេអត់ឲ្យធ្វើ»។
ដូចគ្នាដែរ លោក ប៉ាត សុផល ថ្លែងថា ពួកគាត់លើកគ្នាទៅសាលាសង្កាត់ សុំឲ្យមន្ត្រីជាប់ឆ្នោត ពន្យល់ពីការមិនអាចឲ្យអ្នកភូមិ ថយសិនបាននោះ។ លោកថាប្រសិនបើ មិនអាចថយទៅក្រោយ បាន ពួកគាត់មិនដឹង ទៅរស់នៅទីណាបានទេ បើសំណងថ្លៃប៉ះពាល់នោះសងតែផ្ទះ ចំណែកដីមិនមានសំណងទេ ហើយសំណងទទួលបានតែជាង១ពាន់ដុល្លារក្នុងក្បាលដី១០ម៉ែត្រ៖ «សងផ្ទះខ្ញុំមួយ បានតែ១.៧០០ដុល្លារ យើងយកទៅធ្វើផ្ទះវិញអត់បានផង ហើយអត់ដីនៅ ដឹងទៅនៅឯណាវិញ»។
ទាក់ទងបញ្ហានេះ ចៅសង្កាត់រងសំរោង លោក កង សែន ថ្លែងថា នៅព្រឹកថ្ងៃ១២កុម្ភៈ អ្នកភូមិច្រើនគ្រួសារបានមកសុំ ឲ្យអាជ្ញាធរសាលាសង្កាត់ដោះស្រាយ ប៉ុន្តែអាជ្ញាធរបានបញ្ជូនសំណើនោះទៅសាលាខណ្ឌ និងសាលារាជធានីភ្នំពេញទៀត៖ «ទាល់តែខាងអន្តរក្រសួង គេអះអាងថារកដីរកធ្លីដើម្បីឲ្យរដ្ឋបាលនឹងគេរកដីឲ្យប្រជាពលរដ្ឋ មានផលប៉ះពាល់នឹងទទួលបាន»។
បញ្ហានេះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា សាលារាជធានីភ្នំពេញ មិនពាក់ព័ន្ធ បញ្ហាពង្រីកផ្លូវនេះទេ លោកទម្លាក់ការទទួលខុសត្រូវនេះ ទៅលើសមត្ថកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ។
មេភូមិគ្រួស លោក ម៉ា ហុក ឲ្យដឹងថា មានអ្នកភូមិ១៥៣គ្រួសារ បានរស់នៅតាមផ្លូវជាតិលេខ៥។ក្នុងនោះមានមួយចំនួនធំ បានទទួលសំណងហើយ មានមួយចំនួនតូចបាត់បង់សៀវភៅគ្រួសារ កាតសំគាល់ខ្លួន ដែលមិនទាន់អាចទទួលបានសំណងពីផលប៉ះពាល់ចំណីផ្លូវនៅឡើយ៕