ស្ត្រីមានម្ដាយវ័យ ១១០ឆ្នាំ ដែលធ្លាប់សុំលោក ហ៊ុន សែន ជួយរឿងដីធ្លី នៅពុំទាន់បានដំណោះស្រាយ
2024.07.12
ស្ត្រីរងគ្រោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ដែលធ្លាប់ធ្វើដំណើរមកភ្នំពេញជាមួយម្ដាយអាយុ ១១០ឆ្នាំ ដើម្បីសុំឱ្យអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជួយរកយុត្តិធម៌ កាលពី ២ឆ្នាំមុន បានអះអាងថា លោកស្រីនៅមិនទាន់ទទួលបានយុត្តិធម៌នោះទេ ដោយសារតែមេធាវី និងមន្ត្រីដែលរដ្ឋាភិបាលបញ្ជូនឱ្យមកជួយលោកស្រី បានឃុបឃិតគ្នា ជាមួយមន្ត្រីថ្នាក់ខេត្ត បិទពាក្យបណ្ដឹងរបស់លោកស្រីរហូតមកដល់សព្វថ្ងៃ។
រឿងស្ត្រីមេម៉ាយនៅខេត្តបន្ទាយមានជ័យ ដែលបានដើរដេកតាមចិញ្ចើមផ្លូវជាមួយម្ដាយចាស់ជរា នៅរាជធានីភ្នំពេញ ដើម្បីរកយុត្តិធម៌ រឿងមន្ត្រីកងរាជអាវុធហត្ថបំពានយកដីធ្លី នោះ បានអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីរដ្ឋាភិបាល មានជាប់ពាក់ព័ន្ធនឹងការបន្លំឯកសារ លួចដីពលរដ្ឋយកទៅលក់។
ស្ត្រីរងគ្រោះ គឺលោកស្រី រិទ្ធ សុគន្ធា ប្រាប់វិទ្យុអាស៊ីសេរី ថា លោកស្រីទ្រាំរស់ទាំងភាពអយុត្តិធម៌ ជិត២០ឆ្នាំមកហើយ ដោយសារមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃុបឃិតគ្នាជាមួយមេឃុំ បន្លំធ្វើឯកសារ រំលោភយកដីធ្លីរបស់លោកស្រី នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកស្រី រិទ្ធ សុគន្ធា បានរម្លឹកថា បន្ទាប់ពីប្ដី ស្លាប់កាលពីឆ្នាំ២០០៧ មន្ត្រីឃុំកំពង់ស្វាយ និងមន្ត្រីប៉េអិមខេត្តបន្ទាយមានជ័យ បានរួមគំនិតគ្នា ក្លែងបន្លំឯកសារ លក់ដីរបស់លោកស្រីឱ្យទៅអ្នកដទៃទាំងបំពាន និងគំរាមចាប់លោកស្រីដាក់គុក ប្រសិនបើហ៊ានប្ដឹងតវ៉ា។
លោកស្រី រិទ្ធ សុគន្ធា៖ «គឺការទាំងអស់ហ្នឹង និយាយទៅតាមមាត់ទទេ អត់ដែលយកផ្លូវច្បាប់មកប្រើវែកញែកអ្វីទាំងអស់។ ខ្ញុំគ្រាន់តែចង់ស្នើយករឿងខ្ញុំ មកនិយាយដាក់លើតុ ដើម្បីដោះស្រាយតាមនីតិវិធី។ ព្រោះសូម្បីតែលើកទី១ ខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានការភូតកុហកទៅដល់ថ្នាក់លើ ក្នុងការដែលមានលិខិតអញ្ជើញខ្ញុំជាច្រើនថា ដោះស្រាយមានកំណត់ហេតុ អញ្ចេះមួយអញ្ចុះពីរ គឺមិនដែលមានទេ គឺសុទ្ធតែរឿងប្រឌិតរបស់ខេត្តទាំងអស់»។
លោកស្រី រិទ្ធ សុគន្ធា អះអាងថា ដោយសារខ្លាចរឿងនេះដឹងដល់ស្ថាប័នថ្នាក់ជាតិមន្ត្រីថ្នាក់ឃុំនិងខេត្ត បានផ្សំគំនិតគ្នារាំងខ្ទប់សំណុំរឿងនេះ និងចាប់ឃុំខ្លួនលោកស្រីជាច្រើនលើក។ ប៉ុន្តែស្ត្រីមេម៉ាយរូបនេះ បានប្ដូរផ្ដាច់ធ្វើដំណើរមកដាក់ពាក្យបណ្ដឹងនៅស្ថាប័នជាតិ និងតតាំងក្ដីនៅរាជធានីភ្នំពេញ។
វិវាទដីធ្លីរយៈពេលជិត ២០ឆ្នាំមកនេះ លោកស្រីបានធ្វើដំណើរមករាជធានីភ្នំពេញ លើសពី ១៥០លើក ដាក់ពាក្យប្ដឹងសុំអន្តរាគមន៍ តាមក្រសួងចំនួន ៧ស្ថាប័ន រត់ការយកឯកសារសុំជួបអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចំនួន ១៥លើក និងជាប់ឃុំចំនួន ៦លើក។ កាន់តែសង្វេគជាងនេះទៅទៀតនោះ កាលពីឆ្នាំ២០២២ គឺជាពេលដែលលោកស្រីមានជីវភាពលំបាកខ្លាំង ម្ដាយរបស់លោកស្រី ដែលកាលនោះមានអាយុ ១១០ឆ្នាំ បានសុំលោកស្រី ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីសុំអង្វរឱ្យអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជួយរហូតដល់ម្ដាយលោកស្រីធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។
លោកស្រី រិទ្ធ សុគន្ធា៖ «អត់ជឿជាក់ ម្ដាយខ្ញុំគាត់ស្រលាញ់សម្ដេច ហ៊ុន សែន ខ្លាំងណាស់ រហូតដល់គាត់បិទភ្នែក គាត់ថា សូមជូនពរឱ្យកូន បានទទួលយុត្តិធម៌ ម៉ែសុខចិត្តយកជីវិតមកប្ដូរនឹងដីនេះ ដែលជាញើសឈាមរបស់ម៉ែ»។
រឿងស្ត្រីមកពីខេត្តបន្ទាយមានជ័យ ដឹកដៃម្ដាយអាយុ១១០ឆ្នាំ ដើរសំពះសុំសំយាបផ្ទះគេដេក និងអាហារបរិភោគ នៅភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ រឿងវិវាទដីធ្លី នេះ បានធ្វើឱ្យមហាជនរិះគន់ប្រព័ន្ធយុត្តិធម៌ និងមានការអាណិតអាសូរដល់ពីរនាក់ម្ដាយកូននេះជាខ្លាំង។ ដោយសារឥទ្ធិពលរបស់មហាជន ដំណឹងនេះបានឮទៅដល់លោក ហ៊ុន សែន ហើយលោកបានបញ្ជាឱ្យក្រុមមេធាវីរដ្ឋាភិបាល និងនាយរងខុទ្ទកាល័យរបស់លោក ឱ្យចុះដោះស្រាយរឿងនេះ។
កាលពីដំបូង តំណាងមេធាវីរដ្ឋាភិបាល បានចុះទៅដល់ទីតាំងដីមានជម្លោះ និងទទួលស្គាល់ថា លោកស្រីពិតជាត្រូវអ្នកមានអំណាច ក្លែងបន្លំឯកសារបំពានយកដីធ្លីពិតប្រាកដមែន។ ក៏ប៉ុន្តែ បន្ទាប់ពីតំណាងមេធាវីរដ្ឋាភិបាល និងមន្ត្រីជំនិតលោក ហ៊ុន សែន បានជួបជាមួយមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យមក ពួកគេបានផ្លាស់ប្ដូរគោលជំហរ និងលើកឡើងថា ដីនោះមិនមែនជាកម្មសិទ្ធិរបស់លោកស្រីទៅវិញ។
ផ្ទុយពីការលើកឡើងនេះ លោកស្រី រិទ្ធ សុគន្ធា ចាត់ទុកការលើកឡើងរបស់តំណាងមេធាវីរដ្ឋាភិបាល គឺជាការកុហក និងបំភ្លៃសាច់រឿង ក្នុងចេតនាលាក់បាំងពីអំពើពុករលួយរបស់អាជ្ញាធរ។ លោកស្រីអះអាងថា ដីដែលត្រូវក្រុមមន្ត្រីបំពានយកនោះ គឺលោកស្រីបានទិញតាំងពីឆ្នាំ១៩៩៥ មានប័ណ្ណសម្គាល់កម្មសិទ្ធិស្របច្បាប់ ទទួលស្គាល់ដោយអភិបាលស្រុក និងមានសាក្សីត្រឹមត្រូវ ហើយការទិញនេះទៀតសោត គឺធ្វើឡើងនៅមុនពេលដែលលោកស្រីមានគ្រួសារទៅទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច ដើម្បីបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១១ ខែកក្កដា។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា លោកស្រី រិទ្ធ សុគន្ធា ពិតជាទទួលរងការរំលោភបំពានដីធ្លី ដោយមន្ត្រីរដ្ឋាភិបាលពិតប្រាកដមែន។ លោក អ៊ិន គង់ជិត ស្នើឱ្យស្ថាប័នថ្នាក់ជាតិ គួរតែសើរើសំណុំរឿងនេះឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ។
លោក អ៊ិន គង់ជិត៖ «មកដល់ពេលនេះ គាត់នៅតែរងគ្រោះ ហើយបាត់បង់ដីធ្លីផ្ទះសម្បែង ទៅជ្រកកោន នៅកន្លែងអ្នកដទៃ ហើយជីវភាពគាត់ក្រដុនដាប មិនតែប៉ុណ្ណោះ គាត់ប្រឈមនឹងរឿងអសន្តិសុខផ្ទាល់ខ្លួន។ អ៊ីចឹងអ្នកប្រព្រឹត្តសូមបញ្ឈប់សកម្មភាពទាំងអស់ហ្នឹង ហើយងាកមកជួយរកដំណោះស្រាយជូនគាត់ ព្រោះគាត់ជាស្ត្រីវ័យចំណាស់ម្នាក់ ដែលគាត់ទុរគត ក្រខ្សត់ពុំមានធនធាន គួរតែអាណិត មេត្តា ក្នុងនាមអ្នកដឹកនាំដែលកាន់ព្រះពុទ្ធសាសនា»។
លោកស្រី រិទ្ធ សុគន្ធា នៅតែប្ដេជ្ញាទាមទារយុត្តិធម៌ ដើម្បីបំពេញតាមបំណងប្រាថ្នាម្ដាយរបស់លោកស្រី ទោះបីត្រូវប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ។ លោកស្រីសង្ឃឹមថា សម្រែកទាមទារយុត្តិធម៌នេះ នឹងបានឮដល់ថ្នាក់ដឹកនាំ និងបញ្ជាឱ្យសើរើរឿងនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។