ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ចោទប្រកាន់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ថា ប្រើ​អំពើ​ហិង្សា

ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់ ដែល​បាន​ចេញមុខ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​កាយ​ដី​ខាងក្រោយ​ផ្ទះ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរតែ​ស្ដាប់​នូវ​តម្រូវការ និង​ដោះស្រាយ​ជូន​បញ្ហា​ដល់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក កាលពី​ព្រឹក​ថ្ងៃទី៦ មេសា បាន​ចូល​ទៅ​សួរនាំ​អាជ្ញាធរ ពី​ការ​កាយ​ដី​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់ ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ នឹង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់ រង​របួស​ស្រាល។

ពលរដ្ឋ​រងគ្រោះ លោកស្រី សឿន ស្រីសុទ្ធ ចាត់ទុក​ការប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មក​លើ​លោកស្រី និង​ស្វាមី ជា​អំពើ​សាហាវឃោរឃៅ​មក​លើ​ពលរដ្ឋ។

លោកស្រី សឿន ស្រីសុទ្ធ៖ «គាត់​អត់​មាន​ចាប់​ចេញ​ទេ គាត់​វៃ​ប្ដី​ខ្ញុំ ហើយ​ទាញ​ខ្ញុំ​ទម្លាក់​ពីលើ​អេស្ដាវ៉ាទ័រ(Excavator)ហើយ​ខ្ញុំ​រត់​ទៅ​ជួយ​ប្ដី​ខ្ញុំ គាត់​ច្រាន​ខ្ញុំ គាត់​វៃ​ខ្ញុំ ទះកំផ្លៀង​ខ្ញុំ​ជា​ស្ត្រី ដែល​ជា​ជនរងគ្រោះ​ការពារ​ដី​ផ្ទះ​របស់​ខ្លួនឯង គាត់​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវឃោរឃៅ ។ ពួកគាត់​ជា​កងកម្លាំង​សណ្ដាប់ធ្នាប់​មិនមែន​ការពារ​ប្រជាពលរដ្ឋ​ទេ បែរជា​ប្រើ​អំពើ​ហិង្សា»។

ចំណែក​លោក សាយ សារិទ្ធ ដែល​ត្រូវជា​ប្ដី​លោកស្រី សឿន ស្រីសុទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដំបូង​ឡើយ លោក​បាន​ចូល​ទៅ​ឃាត់​គ្រឿងចក្រ ដើម្បី​សាកសួរ​អំពី​ការ​កាយ​ដី ប៉ុន្តែ​អាជ្ញាធរ​គ្រានោះ បាន​ចាប់​ប្រពន្ធ​លោក ហើយ​អូស​ទម្លាក់​ពីលើ​គ្រឿងចក្រ ទើប​លោក​ចូល​ទៅ​ឃាត់។

tamok2.jpg
លោក សាយ សារិទ្ធ ​ប្ដី​លោកស្រី សឿន ស្រីសុទ្ធ ជនរងគ្រោះសហគមន៍បឹងតាមោក។ ​រូប៖ ពលរដ្ឋផ្ដល់អោយ

លោក សាយ សារិទ្ធ៖ «សុំ​តែ​បង​ឯង(​អាជ្ញាធរ​)កុំ​ធ្វើ​ទៀត​បាន​ហើយ ខ្ញុំ​ទៅ​ជួប​មេភូមិ មេឃុំ​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ អីចឹង​ក៏​ខ្ញុំ​ឃើញ​ពួកគាត់​អោប​ប្រព័ន្ធ​ខ្ញុំ ខ្ញុំ​ខឹង​ខ្ញុំ​ក៏​ទាញ​អា​កំណាត់ឈើ​ខ្លី​មួយ គប់​ដោយ​ដៃ​ឆ្វេង គប់​មិនកើត​ទេ គ្រាន់តែ​គប់ តែ​គប់​មិន​ត្រូវ​ទេ ដល់ពេល​ពួកគាត់​ខឹង​ខ្ញុំ​ទៅ គាត់​បញ្ជា​ឲ្យ​គ្នា​គាត់​ហក់លោត​មក​ច្របាច់ក​ខ្ញុំ​បី បួន​នាក់ ម្នាក់​ទាត់​ពីក្រោយ អ្នកខ្លះ​ទាក់​ជ្រមុជ​កប់​នឹង​ភក់​អីចឹង​ទៅ»។

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​១៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល នៅ​ព្រឹក​ថ្ងៃទី​៦ មេសា បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​ចំនួន ២​គ្រឿង យក​មក​កាយ​ដី នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ នៅ​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែកព្នៅ ហើយ​នៅពេល​ពលរដ្ឋ​ចូល​ទៅ​ហាមឃាត់​សកម្មភាព​កាយ​ដី​នោះ នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ បណ្ដាល​ឲ្យ​ពលរដ្ឋ​២​នាក់ រងរបួស​ស្រាល។

ក្រោយ​ពី​ប៉ះទង្គិច​គ្នា ពលរដ្ឋ​ឲ្យ​ដឹង​ថា អាជ្ញាធរ​សង្កាត់​សំរោងត្បូង បាន​ហៅ​ពលរដ្ឋ​នៅ​តំបន់​នោះ ឲ្យ​ទៅ​ទទួល​គោល​នយោបាយ​ដោះដូរ​ដី ដែល​នៅ​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ពី​លំនៅឋាន​របស់​ពួកគាត់។

ពលរដ្ឋ​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ ប្រមាណ​៣៥​គ្រួសារ​ហើយ​បាន​ទទួលយក​គោលការណ៍​ដោះដូរ​ដី ជាមួយ​អាជ្ញាធរ ព្រោះ​ដី​ពួកគេ​ទាំងនោះ មាន​ទំហំ​តូចៗ សាក​សមជា​មួយ​គោលការណ៍​ដោះដូរ ដែល​ទទួល​បាន​ដី​មួយ​ឡូត៍​ទំហំ ទទឹង​៤​ម៉ែត្រ​កន្លះ បណ្ដោយ​១៨ ម៉ែត្រ ផ្ទះ​មួយ​ខ្នង និង​លុយ​ចំនួន មួយ​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​ពលរដ្ឋ​ជាង​៧០​គ្រួសារ​ផ្សេងទៀត ដែល​មិន​ទទួលយក​ដំណោះស្រាយ អះអាង​ថា ពួកគាត់​រស់នៅ​អាស្រ័យ​ផល លើ​អនុផល​ពី​បឹង​តា​មោក និង​យក​អនុផល​ទាំងនោះ មក​លក់​នៅមុខ​ផ្ទះ តាម​បណ្ដោយ​ផ្លូវ​លេខ ១៥១ នៅ​សង្កាត់​សំរោង​ត្បូង ហើយ​បើ​ផ្លាស់​ទៅ​នៅ​កន្លែង​ថ្មី គឺ​ពិបាក​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក ធឹម សំអាន អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​សំណើ​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៦ មេសា ដោយ​ទូរស័ព្ទ​ចូល តែ​ត្រូវ​ចុច​បិទ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ បញ្ហា​ពលរដ្ឋ​នៅ​តំបន់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​គួរតែ​ស្ដាប់​អំពី​តម្រូវការ​របស់​ពលរដ្ឋ និង​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​ពួកគេ​ចង់បាន។

លោក រស់ សុដ្ឋា៖ «ក្នុងនាម​យើង​ជា​ប្រទេស ដែល​ប្រកាន់យក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គឺ​យក​ប្រជាពលរដ្ឋ​ជាធំ មាន​ន័យថា យើង​ស្ដាប់​កង្វល់​របស់​ប្រជារាស្ត្រ យើង​គួរតែ​ពិចារណា​នូវ​តម្រូវការ​របស់​ពួកគាត់ តើ​ការ​ដក​ហូត​បឹង​តាមោក​នោះ វា​ប៉ះពាល់​ទៅដល់​សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌​របស់​ពួកគាត់​យ៉ាងណា យើង​គួរតែ​ពិចារណា​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ដែរ ព្រោះថា យើង​មានច្បាប់​អស្សាមិករណ៍​ផង​ដែរ​ណា»។

ជម្លោះដីធ្លី​រ៉ាំរ៉ៃ របស់​ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោក បាន​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ​មក​ហើយ ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់​ដី​នៅ​តំបន់​នោះ ឱ្យទៅ​អ្នកមាន​លុយ​មានអំណាច​ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា។ ចំណែក​ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ដោយ​បង្ខំ។

ទង្វើ​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ធ្លាក់ខ្លួន​ក្រីក្រ ជំពាក់​បំណុល​ធនាគារ និង​ក្មេងៗ​មួយ​ចំនួន​បោះបង់​ការសិក្សា ដោយ​ពួកគេ​ងាក​មក​ជួយ​ឪពុកម្ដាយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ