ស្ត្រី​តវ៉ា​សហគមន៍​បឹង​តាមោក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប

ដោយ ទីន ហ្សាការីយ៉ា
2024.02.29
ស្ត្រី​តវ៉ា​សហគមន៍​បឹង​តាមោក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​អាជ្ញាធរ​ប្រើ​ហិង្សា​បង្ក្រាប ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក នាំគ្នាលើកបដាតវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញចេញ​ពី​សំណាក់អាជ្ញាធរ នៅថ្ងៃទី២៩ កុម្ភៈ ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹងតាមោក​ម្នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ទន់ខ្សោយ ក្រោយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ប្រមាណ​២០០​នាក់ ប្រើ​អំពើ​ហិង្សា និង​យក​គ្រឿងចក្រ​មក​កាយ​ប្រឡាយ​ក្រោយ​ផ្ទះ​ពលរដ្ឋ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត​ពលរដ្ឋ។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី និង​ប្រឈម​ការ​បណ្ដាញ​ចេញ​ទាំង​បង្ខំ លើកឡើង​ថា ស្ត្រី និង​កុមារ​ដែល​រង​ការប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​តក់ស្លុត និង​មាន​បញ្ហា​ស្មារតី​មិនល្អ។

សកម្មជន​ការពារ​ដីធ្លី​បឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ថា ស្ត្រី​ម្នាក់​ដែល​អាជ្ញាធរ​ប្រើ​ហិង្សា​វាយ​ចំ​ទ្រូង​ឱ្យ​សន្លប់ បច្ចុប្បន្ន​គាត់​មាន​សុខភាព​ទន់ខ្សោយ និង​ប៉ះទង្គិច​ផ្លូវចិត្ត​។ លោកស្រី​បន្ត​ថា គឺជា​រឿង​អមនុស្សធម៌ និង​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ស្លូតត្រង់​ដែល​ប្រើប្រាស់​សិទ្ធិ​ការពារ​ដីធ្លី​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​បែរ​ជា​អាជ្ញាធរ​វាយដំ​ទៅវិញ។

លោកស្រី ស៊ា ដាវី៖ «មើលទៅ​រូបភាព​ព្រៃផ្សៃ​មែនទែន​ដែល​អាជ្ញាធរ​អនុវត្ត​មក​លើ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​មិន​ទាន់​មាន​ដំណោះស្រាយ​ហើយ​សម្លុត​គំរាមកំហែង​ហើយ​ប្រើ​ពាក្យ អសុរោះ​អសីលធម៌​មក​លើ​ពួក​ខ្ញុំ​សុទ្ធតែ​ស្រីៗ​ហៅ​ពួក​ខ្ញុំ​សុទ្ធតែ​ង៉ែង ហង បង​ទទួល​យក​អត់​បានទេ ហើយ​សួរ​ថា អាជ្ញាធរ​មាន​ប្រកប​សីលធម៌​វិជ្ជាជីវៈ​ជា​អាជ្ញាធរ ឬក៏​មាន​តួនាទី​ជា​អ្នកការពារ ជា​អ្នកបម្រើ មក​ប្រើ​អំពើ​ហិង្សា​ហើយ​មក​ប្រើ​ហិង្សា​ពាក្យសំដី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវចិត្ត​ពួក​ខ្ញុំ​មែនទែន»

រីឯ​លោកស្រី យឹម ស្រីណយ ដែល​រង​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ពេល​នេះ​កំពុង​សម្រាក​នៅផ្ទះ ដោយ​ទទួល​បាន​ការ​ព្យាបាល​ពី​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ (LICADHO) ក្រោយ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ព្រែកព្នៅ មិន​ទទួល​ព្យាបាល ដោយ​ពេទ្យ​អះអាង​ថា លោកស្រី​គ្មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ដដែល​នេះ​សហគមន៍​បឹង​តាមោក និង​ក្រុម​យុវជន​ប្រមាណ​ជិត​១០០​នាក់​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ និង​កាត់​ឆ្វៀល​ដីជូ​ន​ពួកគាត់។ ពួកគាត់​នាំគ្នា​កាន់​រូបថត លោក ហ៊ុន ម៉ាណែត និង​កាន់​បដា​ដែល​មាន​ខ្លឹមសារ​ថា ដីធ្លី​គឺជា​អាយុជីវិត​របស់​ពលរដ្ឋ។

និស្សិត​សិក្សា​ផ្នែក​គណនេយ្យ នៅ​រាជធានី​ភ្នំពេញ កញ្ញា ឡាច ធីណា ដែល​បាន​ចូលរួម​ឃ្លាំមើល ថ្លែង​ថា ការចូលរួម​របស់​យុវជន​ជាមួយ​សហគមន៍​បឹង​តា​មោក​គឺ​ក្នុង​គោលបំណង​ចង់​ផ្សព្វផ្សាយ​ពី​ភាព​អយុត្តិធម៌​នៅក្នុង​សង្គម និង​ភាព​ទន់ខ្សោយ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល។

កញ្ញា ឡាច ធីណា៖ «សូម​អំពាវនាវ​ដល់​អាជ្ញាធរ ជាពិសេស​ភាគី​ពាក់ព័ន្ធ​សូម​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​ក្នុងនាម​ជា ជា​អាជ្ញាធរ​បម្រើ​ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​តួនាទី​ខ្លួនឯង​ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ប្រើ​នីតិ​មាត់​មក​និយាយ​តែ​ត្រូវ​ប្រើ​នីតិរដ្ឋ​មក​និយាយ​វិញ»

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​យក​អេស្កាវ៉ាទ័រ​ទៅ​កាយ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ក្រោយ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​តា​មោក ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ ។ សកម្មភាព​ប៉ះទង្គិច​គ្នា​នេះ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ដួលសន្លប់ និង​កុមារ​ម្នាក់​រលាកភ្លើង​ត្រង់​ចង្កេះ ហើយ​អ្នកខ្លះ​ទៀត​រង​របួល​ស្រាល​។ ពលរដ្ឋ​អះអាង​ថា ការ​កាយ​ប្រឡាយ​ធ្វើ​ផ្លូវ​រំដោះ​ទឹក​ស្អុយ​ក្រោយ​ផ្ទះ​របស់​ពួកគាត់​គឺជា​ចេតនា​របស់​អាជ្ញាធរ​ចង់​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​តែប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​អាជ្ញាធរ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​គួរតែ​ត្រួតពិនិត្យ​ឡើងវិញ​លើ​បញ្ហា​នេះ ដើម្បី​កុំឱ្យ​ពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​បន្ថែម​ទៀត។

លោក អំ សំអាត៖ «អ្វី​ដែល​បាន​កើត​ឡើង​យើង​ឃើញ​ថា ការប្រើប្រាស់​អំពើ​ហិង្សា ទៅ​លើ​រាងកាយ​ទៅ​សិទ្ធិ​របស់​ពលរដ្ឋ​ហ្នឹង​ទៅវិញ​ទេ អ្វី​ដែល​សំខាន់​អាជ្ញាធរ​និង​ពលរដ្ឋ​ហ្នឹង​គួរតែ​ស្វែងរក​ដំណោះស្រាយ​មួយ​ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​កុំឱ្យ​មាន​ផ្ទុះឡើង​នូវ​អំពើ​ហិង្សា​កើតឡើង​ពីព្រោះ​ការ​ផ្ទុះ​អំពើ​ហិង្សា វា​អត់​ចំណេញ​ហើយ​វា​នាំ​ឱ្យ​មាន​ការរិះគន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស»

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ភូមិ​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ អះអាង​ថា ពួកគាត់​អាស្រ័យ​ផល​លើ​ដី​នេះ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦​មក ហើយ​ពួកគាត់​ប្រឈម​នឹង​បាត់បង់​ដីធ្លី​ចាប់តាំងពី​រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹង​តា​មោក ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​គ្រាក់ៗ​ក្នុង​ស្ថាប័នរដ្ឋ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។