ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​បឹង​តាមោក​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​រុះរើ​ស្ពាន​សហគមន៍

ដោយ យ៉ង ចាន់តារា
2023.05.11
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​បឹង​តាមោក​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​រុះរើ​ស្ពាន​សហគមន៍ ទិដ្ឋភាពអាជ្ញាធរខណ្ឌ​ព្រែកព្នៅ ចុះ​រុះរើ​ស្ពាន​ពលរដ្ឋ​ឆ្លង​បេះ​ត្រកួន នៅក្បែរ​តំបន់​បឹង​តាមោក ភូមិ​សំរោងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ​ កាលពីថ្ងៃទី១០ ឧសភា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​បឹង​តាមោក ភូមិ​សំរោងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ​ប្រមាណ១៥០នាក់ ប្រមូល​ផ្ដុំ​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​រុះរើ​ស្ពាន ដែល​ពលរដ្ឋ​សាងសង់​សម្រាប់​ឆ្លង​ទៅ​ក្នុង​បឹង​ដើម្បី​បេះ​ត្រកួន រាវ​ខ្យង និង​រក​ត្រី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព។

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​១៥០នាក់ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង​២​រយគ្រួសារ (២៥០) ស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ឈប់​រុះរើ​ស្ពាន​សហគមន៍ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​នៅ​បឹងតាមោក លោកស្រី ប្រាក់ សុភា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១០ ឧសភា ថា លោកស្រី​រស់​នៅ​រងទុក្ខ​ដោយសារ​ការ​រំលោភ​យក​ដី​ហើយ គ្រាន់តែ​លោកស្រី និង​ពលរដ្ឋ​សាងសង់​ស្ពាន​ទុក​សម្រាប់​ធ្វើ​ដំណើរ និង​ឆ្លង​ទៅ​រក ត្រី ខ្យង ព្រលិត ត្រកួន​ដើម្បី​ចិញ្ចឹម​ជីវិត​ក៏​អាជ្ញាធរ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា និង​បំផ្លាញ​ស្ពាន​មិន​ឱ្យ​ពលរដ្ឋ​សាងសង់​បន្ត​ដែរ។ លោកស្រី​បន្ត​ថា ​មូលហេតុ​ដែល​លោកស្រី និង​ប្រជាពលរដ្ឋ​សាងសង់​ស្ពាន​ឫស្សី​ប្រវែង​៨០ម៉ែត្រ​នេះ​ពីព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ លក់​បុរី និង​ផ្ទះល្វែង បាន​ធ្វើ​របង​ព័ន្ធ​ជុំវិញ​ផ្ទះ​លោកស្រី​ដែល​ធ្វើ​ឱ្យ​លោកស្រី​ពុំ​មាន​ផ្លូវ​ដើរ ហើយ​ជាពិសេស​នៅ​មាន​មេឃ​ភ្លៀង​ម្ដងៗ​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ធ្វើ​ដំណើរ ។

លោកស្រី ប្រាក់ សុភា៖ «ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​មេត្តា​បើ​ភ្នែក​សហគមន៍​រង​គ្រោះ​ក៏​ដូចជា​បណ្ឌិត​បេក្ខភាព​ថ្មី​មេត្តា លោក​ថយ​បន្តិច​មើល​ពលរដ្ឋ​ផង​ព្រោះ​អី​សន្តិភាព​សូម​កុំ​ឱ្យ​មាន ប៉ុល ពត សម័យ​សន្តិភាព​សូម​កុំ​ឱ្យ​មាន​ ប៉ុល ពត សម័យ​អភិវឌ្ឍន៍​សូម​កុំ​ឱ្យ​ធ្វើ​ការអភិវឌ្ឍន៍​លើ​ទឹក​ភ្នែក​ពលរដ្ឋ ពីព្រោះ​ជិត​ការ​បោះឆ្នោត​កាន់​តែ​កៀក ហើយ​អ៊ីចឹង​កុំ​ឱ្យ​ពលរដ្ឋ​កាន់​តែ​អស់​ទំនុក​ចិត្ត​អា​មុន​ជិត​បោះឆ្នោត​អង្វរ​បោះឆ្នោត​ហើយ​សំពោង»

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្បែរ​បឹង​តាមោក លោកស្រី សឿន ស្រីសុត ថ្លែង​ថា លោកស្រី​ខកចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន ហើយ​បែរជា​ប្រើ​ហិង្សា លើ​លោកស្រី​ធ្វើ​ឱ្យ​លោកស្រី​រង​របួស​ដៃ​និង​ជើង ក្នុង​ពេល​លោកស្រី និង​អ្នកភូមិ​ផ្សេងទៀត ព្យាយាម​តវ៉ា​ប្រឆាំង​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ស្ពាន កាលពី​ថ្ងៃទី៩ ឧសភា។ ។ លោកស្រី​បន្ត​ថា នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ស្លូតត្រង់​ដែល​អ្នក​មាន​អំណាច​បុណ្យស័ក្ដិ​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​ព្រម​ទាំង​បិទ​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៀត។

លោកស្រី សឿន ស្រីសុត៖ «ខ្ញុំ​មិន​ដឹង​ថា​បេះដូង​អភិបាល​ខណ្ឌ ឬ​បេះដូង​អភិបាល​ក្រុង ឃួង ស្រេង ខ្ញុំ​មិន​ដឹង​ថា​បេះដូង​គាត់​សាង​ពី​អី គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ គាត់​មិន​ដែល​ជួយ​ពលរដ្ឋ​សូម្បី១រយ​លុយ​ខ្មែរ​តែ​គាត់​ធ្វើ​ទុក្ខបុកម្នេញ​ពួក​ខ្ញុំ​ខ្លាំង​មែនទែន ពួក​ខ្ញុំ​រង​ការ​ឈឺចាប់​ខ្លាំង​ណាស់​ពីព្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ផ្ទៃ​បឹង​គាត់​លុប​អភិវឌ្ឍន៍​អស់ កន្លែង​ពួក​ខ្ញុំ​បាត់បង់​ចំណូល​អស់​ហើយ តែ​ហេតុ​អី​គាត់​មក​រំលោភ​បំពាន​ដី​ពួក​ខ្ញុំ​ទៀត រាល់ថ្ងៃ​គាត់​ត្រៀម​ខ្លួន​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ដោយ​ការ​ដោះ​ដូរ​ដី​ទៅ​ទី​តាំង​ថ្មី​កន្លែង​ថ្មី ដែល​ពួក​ខ្ញុំ​មិន​អាច​រស់នៅ​បាន»

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ប្រមាណ ៤០នាក់​បាន​យក​រណា​យន្ត​កាត់​រុះរើ​ស្ពាន​ឫស្សី​ប្រវែង ៨០ម៉ែត្រ​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សម្រាប់​ធ្វើ​ដំណើរ និង​អាជ្ញាធរ​មួយ​ចំនួន​ទៀត​បាន​ប្រើ​ហិង្សា​រុញច្រាន​ធ្វើ​ឱ្យ​ស្រ្តី១០នាក់​រង​របួស​កាលពីថ្ងៃទី០៩ ឧសភា ដោយសារ​តែ​ពលរដ្ឋ នាំ​គ្នា​តវ៉ា​ប្រឆាំង​សកម្មភាព​របស់​អាជ្ញាធរ។ ។ ក្រៅពី​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ក្រុម​អាជ្ញាធរ​ថែម​ទាំង​ជេរ​ប្រមាថ និង​ចោទប្រកាន់​ពលរដ្ឋ​រំលោភ​យក​ដី​រដ្ឋ​ដើម្បី​សាងសង់​ស្ពាន​ទៀត​ផង ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា​ពួកគាត់​សាងសង់​នៅ​លើ​ដី​របស់​ពួកគាត់​នោះ​ទេ។

បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​តាមោក​ប្រឈម​នឹង​ការ​បណ្ដាញ​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល នៅតែ​បន្ត​កាត់​ឆ្វៀល និង​ដោះដូរ ទៅ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​មនុស្ស​មួយ​ក្រុម ដែល​ ជា​អ្នកមាន​លុយ​មានអំណាច​ជាពិសេស​ក្រុម​គ្រួសារ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ឱ្យ​ពួកគេ​កសាង​អគារ បុរី វីឡា ខុនដូ និង​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ជាដើម ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក ឃឹម សំអាន និង អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី១០ ឧសភា។

ជុំវិញ​រឿង​នេះ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រសួង​ពាក់ព័ន្ធ​គួរតែ​ចុះ​ទៅ​ត្រួត​ពិនិត្យ និង​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ចៀសវាង​ការ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ។ លោក​បន្ត​ថា អាជ្ញាធរ​មាន​កាតព្វកិច្ច​ការពារ​ប្រជាពលរដ្ឋ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​អ្នក​មាន​អំណាច មិនមែន​ការពារ​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

លោក អំ សំអាត«គ្រាន់តែ​សំណូមពរ​ទេ​ថា​អាជ្ញាធរ​មាន​បទ​ពិសោធ​ច្រើន​ហើយ​នៅ​ក្នុង​បញ្ហា​ដីធ្លី ហើយ​យើង​ក៏​ឃើញ​មាន​បញ្ហា​កើត​ច្រើន​ហើយ​រឿង​ដីធ្លី​ទាំងអស់​ហ្នឹង​ជាពិសេស​រឿង​អំពើ​ហិង្សា ការ​ចាប់​ខ្លួន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ អ៊ីចឹង​ចំណុច​នេះ​ហើយ​ដែល​ទាមទារ​ឱ្យ​ឃើញ​គិត​គូរ​ពិចារណា​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ក្នុង​ការ​ចៀស​នៅ​រាល់​អំពើ​ហិង្សា ឬ​ក៏​អំពើ​ផ្សេងៗ​ដែល​កើត​ឡើង​អំពី​បញ្ហា​ដីធ្លី​នោះ»

ស្ទើរតែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​នៅ​ពេល​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ឬ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពួក​អាជ្ញាធរ​ទាំង​នោះ​តែងតែ​លាប​ពណ៌​ពលរដ្ឋ​វិញ​ថា ជា​ក្រុម​ប្រឆាំង ឬ​ជា​អ្នក​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​អ្នក​ខ្លះ​ទៀត​មាន​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម។

កន្លង​មក​ប្រជាពលរដ្ឋ​តែង​ធ្វើ​ពិធី​តាម​បែប​សាសនា​ដើម្បី​សុំ​ឱ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​ការពារ​ដី​របស់​ពួកគេ ពីព្រោះ​តែ​ពួកគេ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ដែល​មិន​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​ពលរដ្ឋ​ថែមទាំង​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឈូស​ឆាយ​បូម​ខ្សាច់​ដើម្បី​យក​ផ្ទៃ​បឹង​តាមោក ​យក​សាងសង់​បុរី ខុនដូ បាន​តាម​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។