ពលរដ្ឋ​រស់​នៅ​ខេត្តឧត្តរមានជ័យ​ ត្អូញរឿង​គ្មាន​ដី​អាស្រ័យ​ផល ក្រោយ​ពី​អាជ្ញាធរ​ថៃ​ហាម​​មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី​​​​​​​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា

ដោយ ម៉ៅ សុធានី
2024.10.20
ពលរដ្ឋ​រស់​នៅ​ខេត្តឧត្តរមានជ័យ​ ត្អូញរឿង​គ្មាន​ដី​អាស្រ័យ​ផល ក្រោយ​ពី​អាជ្ញាធរ​ថៃ​ហាម​​មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី​​​​​​​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា ក្រុមទាហានអាវខ្មៅ និងអាជ្ញាធរកំពុងឈរចរចាគ្នា ពាក់ព័ន្ធការអាស្រ័យផលរបស់ពលរដ្ឋខ្មែរនៅតំបន់ដីត្រូតស៊ីគ្នា នៅចំណុចភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ពលរដ្ឋ​មួយចំនួន​រស់នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ត្អូញត្អែរ​ថា គ្មាន​ដី​អាស្រ័យ​ផល​ទៀត ក្រោយពី​អាជ្ញាធរ​ថៃ​ហាម​ពួកគាត់ មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា ឬ​ហៅថា តំបន់​ស។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​អាស្រ័យ​ផល​ឡើងវិញ ព្រោះថា​ជិត ២០​ឆ្នាំ​ហើយ ដែល​ពួកគាត់​អាស្រ័យ​ផល​លើ​ដី​នេះ ពុំ​ដែល​មាន​បញ្ហា​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ប្រមាណ ២០​គ្រួសារ​បារម្ភ​អំពី​បញ្ហា​ជីវភាព ដោយសារតែ​ពួកគាត់​ពុំ​អាច​អាស្រ័យ​ផល​លើ​ដី​នៅ​តំបន់​ត្រួតស៊ីគ្នា រវាង​កម្ពុជា​-​ថៃ​ដូច​មុន។ ពួកគាត់​ថា ដីចម្ការ​របស់​ពលរដ្ឋ ដែល​ត្រូវ​ប៉ះពាល់ មាន​ជាង ៣០​ហិកតារ ហើយ​អាជ្ញាធរ​ថៃ​គំរាម​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ មិន​ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត នឹង​ប្រឈម​ការ​ចាប់​ខ្លួន ហើយ​ដំណាំ​ទាំងអស់ ត្រូវ​ឈូស​ឆាយ​ចោល។

ពលរដ្ឋ​រស់នៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរស្មាច់ លោក សេង កំសត់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ​តុលា​ថា លោក​មាន​ដីចម្ការ​ដំឡូង​មី​ជាង ១​ហិកតារ នៅ​តំបន់​ដី​ត្រួតស៊ីគ្នា រវាង​កម្ពុជា​-​ថៃ​។ ដីចម្ការ​នេះ លោក​បាន​អាស្រ័យ​អស់​ជាង ១០​ឆ្នាំ​ហើយ ពុំ​ដែល​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​ថៃ​នោះ​ទេ​។ ប៉ុន្តែ លោក​ថា នៅ​ថ្ងៃទី​១៧ ខែ​តុលា​នេះ ស្រាប់​តែ​មាន​កងកម្លាំង​ទាហាន​ថៃ ជិត ៣០​នាក់ ចុះ​ហាមឃាត់ និង​គំរាម​ឈូស​ឆាយ​ដំឡូង​មី លោក​ចោល ប្រសិនបើ លោក​នៅតែ​បន្ត​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត។

លោក​បារម្ភ​ថា ប្រសិនបើ​ពុំ​អាច​អាស្រ័យ​ផល​លើ​នោះ​ទេ ពលរដ្ឋ​ភាគច្រើន ដែល​មាន​ដី​នៅ​តំបន់​នោះ ប្រាកដជា​ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះ​គ្មាន​ដី ដើម្បី​ដាំ​ដំណាំ​លក់ រក​ចំណូល​ផ្គត់ផ្គង់ គ្រួសារ​ដូច​មុន​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចរាចរ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី ជួយ​សម្រួល​ធ្វើ​យ៉ាងណា ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​អាស្រ័យ​ផល​ឡើងវិញ​បាន។

លោក សេង កំសត់៖ «បារម្ភ​រឿង​ជីវភាព​ខ្វះខាត ប្រសិនជា​យើង​បាន​ដាំ​នេះ​ដាំ​នោះ​ទៅ គ្រាន់​បាន​ផល​យើង អាច​ប្រមូល​ផល​លក់​គ្រាន់​ទុក​ទប់ទល់​ជីវភាព​។ ពេល​ទាហាន​ថៃ គេ​មកដល់​គេ​ថា ដក​ចោលៗ តែ​ខាង​ទាហាន និង​ខ្ញុំ​ស្នើសុំ​ឱ្យ​ដល់​ខែ​៣ បាន​អាច​ដក​បាន​វា​មាន​មើម។ អ៊ីចឹង ទាហាន​យើង​ស្នើសុំ​ដល់​ខែ​៣»

នៅ​ថ្ងៃទី​១៧ ខែ​តុលា ក្រុម​យោធា​ឈុត​ខ្មៅ​របស់​ប្រទេស​ថៃ ប្រមាណ ២៨​នាក់​ដឹកនាំ​ដោយ មេបញ្ជាការ វរ​:​សេនា​ធំ​លេខ​២៦ របស់​ថៃ លោក ធី ភើមផុន (Thy Pheumphun) ចុះ​មក​រារាំង​ពលរដ្ឋ​ខ្មែរ មិន​ឱ្យ​អាស្រ័យ​ផល​ដី​ដាំ​ដំណាំ នៅ​ចំណុច​ដី​ត្រួតស៊ីគ្នា រវាង​កម្ពុជា​-​ថៃ ស្ថិត​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង។ ភាគី​ថៃ​បាន​គំរាម​ឈូស​ឆាយ​ដំណាំ​ពលរដ្ឋ​ខ្មែរ ដោយ​ថា ពួកគាត់​បាន​ដាំ​ដំណាំ​ថ្មី ដូចជា ដំឡូង​មី និង​សណ្ដែកដី​ជាដើម នៅ​តំបន់ហាមឃាត់​។ ភាគី​ថៃ​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ប្រមូល​ផល​តែ​ពី​ដំណាំ​ចាស់ ដូចជា ស្វាយ និង​តាង៉ែន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​មិន​អាច​កាប់ឆ្ការ ហើយ​ដាំ​ដំណាំ​ថ្មី​បាន​ឡើយ។

ភ្លាមៗ​នោះ​អាជ្ញាធរ​ខ្មែរ ដែល​មាន​អភិបាល​រង​ក្រុង​សំរោង លោក ឪក សាម៉េត មេ​បញ្ជាការ​រង​កង​ការពា​រ​ព្រំដែន​គោក​លេខ ៤០២ លោក ប្លង់ យូឡុង និង​មន្ត្រី​ពាក់ព័ន្ធ​ខ្មែរ​ជាង​៣០​នាក់​  បាន​មក​ជួប ចរចា​ជា មួយ ភាគី​ថៃ មិន​ឱ្យ​ទាហាន​ថៃ​ឈូស​ឆាយ​ដំណាំ​ពលរដ្ឋ ដែល​ទើបតែ​ដាំ​ហើយ​ថ្មីៗ​នោះ​ទេ គឺ​ទុក​ពេល​ឱ្យ​ពួកគាត់​ប្រមូល​ផល​ហើយ​សិន។ រីឯ​ភាគី​ថៃ​ក៏​បាន​យល់ព្រម និង​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ពេល​ប្រមូល​ផល​ហើយ​  ត្រូវ​ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ប្រសិនបើ​នៅតែ​បន្ត​នឹង​ត្រូវ​ចាប់ខ្លួន។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាលរង​ក្រុង​សំរោង លោក ឪក សាម៉េត និង​ ​មេបញ្ជាការ​កង​ការពារ​ព្រំដែន​គោក​លេខ ៤០២ ឃួន ភារុណ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែ​តុលា។ ចំណែក អភិបាលខេត្ត​ឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា និង​អភិបាល​ក្រុង​សំរោង លោក ផុន ចាន់និល បាន​បដិសេធ​មិន​ឆ្លើយ​ជុំវិញ​រឿង​នេះ។

ទោះជា​យ៉ាងណា មេភូមិ​រួត​ចំប៉ី លោក ស៊ី វ៉ាន់ណៃ ដែល​បាន​ចុះទៅ​ដោះស្រាយ​ជាមួយនឹង​អភិបាលរងក្រុង​សំរោង លោក ឪក សាម៉េត និង​មន្ត្រី​ផ្សេងទៀត ជាមួយ​ភាគី​ថៃ នៅ​ចំណុច​ដី​ត្រួតស៊ីគ្នា កាលពី​ថ្ងៃទី​១៧ ខែតុលា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែតុលា ថា ករណី​អាជ្ញាធរ​ថៃ ហាម​មិន ឱ្យ​ពលរដ្ឋ​អាស្រ័យ​លើ​ដី​នេះ ដោយ​សំអាង​ថា កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​គ្មាន​រួចហើយ​ពាក់ព័ន្ធ អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​កាត់ MOU​។ លោក​ថា តំបន់​នេះ​ជា​ដី​ត្រួតស៊ីគ្នា មិន​អាច​ឱ្យ​ពលរដ្ឋ​ណាមួយ​ទាំង​ថៃ និង​ខ្មែរ អាស្រ័យ​លើ​ដី​នោះ​ទេ​។ ទោះជា​យ៉ាងណា លោក​ថា ដោយហេតុ​តែ​ពលរដ្ឋ​ខ្មែរ​អាស្រ័យ​ផល​លើ​ដី​នោះ​យូរហើយ អាជ្ញាធរ​ខ្មែរ បាន​ស្នើ​ឱ្យ​ភាគី​ថៃ​យោគយល់​  និង​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ក្រោយពី​ប្រមូល​ផលដំណាំ​ហើយ​មិន​ឱ្យ​ដាំ​ដំណាំ​ថ្មី​ទៀត​ទេ។

លោក ស៊ី វ៉ាន់ណៃ«គេ​សុំ​ឃាត់​យើង មិន​អនុញ្ញាត​ឱ្យ​ដាំ​ដុះ​ថ្មី​ទេ ដំណាំ​ដែល​មាន​ហើយ រក្សាទុក​យក​ផល​។ គេ​ថា ដាំដំឡូង ដាំ​សណ្ដែកដី​គេ​ថា ស្មើនឹង​ដាំ​ថ្មី​។ សង់រោង​សង់ផ្ទះ លើ​ដី​ដែល​ត្រួតស៊ីគ្នា អ្វី​ដែល​ថ្មី​ហ្នឹង គឺ​ហាម។ យក​តែ​ស្វាយ ស្វាយចន្ទី ឬ​តាង៉ែន​ហ្នឹង គេ​ឱ្យ​អាស្រ័យ​យក​ផល គេ​ហាម​តែ​ការ​ដាំដុះ​ថ្មី។ អ៊ីចឹង យើង​ក៏បាន​គោរព​គ្នា​ទៅវិញទៅមក​ដូចគ្នា​ដែរ»

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ការ​ទាមទារ​ជាថ្មី​របស់​ភាគី​ថៃ នៅ​ពេល​នេះ ដោយសារតែ​មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​របស់​ថៃ បាន​ដូរ​ថ្មី កាល​នៅ​មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​ចាស់​ពុំ​ឃើញ​មានការ​ហាមឃាត់​នោះ​ទេ ហើយ​ពលរដ្ឋ​ខ្មែរ​អាស្រ័យ​ផល​បាន​ធម្មតា​។ ទោះជា​បែបនេះ​ក្ដី លោក​ថា​  រដ្ឋាភិបាល​ខ្មែរ និង​ថៃ​គួរតែ​ពិភាក្សា​គ្នា​ឡើងវិញ​  ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ អាស្រ័យ​ផល​បាន ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដោយ​គ្រាន់តែ​ហាម​ពលរដ្ឋ មិន​ឱ្យ​យក​ដី​ទាំងនោះ​លក់​ដូរ នោះ​ទើប​ជា​បញ្ហា។

លោក អ៊ិន គង់ជិត«គោលការណ៍​១ ត្រូវ​ដោះស្រាយ​សន្តិវិធី​។ ទី​២ ដោយ​គោរព​តាម​អនុស្សរណៈ​ដែល​ថា​តំបន់​នោះ​ជា​តំបន់​ស ដូច្នេះ មានតែ​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន ប្រមូល​ផល​ហើយ មានតែ​ឈប់​ធ្វើ​បន្ត​ទៅ​ទៀត។ អ៊ីចឹង មានតែ​ខាត​បាត់បង់​ផលប្រយោជន៍​គាត់ ហើយ​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ចំណូល ហើយ​ការ​ទាមទារ​ភាគី​ថៃ ទៅ​ជា​បាន​សម្រេច។ រដ្ឋាភិបាល​កងកម្លាំង​ខេមរភូមិន្ទ​នៅ​តំបន់​នោះ​គួរតែ​មាន​ការ​ប្រឹងប្រែង​ខ្ពស់ យកចិត្តទុកដាក់​ដើម្បី​ចរចា រក្សា​យ៉ាងម៉េច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​តទៅ​ទៀត»

ពលរដ្ឋ​ជាង​២០​គ្រួសារ រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ភាគច្រើន អាស្រ័យ​លើ​ដី​ត្រួតស៊ីគ្នា ចន្លោះ​ពី ១០ ទៅ ២០​ឆ្នាំ។ ពួកគាត់​មាន​ដី​ក្នុង​មួយ​គ្រួសារ ១ហិកតារ ទៅ ២​ហិកតារ សម្រាប់​ដាំ​ដំណាំ ដូចជា ស្វាយ តាង៉ែន ដំឡូង​មី និង​សណ្ដែកដី​ជាដើម ដើម្បី​លក់​ដោះស្រាយ​ជីវភាព។

ប៉ុន្តែ ការ​អាស្រ័យ​ផល​លើ​ដី​នេះ ពលរដ្ឋ​ខ្មែរ​ធ្លាប់​មាន​បញ្ហា​ម្ដង​ហើយ នៅ​ឆ្នាំ​២០១៧-២០១៨ ជាមួយ​ភាគី​ថៃ។ កាល​នោះ ទាហាន​ថៃ​បាន​មក​បាញ់ថ្នាំ​ដំណាំ​របស់​កសិករ​ខ្មែរ ឱ្យ​ងាប់​អស់​ជាច្រើន​កន្លែង ក្រោយ​មក អាជ្ញាធរ​ខ្មែរ ក៏​ហៅ​ភាគី​ថៃ​មក​ចរាចរ ហើយ​ព្រមព្រៀង​គ្នា​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ដោយ​គ្មាន​ការ​រំខាន​ពី​ភាគី​ថៃ។ ទោះជា​យ៉ាងណា គ្រានោះ​ភាគី​ថៃ​បាន​សុំ​ឱ្យ​ភាគី​ខ្មែរ កុំឱ្យ​ពលរដ្ឋ​បង្កបង្កើនផល ដែល​មាន​កាប់​ឆ្ការព្រៃ ដើម្បី​ពង្រីក​ដី​បន្ថែម​ក្រោយមក​ភាគី​ទាំង​ក៏​ព្រមព្រៀងគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។