មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញដោយបង្ខំ
2024.10.08
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសលាកបត្រព័ត៌មានស្ដីពីការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា ផ្សាភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០២៤។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា ប្រជាពលរដ្ឋជាង ២ម៉ឺន២ពាន់គ្រួសារ (២២.១០៨) ត្រូវបានបណ្ដេញចេញ ឬប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្អែកលើអត្ថបទសារព័ត៌មានចំនួន ៣៦៨ អត្ថបទ ទាក់ទងនឹងការបណ្ដេញចេញដោយបង្ខំចំនួន ៤០ករណី។ ករណីទាំង៤០នេះ បង្ហាញថា ទោះជារដ្ឋាភិបាលអាណត្តិមុន និងអាណត្តិថ្មី បានអនុវត្តនូវគោលនយោបាយវាស់វែង និងចុះបញ្ជីក្បាលដីជិត ១០លាន ក្បាលដីហើយក៏ដោយ ក៏ការបណ្ដេញចេញដោយបង្ខំនៅមិនទាន់ថមថយនៅឡើយ។ ការរកឃើញនេះ ត្រូវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ក្នុងសលាកបត្រព័ត៌មានស្ដីពី «ការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា» ដើម្បីបំពេញបន្ថែមលើសលាកបត្រឆ្នាំមុនៗ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា ជនជាតិដើមភាគតិច ក៏កំពុងរងផលប៉ះពាល់បណ្ដាលមកពីការបណ្ដេញចេញដោយបង្ខំដែរ តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការទន្ទ្រានដីព្រៃប្រពៃណី ខណៈការផ្ដល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅមានចំនួនតិចតួច ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែតុលា ថា សលាកបត្រព័ត៌មាននេះ មានគោលបំណងបង្ហាញព័ត៌មានអំពីចំនួនពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់បណ្ដាលមកពីការបណ្ដេញចេញដោយបង្ខំ។ លោកអះអាងថា ក្នុងនាមអង្គការសង្គមស៊ីវិល ការចេញផ្សាយសលាកបត្រនេះ គឺពុំមានចេតនាអ្វីផ្សេង ក្រៅពីបង្ហាញព័ត៌មានពិតជូនសាធារណជន និងរដ្ឋាភិបាលឡើយ។
លោក វណ្ណ សូផាត៖ «យើងតែងតែផ្ដល់ជាអនុសាសន៍ជូនរដ្ឋាភិបាលដើម្បីឲ្យលោកគិតគូរពីលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ និងសិទ្ធិមានដីធ្លីហ្នឹងឯង ជាពិសេសគឺសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគាត់ពាក់ព័ន្ធនឹងការមានមតិយោបល់ ឬការផ្ដល់ព័ត៌មាន ផ្ដល់ព័ត៌មាន ធ្វើយ៉ាងម៉េចកុំផ្សាភ្ជាប់រឿងទាំងហ្នឹងទៅជាបទញុះញង់ ឬក៏ទៅជាព័ត៌មានមិនពិតជាដើម ធ្វើយ៉ាងម៉េចស្រាវជ្រាវឲ្យបានច្បាស់លាស់ព្រោះប្រជាពលរដ្ឋទាំងអស់ហ្នឹង ខ្ញុំគិតថា បើគាត់ត្រឹមតែមួយរស់មានផ្ទះនៅ មានដី មានចំណូលដែលអាចរស់បាន គឺគាត់ត្រេកអណាស់ទៅហើយ។ ប៉ុន្តែបើសិនជាមានការបណ្ដេញចេញដោយបង្ខំ ឬដោយមិនមានការស្ម័គ្រចិត្ត ពួកគាត់នឹងរងផលប៉ះពាល់ហ្នឹងធ្ងន់ធ្ងរណាស់»។
ការចេញផ្សាយសលាកបត្រព័ត៌មាននេះ ធ្វើឡើងផ្សារភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិលើកទី៣៩ ឆ្នាំ២០២៤ ដើម្បីរំលឹកឡើងវិញនូវកាតព្វកិច្ចសិទ្ធិមនុស្ស និងទាមទារឲ្យរដ្ឋាភិបាល និងអ្នកវិនិយោគ ត្រូវការពារប្រជាពលរដ្ឋអំពីការរំលោភសិទ្ធិមនុស្ស និងការបណ្ដេញចេញដោយបង្ខំ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៧ ខែតុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាថា នឹងបញ្ចប់ការវាស់វែងក្បាលដីប្រមាណ២លាន ៥សែនក្បាលដី ដែលនៅសេសសល់ទូទាំងប្រទេស ត្រឹមបំណាច់ឆ្នាំ២០២៥ ដោយគ្រោងចំណាយថវិកាប្រមាណ១រយលានដុល្លារ ក្នុងគោលបំណងកាត់បន្ថយ និងឈានដល់ការលុបបំបាត់វិវាទដីធ្លី ។ លោកថ្លែងបែបនេះ នៅក្នុងថ្ងៃ គម្រប់ខួបមួយឆ្នាំ របស់រដ្ឋាភិបាលនីតិកាលទី៧ កាលពីខែសីហាកន្លងទៅ។
ទោះជាយ៉ាងនេះក្ដី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាថា ការបណ្ដេញចេញដោយបង្ខំនាពេលថ្មីៗនេះ មានការប្រើប្រាស់កម្លាំង ការគំរាមកំហែងផ្លូវច្បាប់ ការបំភិតបំភ័យ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ កញ្ចប់សំណងមិនសមរម្យ និងកង្វះការពិគ្រោះយោបល់ទូទៅជាមួយសហគមន៍ដែលរងផលប៉ះពាល់ ។ ក្នុងនោះ ជនរងគ្រោះចម្បង គឺជាសមាជិកសហគមន៍ក្រីក្រ កសិករ និងក្រុមងាយរងគ្រោះផ្សេងទៀត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងអំពីករណីបណ្ដេញពលរដ្ឋចេញពីដីធ្លីដោយបង្ខំមួយចំនួន ដូចជាករណីអាជ្ញាធរផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋនៅតំបន់អង្គរជាង ១ម៉ឺនគ្រួសារ ឲ្យទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ករណីអាជ្ញាធរបង្ខំឲ្យពលរដ្ឋនៅតំបន់បឹងតាមោកទទួលយកគោលនយោបាយដោះដូរដី ករណីអាជ្ញាធរខេត្តព្រះវិហារដុតបំផ្លាញផ្ទះសម្បែង បណ្ដេញពលរដ្ឋជាង៣រយគ្រួសារ និងករណីពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបារម្ភអំពីសំណងមិនសមរម្យជាដើម។
ទាក់ទងនឹងទិវាសិទ្ធិលំនៅឋានអន្តរជាតិ លើកទី៣៩ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែតុលា សហគមន៍ដីធ្លីសិលាខ្មែរ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិត១រយនាក់ បានប្រារព្ធទិវានេះឡើង ក្នុងគោលបំណង បង្ហាញពីទុក្ខកង្វល់របស់សហគមន៍ទាក់ទងនឹងបញ្ហាកម្មសិទ្ធិលើដីលំនៅឋាន និងកង្វះហេដ្ឋារចនាសម្ពន្ធរួមមានទឹកស្អាត អគ្គិសនី និងផ្លូវធ្វើដំណើរជាដើម។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ស្នើដល់រដ្ឋាភិបាលឲ្យផ្អាកការអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលឈានទៅដល់ការបម្លាស់ទីពលរដ្ឋចេញពីលំនៅឋាន ព្រោះកាលណាពលរដ្ឋផ្លាស់ទីទៅកន្លែងថ្មីពួកគាត់ត្រូវកសាងជីវិតថ្មី និងត្រូវចំណាយពេលយូរអង្វែង ដើម្បីឲ្យជីវភាពមានលំនឹងឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។