ពលរដ្ឋ​ប៉ះពាល់​នៅ​​ព្រលាន​យន្ត​ហោះ​​ថ្មី​ខេត្ត​កណ្ដាល​ទាមទារ​​ពន្លឿន​សង​សំណង​ដី​ស្រែ

ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​រើ​ចេញ​ពី​តំបន់​ព្រលាន​យន្ត​ហោះ​ថ្មី ស្ថិត​នៅ​​ឃុំ​បឹងខ្យាង​ និង​ឃុំ​កណ្តោក ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្តាល​ និង​ឃុំ​ពត់សរ​ ស្រុក​បាទី ​ខេត្ត​តាកែវ បន្ត​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អូស៊ីអាយស៊ី​ OCIC​ របស់​ឧកញ៉ា ពុង ឃាវសែ​ ដែល​ទទួល​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ផ្ដល់​សំណង​លើ​ដីស្រែ​របស់​ពួកគាត់​ឱ្យ​​បាន​សមរម្យ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ក្រុម​ហ៊ុន​ផ្ដល់​តម្លៃ​ដីស្រែ​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដល់​ពលរដ្ឋ។

កម្មករ​ជាង ១រយ​នាក់​ដែល​ទទួល​ម៉ៅការ​សាងសង់​ជម្រក​​សម្រាប់​ពលរដ្ឋ​ដែល​មក​ទាំង​ទី​លំនៅ​ថ្មី​​ ​​​កំពុង​សាង​សង់​ផ្ទះ​ជា​ច្រើន​ខ្នង ដែល​មិន​ទាន់​​សាង​សង់​រួច​រាល់​នៅ​ឡើយ។ ការ​សាងសង់​ផ្ទះ​នេះ​ ​ស្ថិត​ក្នុង​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ផ្ទះ​ដែល​កំពុង​សាង​សង​ទាំង​នោះ​​ គឺជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​រើ​មក​ពី​ទីតាំង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី។

នៅ​ខាង​ចុង ​នៃ​ខ្នង​ផ្ទះ​ទាំង​នោះ​ មាន​ផ្ទះ​មួយ​ដែល​ទើប​នឹង​ចាក់​គ្រឹះ​សាង​សង់​នៅ​ឡើយ​ គឺ​ជា​កម្មសិទ្ធិ​ របស់​លោក អៀប សុធី ដែល​ជា​​ពលរដ្ឋ​ម្នាក់​ធ្លាប់​រស់​នៅ​ក្នុង​ ភូមិ​កំពង់តាឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង​ អស់​រយៈ​ពេល​ជិត៣០ ឆ្នាំ​ រហូត​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រលាន​​យន្ត​ហោះ​ភ្នំពេញ​អន្តរជាតិ​​ថ្មី បង្ខំ​ឱ្យ​លោក​ចាក​ចេញ​ និង​ទទួល​សំណង​នេះ។

លោក អៀប សុធី បាន​ផ្លាស់ទី​លំនៅ​មក​ទី​តាំង​ថ្មី​ទើប​​បាន ៣ខែ​ ក្រោយ​លោក​បង្ខំ​ទទួល​យក​ការ​ដោះដូរ​​មួយ​ចំនួន​ពី​ក្រុមហ៊ុន​ដូច​ជា​ដី​ផ្ទះ​ និង​សំណង​ជា​ទឹក​ប្រាក់​ចំនួន ៣ម៉ឺន ៧ ពាន់​​ដុល្លារ។ លោក អៀប សុធី បាន​ឱ្យ​ដឹង​ថា​នេះ​ជា​ការ​ទទួល​យក​ដោយ​បង្ខំ​ដោយ​សារ​តែ​លោក​​បាត់​បង់​ផ្ទះ​ដែល​មាន​តម្លៃ​ជាង​៥ម៉ឺន​ដុល្លារ ផល​ដំណាំ​ និង​ដីស្រែ​ជាង​មួយ​ហិកតារ។

លោក អៀប សុធី បន្ថែម​ថា ដីស្រែ​របស់​លោក​ដែល​លក់​នៅ​ទី​ផ្សារ​​​មួយ​ម៉ែត្រ​ការ៉េ​ តម្លៃ​៥០ដុល្លារ​ ​ការ៉េ​ ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​នៅ​តែ​ឱ្យ ៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា តម្លៃ​ដែល​ក្រុម​ហ៊ុន​ផ្ដល់​ជូន​ មិន​អាច​ឱ្យ​លោក​មាន​លទ្ធភាព​ទៅ​ទិញ​ដី​ស្រែ នៅ​តំបន់​ថ្មី​សម្រាប់​ប្រកប​មុខ​របប​ចិញ្ចឹម​ជីវិត​នោះ​ឡើយ។

លោក អៀប សុធី៖ «បើ​និយាយ​ទៅ​ខ្ញុំ​កំពុង​តែ​គិត​ជា​មួយ​គ្រួសារ​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថា​នៅ​នោះ​យើង​មាន​ដី​ស្រែ​ចម្ការ ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដល់​មក​នេះ​​​ ការ​លក់​ដូរ​ក៏​មិន​អាច​លក់​ដូរ​បាន​ទីពីរ​ស្រែ​ចម្ការ​យើង ក៏​អត់​មាន​ធ្វើ​អនាគត​ខ្ញុំ​មិន​ដឹង​ជា​ពឹង​អី​ទេ»។

លោក អៀប សុធី បាន​ស្នើ​ដល់​រដ្ឋាភិបាល​ថ្មី​ជួយ​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​សំណង​សមរម្យ​ចំពោះ​រូប​លោក និង​ពលរដ្ឋ​ប្រមាណ​១០ភាគរយ​​ដែល​មិន​ទាន់​អាច​ទទួល​យក​តម្លៃ​ដែល​ក្រុមហ៊ុន​កំណត់​ឱ្យ។ លោក អៀប សុធី បារម្ភ​ថា បើ​ក្រុមហ៊ុន​នៅ​តែ​អូស​បន្លាយ​មិន​ព្រម​ផ្ដល់​ដំណោះ​ស្រាយ​នោះ​ គ្រួសារ​លោក​នឹង​ខ្ចី​បុល​លុយ​​ធនាគារ​​ដើម្បី​បញ្ចប់​ការសាងសង់​ផ្ទះ​ ស្រប​ពេល​​ដែល​លោក​កំពុង​គ្មាន​ការ​ងារ​ធ្វើ​ផង​នោះ។

លោក អៀប សុធី៖ «អ៊ីចឹង​នៅ​ពេល​ដែល​ខ្ញុំ​ខ្ចី​ធនាគារ​មក​ធ្វើ​ផ្ទះ​បង្ហើយ​ហ្នឹង​ ខ្ញុំ​បារម្ភៗ ត្រង់​ថា ទី​មួយ​ខ្ញុំ​អត់​មាន​ស្រែ​ចម្ការ​ធ្វើ​ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ស្រែ​ចម្ការ​មក​ប្រកប​មុខរបរ​ដើម្បី​សង​ដល់​ធនាគារ»។

កន្លង​មក​តំណាង​ពលរដ្ឋ​ជាង ៥រយ​គ្រួសារ(៥៣៨) ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ​ថ្មី នៅ​ខេត្ត​កណ្ដាល បាន​ឡើង​មក​ដាក់​លិខិត​តាម​ស្ថាប័ន​រដ្ឋ​នានា​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​​​​អន្តរាគមន៍ ដល់​ក្រុម​ហ៊ុន​ផ្ដល់​សំណង​សមរម្យ​ជូន​​ពួកគាត់។ ចំណែ​ពលរដ្ឋ​ម្នាក់​ទៀត​ លោកស្រី ឡូញ វណ្ណា លើក​ឡើង​ថា គ្រួសារ​លោក​ស្រី​បាន​បាត់​បង់​ដី​ស្រែ​ជាង ១.៥០០ ម៉ែត្រការ៉េ​ដែល​ក្រុមហ៊ុន​មិន​ទាន់​ផ្ដល់​សំណង។ លោកស្រី ឡូញ វណ្ណា​ ទទូច​ថា ក្រុមហ៊ុន​ដែល​មាន​លុយ​រាប់​លាន​ដុល្លារ សាងសង់​ប្រលាន​យន្តហោះ ត្រូវ​តែ​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​​ដែល​ត្រូវ​ការ​ដី​សម្រាប់​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត។

លោកស្រី ឡូញ វណ្ណា៖ «ដឹង​ស្រាប់​ហើយ​យក​ទៅ​ទិញ​កន្លែង​ណា​បាន​នៅ​ជិត​ផ្ទះ​ ទាល់​តែ​នៅ​ឆ្ងាយ​ពី​ផ្ទះ រាប់​គីឡូ​ដី​បាន​អាច​ទៅ​ទិញ​បាន​អា ៨​ដុល្លារ​នោះ​ បើ​នៅ​ក្បែរ​ៗប្រលាន​នេះ​គេ​ដាក់​ឡើង​ដល់​៧០ ៨០ ទិញ​អត់​បាន​ទេ​ ឱ្យ​តែ​ខុស​ពី​របង​ព្រលាន​ដី​ថ្លៃ​ម៉ង​ គេ​ដាក់​៧០ ៨០ មាន​ទៅ​ដល់​១០០ ទៀត​ឱ្យ​តែ​ដី​ជាប់​ផ្លូវ​សុទ្ធ​តែ​១០០​ជាង»។

​ហ្វេស​ប៊ុក (Facebook) ​អចលនវត្ថុ​មួយ​ដែល​មាន​ឈ្មោះ​ថា​ (Advance Real Estate) កាល​ថ្ងៃ​ទី​២៩ ខែ​សីហា​ វាយ​តម្លៃ​ថា តម្លៃ​ដី​ជិត​ព្រលាន​​យន្ត​ហោះ​ថ្មី​ស្ថិត​ក្នុង​សង្កាត់​ក្រាំងយ៉ូវ ស្រុក​ស្អាង​ មាន​តម្លៃ​ ៦៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទោះ​ជា​យ៉ាង​ណា​ អភិបាល​ខេត្ត​កណ្ដាល​ លោក​ គង់ សោភ័ណ្ឌ បាន​ឱ្យ​ដឹង​ថា​អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់​ពល​រដ្ឋ​រួច​ហើយ​ ហើយ​ខាង​ក្រុម​ហ៊ុន​បាន​កំណត់​តម្លៃ​ដី​៨​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ​មុន​គម្រោង​សាងសង់។ ទន្ទឹម​នឹង​នេះ​ អភិបាល​ខេត្ត​កណ្ដាល​​​ លោក​ គង់ សោភ័ណ្ឌ មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ពលរដ្ឋ​ដែល​ស្នើ​ឡើង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ទេ​ តែ​លោក​បែរ​ជា​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ទទួល​យក​សំណង​ទៅ​តាម​តម្លៃ​​​​​ទៅ​តាម​​ក្រុម​ហ៊ុន​កំណត់​ទៅ​វិញ។ ​​​​

លោក​ គង់ សោភ័ណ្ឌ​៖ «ការ​ដោះ​ដូរ​នេះ​ បង​ប្អូន​នេះ​គឺ​បង​ប្អូន​បាន​ទទួល​យក​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ តម្លៃ​នេះ​បើ​យើង​និយាយ​ពី​មុន​ការ​អភិវឌ្ឍន៍​ហៅ​​ដោះ​ស្រាយ​ជូន​បង​ប្អូន​ តម្លៃ​ដី​ធ្លី​មុន​ការ​​ដែល​យើង​ធ្វើ​ប្រលាន​ គឺ​វា​សក្ដិសម​តម្លៃ​ដែល​នៅ​ទី​នោះ​គឺ​ប្រមាណ​ប្រហាក់​ប្រហែល​ហ្នឹង​ឯង»។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​ លោក វណ្ណ សុផាត​ មាន​ប្រសាសន៍​ថា​​ខាង​ភាគី​ក្រុម​ហ៊ុន​បាន​កេង​​ចំណេញ​លើ​ពលរដ្ឋ​មូលដ្ឋាន​ ព្រោះ​ក្រុម​ហ៊ុន​បាន​ឱ្យ​តម្លៃ​ដី​ផ្ទះ​ និង​ដី​ស្រែ​ចម្ការ​ទាប​ជាង​តម្លៃ​ទីផ្សារ​តាំង​ពី​ដំបូង​។ លោក វណ្ណ សុផាត​ លើក​ឡើង​ទៀត​ថា​​រដ្ឋ​គួរ​តែ​អន្តរាគមន៍​ដើម្បី​ឱ្យ​​​ភាគី​​ក្រុម​ហ៊ុន​ផ្ដល់​សំណង​បន្ថែម​ដល់​ពលរដ្ឋ​ឱ្យ​សម​ស្រប​តាម​ច្បាប់​អស្សាមិករណ៍។

លោក វណ្ណ សុផាត៖ «យើង​ឃើញ​ថា​មាន​ភាព​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​រង​ប៉ះ​ពាល់​ និង​បាត់​បង់​ដីធ្លី​ យើង​ប្រៀប​ធៀប​ទៅ​តម្លៃ​ថា​កំណត់​មុន​អស្សាមិករណ៍ គឺ​ជា​តម្លៃ​មួយ​ទាប​ ១ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ តែ​បច្ចុប្បន្ន​ទី​ផ្សារ​ពី​៨០ ទៅ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ អ៊ចឹង​យើង​ថា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​»។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​អតីត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាង​សង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ។ ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះ បាន​បង្កប់​នូវ​ទឹកភ្នែក​របស់​កសិករ​ជា​ច្រើន​គ្រួសារ ដោយសារ​ការ​កាត់​ដី តាមអនុក្រឹត្យថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២០ របស់​រដ្ឋាភិបាល ក្នុង​ទំហំ​ប្រហែល​ជិត​បី​ពាន់​ហិកតារ​នោះ (២.៦០០)នោះ ជាន់​លើ​ដី​ស្រែ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។