ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ដែល​បិទ​បញ្ចប់​ការ​កែប្រែ​ដី​តំបន់២ និង​តំបន់៣ នៃ​បឹង​ទន្លេសាប ទាំង​អយុត្តិធម៌

ដោយ មាន ឫទ្ធិ
2024.11.28
ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ដែល​បិទ​បញ្ចប់​ការ​កែប្រែ​ដី​តំបន់២ និង​តំបន់៣ នៃ​បឹង​ទន្លេសាប ទាំង​អយុត្តិធម៌ ផែនទីដែនដី​ព្រៃលិចទឹក​បឹងទន្លេសាប ឆ្នាំ​២០២៣។
រូប៖ គេហទំព័រ​ក្រសួង​ដែនដី

ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​លើកឡើង​ថា ការ​ប្រកាស​បិទ​បញ្ចប់​ការ​កែប្រែ​ដី​តំបន់២ មក​ជា​តំបន់៣ នៃ​តំបន់​បឹង​ទន្លេសាប​របស់​រដ្ឋាភិបាល បាន​បន្សល់​ភាព​ឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ពួកគាត់ ដោយសារ​អាជ្ញាធរ​ថ្នាក់​ខេត្ត មិន​បាន​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​តាម​បញ្ជា​ថ្នាក់​ដឹកនាំ។ ពួកគាត់​ថា ប្រសិនបើ​រដ្ឋាភិបាល បិទ​បញ្ចប់​ការ​កាត់​ឆ្វៀល​ដី ទាំង​ដែល​បញ្ហា​នៅ​រាយប៉ាយ​បែបនេះ ពួកគាត់​នឹង​លើក​គ្នា​តវ៉ា​នៅ​តាម​មូលដ្ឋាន​បន្ត​ទៀត។

ខណៈ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​បាត់បង់​ដី​បង្កបង្កើន​ផល នៅ​តំបន់២ និង​តំបន់៣ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​បិទ​បញ្ចប់​ការ​កែប្រែ​ដី​ពី​តំបន់៣ មក​តំបន់២ នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាំងស្រុង។

ពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ លោក គង់ រិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ថា ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​ភ្នំលៀប និង​ឃុំ​ប្រាសាទ កំពុង​រង​វិបត្តិ​ផ្លូវចិត្ត​ក្រោយពី​បាត់បង់​ដី​អាស្រ័យ​ផល​នៅ​តំបន់២ បន្ទាប់ពី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បង្ខំ​ឱ្យ​ពលរដ្ឋ​ចាប់ឆ្នោត​ដោះដូរ​ក្បាល​ដី។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​បិទ​បញ្ចប់​យន្តការ​វាស់វែង​ដី​តំបន់២ បែបនេះ​ឡើយ ព្រោះ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ដីស្រែ​ដែល​ជា​ឆ្នាំង​បាយ ដែល​លោក​អះអាង​ថា ដោយសារ​ភាព​មានៈ និង​អំពើពុករលួយ​របស់​មន្ត្រី​ថ្នាក់​ក្រោម ដែល​ធ្វើ​របាយការណ៍​ភូត​កុហក​ទៅកាន់​ថ្នាក់លើ។

លោក គង់ រិទ្ធ៖ «ហ្នឹងហើយ បន្សល់​ទុក​នូវ​ការ​មិន​ទាន់​ជ្រះស្រឡះ​ស្រួលបួល។ ជាក់ស្ដែង ដី​ដែល​ខ្ញុំ​ធ្វើ​អាស្រ័យផល​រាល់​ថ្ងៃ​នេះ ដែល​គេ​ចាប់​ឈ្មោះ​ប្រជាជន​ប៉ះ​ឃុំ​ភ្នំលៀប​ខ្លះ ប៉ះ​ឃុំ​ប្រាសាទ​ខ្លះ​ហ្នឹង គឺ​ដីស្រែ​ហ្នឹង​នៅ​មាន​ផល​ពេញ​ស្រែ​នៅឡើយ មិនទាន់​ប្រមូល​ផល​ទេ។ ចំណែក​ពួក​ខ្ញុំ នៅតែ​កាន់​គោលការណ៍​ថា​ខ្ញុំ​មិនព្រម​យក​ដី​នៅ​ខាង​ឃុំ​ភ្នំលៀប ហើយ​ក៏​ខ្ញុំ​នៅ​ការពារ​ដី​ខ្ញុំ​មិន​ឱ្យ​គេ»

ការ​ថ្លែង​របស់​ប្រជាពលរដ្ឋ​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី២៦ ខែ​វិច្ឆិកា បាន​ប្រកាស​បិទ​បញ្ចប់​ការ​កែ​សម្រួល​ដី​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ជាពិសេស​តំបន់៣ មក​ជា​តំបន់២ តទៅ​ទៀត។ លោក ហ៊ុន ម៉ាណែត បន្ត​ថា ការ​បិទ​បញ្ចប់​ការ​កែសម្រួល​នេះ គឺ​ដើម្បី​ថែ​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដោយ​គិត​ចាប់ពី​ឆ្នាំ២០២២ មក រដ្ឋាភិបាល​បាន​កែសម្រួល​ដី​ពី​តំបន់៣ មក​ជា​តំបន់២ ដល់​ទៅ​ជាង ៨ម៉ឺនហិកតារ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់ ឬ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ សម្រាប់​អ្នក​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​ចាប់ពី ១០ឆ្នាំ​ឡើង​ទៅ។

រដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​ដី​បឹង​ទន្លេសាប ជា ៣​តំបន់ មាន​ដូចជា ដី​តំបន់៣ ជា​ដី​ដែល​មិន​អាច​អាស្រ័យផល និង​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​បាន តំបន់២ ជា​ដី​ដែល​អាច​អាស្រ័យ​ផល​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ និង​តំបន់​១ គឺជា​ដី​ដែល​អាច​អាស្រ័យ​ផល និង​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​បាន។

ទោះជា​យ៉ាងណា ទំនាស់​ដី​នៅ​តំបន់២ ក្នុង​ស្រុក​ព្រះនេត្រព្រះ នេះ​បាន​កើតឡើង​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ មក​គំរាម​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា កាលពី​ខែ​កក្កដា ក្នុង​ពេល​អាជ្ញាធរ​ចុះ​វាស់វែង​និង​ដាំ​បង្គោល​ក្បាលដី។ យន្តការ​វាស់វែង​ដី​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​បង្រួញ​ដី​ពលរដ្ឋ​ពី​សរុប​ជាង ១៦០០ហិកតារ មក​នៅ​ជាង ៨០០ហិកតារ ហើយ​ថែមទាំង​បាន​បន្សល់​នូវ​បញ្ហា​ចម្រូងចម្រាស​ដែល​កើត​ចេញ​ពី​យន្តការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទាំងពីរ​ឃុំ ចាប់ឆ្នោត​ដូរ​ដី​គ្នា​ទៅវិញទៅមក។ ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើ​ឧបាយ​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ ហើយ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ ថា ពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ។

ដោយឡែក នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង វិញ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ទាមទារ​រដ្ឋាភិបាល​ឱ្យ​កាត់​ឆ្វៀល​ដី​នៅ​តំបន់២ បន្ទាប់ពី​ពួកគាត់​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ ជាង​៣០ឆ្នាំ​ទៅ​ហើយ។

ពលរដ្ឋ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក សុង ម៉ាញ លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​ត្រូវ​បិទ​បញ្ចប់​ការ​កែប្រែ​ដី​ពី​តំបន់៣ និង​តំបន់២ ទាំង​អយុត្តិធម៌ បែបនេះ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកនរិន្ទ រាប់ពាន់​គ្រួសារ​កំពុង​ទទួលរង​ភាព​អយុត្តិធម៌ ដោយសារ​អាជ្ញាធរ​មិន​បាន​កាត់​ឆ្វៀល​ដី​តំបន់២ នេះ​នៅឡើយ។

លោក សុង ម៉ាញ៖ «បាន​អី​ឱ្យ​ក្រុម​ជំនាញ​ត្រួត​មើល​ដី​ហ្នឹង ថា​តើ​ដី​ហ្នឹង​គួរ​កាត់​មិន​កាត់ ម៉េច​អី​ម៉េច? តើ​ដី​ហ្នឹង​ពី​ជំនាន់​ណា​មក? អ៊ីចឹង​ឱ្យ​គាត់​មក​ស្រាវជ្រាវ​រក​ពិតប្រាកដ​មក គាត់​អត់​ធ្វើ។ ដល់​ពេល​អ៊ីចឹង កាត់​ទាំង​សោះកក្រោះ​អ៊ីចឹង ប្រជាជន​គាត់​មិន​អាច​យល់ព្រម»

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ព្រែកនរិន្ទ ម្នាក់ទៀត គឺ​លោក ភាន កុសល ថ្លែង​ថា លោក​មិន​ទទួលយក​ការ​សម្រេច​របស់​លោក ហ៊ុន ម៉ាណែត នោះ​ទេ ព្រោះ​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់២ ក្នុង​ភូមិសាស្ត្រ​ស្រុក​ឯកភ្នំ ជាច្រើន​ហិកតារ មិន​ត្រូវ​បាន​អាជ្ញាធរ​កាត់​ឆ្វៀល​ឱ្យ​ប្រជាពលរដ្ឋ​តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន នៅឡើយ។

លោក ភាន កុសល៖ « អត់​ចោល​ទេ ណា​មាន​កូន​បួន​ប្រាំ​នាក់​ហើយ អត់​មាន​ដី​នៅ ដី​កម្មសិទ្ធិ ហើយ​ឱ្យ​ទៅ​រស់នៅ​ឯណា? សង់​ផ្ទះ​ក៏​មិន​បាន អី​ក៏​មិន​បាន ហើយ​ទៅ​នៅ​ណា? នៅ​ជាន់​គ្នា ផ្ទះ​បួន​ដប់ ត​ទៅ​១០០ជាន់​ទៅ ត​កូន​ត​ចៅ​ទៅ​កុំ​ឱ្យ​ទៅ​នៅ​ឯណា​កើត បើ​អត់​ឱ្យ​សង់​លំនៅឋាន​លើ​ដី​តំបន់​២ ហ្នឹង។ ធ្វើស្រែ​ជួនកាល​ទៅ​ថោក។ ហ្អក៎! មាន​អា​បាន​ផល​ហើយ លិច​ទឹក​ខូច​អត់​បាន​ច្រូត​ទៀត គ្នា​វេទនា​ចង់​ងាប់ មាន​ទៅ​ណា ទៅ​ថៃ? ទៅ​ថៃ​វា​មិន​កើត​ទៀត អ៊ីចឹង​ហើយ​ត្រូវតែ​តវ៉ា​ដើម្បី​រក​អា​ដី​តំបន់១ហ្នឹង​ឯង ដើម្បី​យក​លុយ​ធនាគារ​យក​អី ដោះ​ទុក្ខ​ប្រជាពលរដ្ឋ​ហ្នឹងឯង»

កាលពី​ឆ្នាំ២០២២ នៅ​មុន​ពេល​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប កាត់​ឆ្វៀល​ដី​តំបន់២ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​លើស​ពី ១០ឆ្នាំ ត្រូវ​ផ្ដល់​កម្មសិទ្ធិ ឱ្យ​ពួកគាត់​កាន់កាប់។

ផ្ទុយពី​ការ​អនុវត្ត​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​នៅ​តាម​តំបន់​មួយ​ចំនួន បែរជា​មិន​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ ហើយ​ថែមទាំង​រារាំង​ពួកគាត់​មិន​ឱ្យ​ចូល​ទៅ​ធ្វើ និង​មើលថែ​ស្រូវ​លើ​ដី​ចាស់​របស់​ខ្លួន ខណៈ​អាជ្ញាធរ​ខ្លះ​បាន​បាញ់​ថ្នាំពុល​បំផ្លាញ​ស្រូវ​ពលរដ្ឋ បណ្ដាល​ឱ្យ​ពួកគាត់​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា ការ​ចុះ​បញ្ជី​ដី​តំបន់​បឹង​ទន្លេសាប​ទាំង​ដី​រដ្ឋ និង​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ បាន​សម្រេច​កំណត់​ដី​តំបន់៣ ជា​តំបន់​ព្រៃលិចទឹក​ដែល​ត្រូវ​ការពារ បាន​ចុះ​បញ្ជី​ជា​ដី​រដ្ឋ រួចរាល់​ជាស្ថាពរ​សម្រាប់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បន្ទាយមានជ័យ។ ចំណែក​ដី​តំបន់២ ជា​តំបន់​វាល​ទំនាប​លិចទឹក​ក្នុង​រដូវវស្សា ដែល​តំបន់​នេះ​អាច​ផ្ដល់​ត្រឹម​ជា​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យផល បាន​វាស់វែង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ១៦ ម៉ឺន​ក្បាលដី។ រីឯ​ដី​តំបន់១ ដែល​ជា​តំបន់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ជា​កម្មសិទ្ធិ បាន​វាស់វែង​រួច​ចំនួន ៧៦ ម៉ឺន​ក្បាលដី និង​បាន​ចេញ​ប័ណ្ណ​រួច​ចំនួន ៥៨ ម៉ឺន​ក្បាលដី​ជូន​ប្រជាពលរដ្ឋ។

ទាក់ទិន​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា យន្តការ​កាត់​ឆ្វៀល និង​បោះ​បង្គោល​ដី​នៅ​តំបន់៣ និង​តំបន់២ នៅ​ជុំវិញ​បឹង​ទន្លេសាប បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បាត់បង់​ដី​បង្កបង្កើន​ផល និង​រង​ភាព​អយុត្តិធម៌។ លោក អ៊ិន គង់ជិត ស្នើ​ឱ្យ​រដ្ឋាភិបាល ចុះ​ស្រាវជ្រាវ និង​ធ្វើ​អធិការកិច្ច​លើ​ភាព​មិន​ប្រក្រតី ជុំវិញ​ការ​បោះ​បង្គោល​តំបន់​បឹង​ទន្លេសាប​ជាមុន​សិន មុន​នឹង​បិទ​បញ្ចប់​យន្តការ​នេះ។

លោក អ៊ិន គង់ជិត៖ «ទន្ទឹម​នឹង​ការ​ដែល​ចុះ​អង្កេត​ស្រាវជ្រាវ ឬ​ធ្វើ​អធិការកិច្ច​ឃើញ​មាន​កំហុស​ឆ្គង​របស់​មន្ត្រី​ដែល​មាន​ការ​ឆក​ល្វែង ដែល​ធ្វើ​ខុស​ពី​គោលការណ៍​នីតិវិធី​ច្បាប់ អា​ហ្នឹង​គួរ​មាន​វិធានការ​រដ្ឋបាល និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី​ទាំងនោះ»

ប្រជាពលរដ្ឋ​លើកឡើង​ថា ពួកគាត់​នឹង​នៅតែ​តវ៉ា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បិទ​បញ្ចប់​ការ​កែប្រែ​ដី​ពី​តំបន់៣ មក​តំបន់២ នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ​បន្សល់​ទុក​នូវ​បញ្ហា​រ៉ាំរ៉ៃ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ដីស្រែ​ទាំង​ឈឺចាប់​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។