សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដកហូត​ដី​ព្រៃ​ឡង់​រាប់ពាន់​ហិកតារ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ បន្ត​ទាមទារ​ឱ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​សាមី ដកហូត​ដី​ព្រៃ​ឡង់​រាប់ពាន់​ហិកតារ ដែល​ឈ្មួញ​កាប់​ទន្ទ្រាន មក​ជា​សម្បត្តិ​រដ្ឋ​វិញ​។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ប្រញាប់​ដកហូត​ដី​ព្រៃ​ឡង់ ដែល​កាប់​ទន្ទ្រាន​ខុសច្បាប់ មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ទេ ចលនា​កាប់​ទន្ទ្រាន​នឹង​កាន់តែ​រាល​ធំ​ឡើង​រលាយ​ហិន​ហោច។

មន្ត្រី​សង្គម​ស៊ីវិល និង​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ខកចិត្ត​នៅ​គ្រា​ដែល​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន អូស​បន្លាយ​ពេល​មិន​ស្រាវជ្រាវ និង​ស៊ើបអង្កេត ពី​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​ឡង់ ទ្រង់ទ្រាយ​ធំ​ឋិត​ក្នុង​ខេត្តកំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។

ពួកគាត់​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ថា មិន​បាន​បំពេញ​តួនាទី ភារកិច្ច​ស្របតាម​ច្បាប់ ដើម្បី​ការពារ​ធនធានធម្មជាតិ ឱ្យ​គង់វង្ស​នោះ​ឡើយ។

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៧ វិច្ឆិកា ថា ព្រៃ​ឡង់​ឋិត​ក្នុង​ឃុំ​ចំនួន ៤ នៃ​ស្រុក​សណ្ដាន់ គឺ​ឃុំ​ដង​កាំបិទ ឃុំ​មានរិទ្ធ ឃុំ​ទំរីង និង ឃុំ​សណ្ដាន់ ត្រូវ​គេ​កាប់​ទន្ទ្រាន​អស់​ជាច្រើន​ពាន់​ហិកតារ នៅ​រយៈពេល ជិត ១០​ឆ្នាំ ចុង​ក្រោយនេះ ពុំ​ឃើញ អាជ្ញា​ធរមាន​វិធានការ​ច្បាប់​នៅឡើយ​ទេ។

លោក​ចង់​ឃើញ​ក្រសួង​បរិស្ថាន​ដក​ហូត ដី​ព្រៃ​ឡង់​ទាំងនោះ មក​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​ត្រូវ​ដាំ​កូន​ឈើ​ឡើងវិញ។

លោក ហឿន សុភាព៖ «យើង​អត់​ទាន់​បានឃើញ ការ​ដកហូត​មកវិញ ធ្វើ​ឱ្យ​ដី​ព្រៃដុះឡើងវិញ​។ ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរ​មាន​ចំណាត់​ការ​ឱ្យ​លឿន​បំផុត លើ​អ្នក​ប្រព្រឹត្ត​ផ្ទាល់​តែម្តង ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់»។

អ្នកការពារ​ព្រៃឈើ​រូប​នេះ បន្ថែម​ថា ពេល​នេះ ព្រៃ​ឡង់​ដែល​កាប់​ទន្ទ្រាន​កន្លងមក ផ្នែក​ខ្លះ​បាន​ក្លាយ​ជា​ដី​កសិកម្ម មាន​ដំណាំ​ចន្ទី ស្វាយ និង​ដំណាំ​ផ្សេងទៀត គ្រប់គ្រង​ជា​កម្មសិទ្ធិឯកជន និង​ក្រុម​អ្នក​មាន​អំណាច ។ លោក​សង្កត់ធ្ងន់​ថា សកម្មភាព​កាប់​ទន្ទ្រានព្រៃ​ឡង់ អាច​ធ្វើ​បាន ដោយមាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។

ចំណែក​សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ខេត្តស្ទឹងត្រែង លោក ខេង ខូ អះអាង​ថា ព្រៃ​ឡង់ ឋិត​ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​ថាឡាបរិវ៉ាត់ បន្ត​ទទួលរង​ការ​កាប់​ទន្ទ្រាន មក​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​អស់​រាប់​រយ​ហិកតារ​។ បន្ថែម​ពី​នេះ ព្រៃ​ឡង់​ដែល​គេ​កាប់​ទន្ទ្រាន​ច្រើន​ជាងគេ គឺ​ឃុំ​កាំងចាម និង​ឃុំ​អន្លង់​ជ្រៃ ដែល​ក្រុម​ឈ្មួញ ភាគច្រើន​ជា​ពលរដ្ឋ​ចំណូលស្រុក នាំគ្នា​កាប់​រាន​ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ហើយ ដោយ​គ្មាន​អាជ្ញាធរ​ណា អើពើ​អនុវត្ត​ច្បាប់​នោះ​ឡើយ។

លោក​ថា បន្ទាប់ពី​កាប់​ទន្ទ្រាន​រួច មាន​ផ្នែក​ខ្លះ គេ​ទុកចោល និង​ផ្នែក​ខ្លះទៀត គេ​ឈូស​ឆាយ​ឱ្យ​ក្លាយ​ជា​វាល​រហោឋាន​ធំ​ល្វឹងល្វើយ៖ «បើ​ខ្ញុំ​មើលឃើញ​ជាក់ស្តែង​ឃើញ​ពិតប្រាកដ បើ​មិន​រឿង​ពិត​ចាប់​ដាក់គុក​ទៅ ខ្ញុំ​ទទួល​។ តែបើ​រក​ឃើញ​មែន លោក​ឯង​អ្នក​អនុវត្ត​ច្បាប់ ត្រូវ​ជាប់គុក បើ​រក​ឃើញ​កាប់​ទន្ទ្រាន​មែន»។របាយការណ៍ ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់ បន្ថែម​ថា មក​ទល់​ពេល​នេះ ព្រៃ​ឡង់​នៅ​ចំណុច​ភូមិ​មន និង​ភូមិ​វាលពោធន៍ ឃុំ​អន្លង់​ជ្រៃ ត្រូវ​គេ​កាប់​អស់​រាប់​រយ​ហិកតារ (២០០) ជា​ថ្មី​ទៀត​។ រីឯ​ព្រៃ​ឡង់​នៅ​ចំណុច​វាល​ព្រិច ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ក៏​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ជាង ១​ពាន់​ហិកតារ នៅ​រយៈពេល ជាង ៦​ខែ​ចុង​ក្រោយនេះ​។ ចំណែក​ព្រៃ​ឡង់​ឋិត​ក្នុង​ឃុំ​កាំ​ង​ចាម ក៏​ត្រូវ​គេ​កាប់​ទន្ទ្រាន​អស់​រាប់​រយ​ហិកតារ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់ធំ លោក ងួន រតនៈ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ នៅ​​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល។

ចំណែក អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ មាន​ប្រសាសន៍​ថា ជា​គោលការណ៍​នៅ​ពេល​ដែល​រក​ឃើញ​បទល្មើស​ព្រៃឈើ ឬ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​ខុសច្បាប់ មន្ត្រី​ជំនាញ​នឹង​អនុវត្ត​ច្បាប់ ប៉ុន្តែ​ប្រសិន​បើ តំបន់​ព្រៃ​ទាំងនោះ ពលរដ្ឋ​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ អាជ្ញាធរ​នឹង​កាត់​ឆ្វៀល​ជូន​ពួកគាត់។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​អនុវត្ត​ច្បាប់​ព្រៃឈើ​គ្រប់​តំបន់៖ «ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់ គឺ​ត្រូវ​ដកហូត បើសិនជា​ដី​នោះ ជា​ដី​បងប្អូន​ពលរដ្ឋ​រស់នៅ​យូរហើយ តាម​គោលការណ៍​រដ្ឋាភិបាល គឺ​យើង​នឹង​កាត់​ឆ្វៀល​ជូន​គាត់»។

ប្រជា​សហគមន៍​ព្រៃ​ឡង់​បន្ថែម​ថា សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ក្នុង​ព្រៃ​ឡង់​ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃស្រោង​ជា​ជម្រក​សត្វព្រៃ និង​ព្រៃរបោះ ដែល​ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​។ បន្ថែម​ពី​នេះ​ទៀត អ្នក​កាប់​ឈើ​ជាច្រើន​ក្រុម ប្រដាប់​ដោយ​រណា​យន្ត​បាន​បោះតង់​ក្នុង​ព្រៃ​អភិរក្ស ដើម្បី​កាប់​រាន​ព្រៃ​ទាំង​តូច​ទាំង​ធំ រួច​ដុត​កម្ទេច​ចោល ដើម្បី​បម្លែង​តំបន់​នោះ ជា​ដី​កម្មសិទ្ធិ​ឯកជន។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក ប៊ី វ៉ាន់នី សង្កេតឃើញ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ហាក់​មាន​ចេតនា បណ្តោយ​ឱ្យ​ក្រុម​ជនល្មើស​កាប់​ទន្ទ្រានព្រៃ​ឡង់​តាមចិត្ត ដោយ​គ្មាន​វិធានការ​ច្បាប់​ច្បាស់លាស់​នោះ​ឡើយ ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ជំនាញ ដែល​មិន​បំពេញ​តួនាទី អនុវត្ត​ច្បាប់​ព្រៃឈើ​ថា ជា​ការ​មើលងាយ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា៖ «ការអនុវត្ត​ជាក់ស្តែង គឺ​មិន​មាន​ឱ្យ​ច្បាស់លាស់​ទេ​។ កាលណា​ធ្វើ​បែប​ហ្នឹង លើកទឹកចិត្ត​ជន​ប្រព្រឹត្ត​នៅតែ​ប្រព្រឹត្ត​បទល្មើស​។ វា​ជា​រឿង​មួយ​ដែល​មន្ត្រី​បរិស្ថាន មិន​ព្រម​អនុវត្ត​ច្បាប់ ដល់​ពលរដ្ឋ​ក្រីក្រ​កាប់​ពូថៅ​តិចតួច ជាប់ពន្ធនាគារ»។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រីរាជការ​សាធារណៈ មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤៣១.៦៨៣​ហិកតារ​) ដែល​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។