សង្គម​ស៊ីវិល​និង​ជនជាតិ​ដើម​ភាគ​តិចព្នង​ខេត្តស្ទឹងត្រែង​ថា​ ក្រុមហ៊ុន​ចិន​ស៊ីវហ្គិច​ អនុវត្ត​ខុស​កិច្ច​សន្យា​វិនិយោគ​

0:00 / 0:00

ជនជាតិដើម​ភាគតិចព្នង​ និងមន្ត្រីសង្គម​ស៊ីវិល​អះអាង​ថា ក្រុមហ៊ុនចិន​ ស៊ីវ​ ហ្គិច​ (Saiv Hkech) កំពុង​អនុវត្ត​ផ្ទុយ​ពី​កិច្ច​សន្យា​វិនិយោគ​ និង​ឃុបឃិត​គ្នា​ជា​មួយ​​អាជ្ញាធរ​ បោះ​បង្គោល​ព្រំប្រទល់​ចូល​ដី​ប្រជា​សហគមន៍​។ អ្នក​ភូមិ​ថា​ ពួកគេ​តែងតែ​លើក​គ្នា​តវ៉ា​ និង​ដាក់ញាតិ​ ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ជា​បន្ត​បន្ទាប់​ ដើម្បី​អន្តរាគមន៍​ជា​ច្រើន​លើក​ច្រើន​សារ ​ប៉ុន្តែ​ពួកគេ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ និង​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ​។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥៣គ្រួសារ​ រស់នៅ​ឃុំ​ក្បាលរមាស​ ស្រុក​សេសាន ខេត្តស្ទឹងត្រែង ចោទ​ក្រុមហ៊ុនចិន​ ស៊ីវ​ហ្គិច​ អ៊ិន​វេស​មិន​ (Saiv Gek Investment Co .Ltd) ថា បាន​​បោះ​​បង្គោល​​ព្រំ​​ប្រទល់​​ចូល​​ដី​​ជនជាតិ​ដើម​ព្នង​ចំ​កណ្តាល​ភូមិ​ និង​ក្បែរ​សសរ​ផ្ទះ បំពាន​ចូល​ស្រែ​របស់​សហគមន៍​។ អ្នកភូមិ​អះអាង​ថា​ ក្រុមហ៊ុនចិន​បោះ​បង្គោល​ចូលដី​អ្នកស្រុក​ គឺ​មាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បើក​ភ្លើងខៀវ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​កាប់​រាន​ទន្ទ្រាន​ព្រៃ​ប្រមូល​អនុផល​ឈើប្រណិត​ និង​បំផ្លាញ​កន្លែង​អាស្រ័យ​ផល​​ដ៏​សំខាន់​របស់​សហគមន៍។

តំណាង​ជនជាតិ​ដើម​ព្នង​រស់​នៅ​ភូមិ​ក្បាលរមាសចាស់​លោកស្រី​ ស្រាំង​ ឡាញ់​ ប្រាប់​​វិទ្យុ​អាស៊ីសេរី​ កាល​ពី​​ថ្ងៃទី​១៩ ​ខែកញ្ញា​ថា​ ក្រុមហ៊ុនចិន ស៊ីវហ្គិច (Saiv Gek) ​បោះ​​បង្គោល​​ព្រំ​ប្រទល់​​ចូល​​ដី​​អ្នក​​ភូមិ​​ដោយ​​គ្មាន​​ការ​​ចរចាជា​​មួយ​​ពួកគាត់​​ឡើយ​។ លោកស្រីថា​ ការ​បោះបង្គោល​ចំដី​អ្នក​ភូមិនេះ​ ក្រុមហ៊ុន​នឹង​មាន​គម្រោង​កាប់​ទន្ទ្រាន​​ព្រៃ​​នៅ​ថ្ងៃ​ខាងមុខ​។ លោកស្រី​បារម្ភថា​ ជនជាតិដើមព្នង​នឹង​ប្រឈម​បាត់បង់​អត្តសញ្ញាណ​ភូមិកំណើត​ វប្បធម៌​ ប្រពៃណី​ ព្រៃអារក្ស​ ព្រោះ​ក្រុមហ៊ុនចិន​បាន​​ឈូស​ឆាយ​​ព្រៃឈើ​ស្ទើ​តែទាំង​ស្រុង​រួច​ទៅ​ហើយ​៖ «បើ​យើង​មិន​ជួយការពារ​ មិន​ជួយ​ទប់ស្កាត់​ មិន​ស្នើ​សុំចុះ​បញ្ជី​ដីសមូហភាព​សម្រាប់​ជនជាតិភាគតិច​ ប្រហែល​​ជា​ទៅ​ថ្ងៃខាងមុខ​បាត់បង់​ដី​ធ្លី​ បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ភាគតិច​យើង​ហើយ​។ រឿង​ហ្នឹង​ហើយ​ អាជ្ញាធរខេត្ត​មិន​បាន​ឆ្លើយតប​ក្នុង​ការ​ស្នើសុំ​របស់​សហគមន៍​»។

តំណាង​ពលរដ្ឋ​រូបនេះ​អះអាងថា​ វត្តមាន​របស់​ក្រុមហ៊ុនស៊ីវហ្គិច​ (Saiv Gek) បាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ និង​កាប់​ឈើប្រណិត​នាំចេញ​ទៅខាងក្រៅ​ជាបន្ត​បន្ទាប់។ អ្នកភូមិ​ចាត់ទុក​ទង្វើ​របស់​ក្រុមហ៊ុនចិន​ថា​ អនុវត្ត​ខុសពី​គោលការណ៍​វិនិយោគ​ដែល​រដ្ឋាភិបាល​ផ្តល់សិទ្ធ​ឱ្យ​វិនិយោគ​ផ្នែក​ដំណាំ​ឧស្សាហ៍កម្ម​៖ «ក្រុមហ៊ុន​ហ្នឹង​ឯង​ ដែល​ដឹក​ជញ្ជូន​កាប់​ឈើ​​ទាំង​យប់​ទាំងថ្ងៃ​។ ពួក​ខ្ញុំ​ក៍​នាំ​គ្នា​ជិះគោយន្ត​ វេចបាយ​ ដើម្បី​ទប់ស្កាត់​ ទើប​នៅ​សល់​ព្រៃឈើ​មួយ​ចំនួន​តូច​រាល់​ថ្ងៃនេះ​»។

ឆ្លើយតប​បញ្ហានេះ​ អ្នកនាំ​ពាក្យសាលាស្ទឹងត្រែង​លោក​ មែន គង់​ បក​ស្រាយ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ ក្រុមហ៊ុន​ស៊ីវហ្គិច​ (Saiv Gek) ដែល​ទទួល​បាន​សិទ្ធិវិនិយោគ​អាច​​មាន​​សិទ្ធិ​ប្រមូល​ធនធាន​ព្រៃឈើ​ដោយ​ស្រប​ច្បាប់​។ លោក​បន្តថា​ ក្រុមហ៊ុន​ចុះ​បោះបង្គោល​ នៅ​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​ ដែល​ស្រប​តាម​ផែនទី​រដ្ឋាភិបាល​ផ្តល់​​សិទ្ធិ​វិនិយោគ​តែ​ប៉ុណ្ណោះ​ មិន​បាន​រំលោភបំពាន​ចូល​ដី​ប្រជាសហគមន៍​ជនជាតិដើមព្នង​ឡើយ​៖ «ក្រុមហ៊ុន​ ស៊ីវ ហ្គិច ​ទៅ​បោះបង្គោល​ក៍​សុំ​គោលការណ៍​ដែរ​ ហើយ​ក្រុមហ៊ុនបោះ​ទៅ​តាម​ផែនទី​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ក្នុង​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​។ ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ត្រឹមត្រូវ​ និង​មាន​ផែនទី​ច្បាស់លាស់​ ធម្មតា​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ការ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​ស្របច្បាប់​ ​និង​មាន​គម្រោង​អនុវត្ត​ស្តា​ព្រៃឈើ​វិញ​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន»។

ទោះជា​យ៉ាង​នេះ​ក្តី ​អគ្គលេខាធិការ​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា​លោក យុន ឡូរ៉ង់ សង្កេត​ឃើញ​ថា​ ដំណើរ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ដាំ​ដំណាំកៅស៊ូ​ មិន​មាន​ការ​លូតលាស់​ល្អ​ និង​ទទួល​បាន​ទិន្នផល​ច្រើន​ឡើយ​។ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​តែងតែ​លួច​កាប់​ឈើ​ប្រណិត​ ឈួស​ឆាយ​ដីព្រៃ​ទុកដី​ឱ្យ​នៅទំនេរ​ ដោយ​ពុំ​មាន​ការ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​។ លោក​បន្ថែម​ថា​ សហគមន៍​ជនជាតិភាគតិច​ ស្នើ​ចុះ​បញ្ជី​ដី​សមូហភាព​ទំហំ ៧.០០០ពាន់​​ហិកតារ​ ដើម្បី​អភិរក្សជម្រក​សត្វព្រៃ​ ជីវៈចម្រុះ​ និង​ព្រៃអារក្ស​របស់​អ្នកភូមិ​តែប៉ុណ្ណោះ​៖ «ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ គួរណា​តែ​គោរពសិទ្ធិ​ និង​អនុវត្ត​ច្បាប់​ដែល​មាន​ចែង​ពី​ជនជាតិភាគតិច​​នៅ​តំបន់​នោះ​។ ក្រៅពី​មាន​ការ​ដាំកៅស៊ូ​ ដោយ​គ្មាន​ការ​លូតលាស់​ល្អ​ មាន​តែ​ការ​ឈូសឆាយ​ដី​ចោល​។ អ្វី​ដែល​ពិសេស​ទាក់ទង​រឿង​កាប់ឈើ​ ព្រោះ​សហគមន៍​គាត់​បាន​ឃើញ​ផ្ទាល់​ ក្រុមហ៊ុន​កាប់ឈើ​ជិត​ព្រំប្រទល់​ដីព្រៃ​ដែល​សហគមន៍​គាត់​បាន​ការពារ»។

ជាមួយគ្នានេះដែរ អ្នកសម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង​លោក ប៊ី វ៉ាន់នី​ ជំរុញ​ឱ្យអាជ្ញាធរ​ និង​មន្ត្រីពាក់ព័ន្ធ​ជួបពិភាក្សា​ជាមួយ​ជនជាតិដើម​ព្នង​ ដើម្បី​រកដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព​។ លោកបន្តថា​ ក្រុមហ៊ុន​បោះបង្គោល​ចូល​ដី​អ្នកភូមិ​ បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិជនជាតិភាគតិច​ធ្វើឱ្យ​ពួកគាត់​រស់​នៅ​ទាំង​ក្តី​បារម្ភ​ ខ្លាច​បាត់បង់​អត្តសញ្ញាណ​ភូមិកំណើត​ និង​កន្លែងអាស្រ័យផល​តាំង​ពី​ដូនតា​មក​៖ «ប្រសិន​បើ​អាជ្ញាធរ​មិន​ឈរ​លើ​គោលការណ៍​ផល​ប្រយោជន៍​ប្រជាជន​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ហ្នឹង​ហើយ​។ មូលហេតុ​ដែល​គាត់​ស្នើ​សុំ​ទំ​ហំ​ដី​ប៉ុណ្ណឹង​ គាត់​សម្អាង​លើ​អ្វី​ខ្លះ​ ព្រោះ​ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ​ ហេតុ​អី​បាន​ជា​រដ្ឋ​មិន​អាច​ជូន​ពលរដ្ឋ​ខ្លួន​ឯង​បាន​ បែរ​ជា​ជូន​ក្រុមហ៊ុន​បាន​»។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ីវ ហ្គិច​ វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន​ អាន​ ម៉ារ៉ាឌី​ កាល​ពី​ឆ្នាំ​២០១០​ លើ​ផ្ទៃដី​ចំនួន ១​ម៉ឺន​ហិកតារ​ក្នុង​រយៈពេល ៩០​ឆ្នាំ។ ​ប្រជាសហគមន៍​ជនជាតិដើមព្នង​អះអាងថា​ វត្តមាន​ក្រុមហ៊ុននេះ​ បាន​ឈួសឆាយ​ព្រៃអភិរក្ស​អ្នកតា​របស់អ្នកភូមិ​ បំផ្លិចបំផ្លាញ​ជម្រក​សត្វព្រៃ​ ធនធានព្រៃឈើ​ ធ្វើឱ្យ​ពួកគាត់ពិបាក​ក្នុង​ការ​អាស្រ័យផល ​ដូចជា​ រកឃ្មុំ​ បោចវល្លិ៍​ ឃ្វាល​គោ​ក្របី ​ធ្វើ​ចម្ការ​វិល​ជុំ​ រក​អនុផល​ព្រៃ​ឈើ​ បេះ​បន្លែ​ និង​ដង​ជ័រទឹក​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។