សហគមន៍​ខេត្ត​មណ្ឌលគិរី​ថា អ្នក​មាន​អំណាច​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​សក្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង​ខេត្ត​មណ្ឌលគិរី​អះអាង​ថា អ្នក​មាន​អំណាច​ម្នាក់ ដែល​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​តំបន់​ព្រៃ​អាស្រ័យ​ផល និង​ជា​តំបន់​បន្សល់​វប្បធម៌​ប្រពៃណី​របស់​អ្នក​ភូមិ។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា ពួក​គេ​កំពុង​ដោះ​ស្រាយ​រឿង​នេះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) រស់​នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោរម្យ ស្រុក​អូរ​រាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ មីនា​ថា អ្នក​មាន​ឥទ្ធិពល​ម្នាក់ ដែល​អ្នក​ភូមិ​មិន​ស្គាល់​ឈ្មោះ បាន​យក​គ្រឿង​ចក្រ​មួយ​គ្រឿង និង​កម្មករ ៦នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ៤នាក់ ឈូស​ឆាយ ហ៊ុមព័ទ្ធ តំបន់​ព្រៃ​គោរព​បូជា​របស់​ពួក​គេ​អស់​ជា​ច្រើន​ហិកតារ។

កាល​ពី​ថ្ងៃ​ទី៣ មីនា អ្នក​ភូមិ ៤០នាក់ បាន​លើក​គ្នា​ឃាត់​គ្រឿង​ចក្រ​មួយ​គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ព្រៃ​អារក្ស​អ្នក​តា ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង គោរព​បូជា និង​សែន​ព្រេន​ជា​រៀង​រាល់​ឆ្នាំ។ សហគមន៍​ថា អ្នក​ភូមិ​បាន​ផ្ដល់​ដំណឹង​នេះ ទៅ​អាជ្ញាធរ​ភូមិ-ឃុំ និង​អភិបាល​ស្រុក ឲ្យ​ជួយ​ទប់​ស្កាត់ តែ​គ្មាន​លទ្ធផល។

តំណាង​ជនជាតិ​ដើម​ភាគ​តិច រស់​នៅ​ភូមិ​ពូរាំង លោក ញ៉ាន ស្រេវ ប្រាប់​អាស៊ី​សេរី​ថា ដើម​ឈើ​ធំៗ នៅ​តំបន់​ព្រៃ​អារក្ស ដែល​ជា​កន្លែង​អ្នក​ភូមិ​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​អ្នក​មាន​អំណាច​ខ្លះ យក​គ្រឿង​ចក្រ និង​កម្មករ​ជនជាតិ​វៀតណាម​មួយ​ក្រុម ឈូស​ឆាយ​ទន្ទ្រាន​យក​ដី។ រីឯ​ដើម​ឈើ​ធំៗ នៅ​តំបន់​ខ្លះ​ក៏​ត្រូវ​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​បន្ត​បន្ទាប់។ លោក​ថា អ្នក​ភូមិ​ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​នេះ បង្ក​ការ​ប៉ះពាល់​ដល់​ព្រៃ​កប់​សព កន្លែង​ឃ្វាល​គោ​ក្របី ព្រៃ​ជំនឿ និង ព្រៃ​អាស្រ័យ​ផល​បន្សល់​ទុក​ចុង​ក្រោយ សម្រាប់​អ្នក​ភូមិ​អភិរក្ស៖ «តំបន់​ឈូស​ឆាយ​កន្លែង​គោ​ក្របី អារក្ស​អ្នក​តា សែន​ព្រេន​រាល់​ឆ្នាំ​តាម​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច ដល់​គាត់​ឈូស​ឆាយ​អ៊ីចឹង គាត់​ចង់​យក​អស់​តាម​មើល​ទៅ។ ដល់​កប់​ខ្មោច​ក៏​ប៉ះ​ពាល់ ព្រៃ​អារក្ស​អ្នក​តា​ក៏​ប៉ះ​ពាល់ គេ​ដាក់​បង្គោល​នៅ​អារក្ស​អ្នក​តា​ខ្ញុំ​ទៀត »

បុរស​ដដែល​បន្ថែម​ថា សហគមន៍​ទុក​ពេល​ឲ្យ​ក្រុម​អាជ្ញាធរ​ភូមិ-ឃុំ ដោះ​ស្រាយ​រឿង​នេះ​សិន ក៏​ប៉ុន្តែ​ប្រសិន​បើ​គ្មាន​លទ្ធផល និង​បង្ហាញ​មូលហេតុ​ច្បាស់លាស់​នោះ​ទេ អ្នក​ភូមិ​នឹង​លើក​គ្នា​តវ៉ា។

លោក​បារម្ភ​ពី​ផែនការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មន្ត្រី​នគរបាល​ខ្លះ​បាន​បង្ហើប​ថា ព្រៃ​នៅ​ទី​នោះ​ទំហំ ៣៧០ហិកតារ នឹង​ត្រូវ​ឈូស​ឆាយ ដើម្បី​ធ្វើ​កន្លែង​ទេសចរ ត្រួត​ស៊ី​គ្នា​ក្នុង​ព្រៃ​អារក្ស​របស់​ពួក​គេ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។

ឆ្លើយ​តប​រឿង​នេះ មេ​ឃុំ​សែន​មនោរម្យ អ្នកស្រី ខ្វាន ត្រែល ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ដំណឹង​នេះ​ហើយ និង​បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ​ដល់​ទីតាំង​ជាក់​ស្ដែង។ អ្នកស្រី​ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ប្រាកដ​ថា សកម្មភាព​ឈូស​ឆាយ​នោះ​មាន​ច្បាប់​អនុញ្ញាត ឬ​យ៉ាង​ណា​ទេ ព្រោះ​ម្ចាស់​គ្រឿង​ចក្រ មិន​បាន​ផ្ដល់​ដំណឹង​មក។ តែ​យ៉ាង​ណា​អាជ្ញាធរ​មូលដ្ឋាន នឹង​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មក​ពិភាក្សា​រឿង​នេះ​នៅ​ពេល​ឆាប់ៗ នេះ។ លោក​ស្រី​អះអាង​ថា ជំហរ​របស់​អាជ្ញាធរ​ឃុំ​មិន​ឯកភាព​ឲ្យ​ឈូស​ឆាយ​ព្រៃ​នៅ​កន្លែង​គោរព​បូជា​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នោះ​ទេ ប្រសិន​បើ​ការ​ឈូស​ឆាយ​នោះ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «គេ​មិន​ឆ្លង​អាជ្ញាធរ​ភូមិ - ឃុំ​ទេ មិន​ដឹង​គ្រឿង​ចក្រ​គេ​មក​ពី​ខាង​ណា​ទេ។ ខ្ញុំ​បាន​បញ្ជា​ទៅ​ប៉ុស្តិ៍​រដ្ឋបាល បើ​គេ​មាន​ច្បាប់​ត្រឹមត្រូវ​អនុញ្ញាត​ឲ្យ​គេ។ បើ​គេ​ថា ពលរដ្ឋ​ក្នុង​ភូមិ​មិន​ឯកភាព​ទេ យើង​មិន​អាច​ឲ្យ​ដំណើរ​ការ។ អ៊ំ ញ៉ាន ស្រាវ គាត់​ថា កន្លែង​ព្រៃ​តំណម និង​កន្លែង​បូជា​អារក្ស​អ្នក​តា ក៏​មិន​អាច​ធ្វើ​បាន​ដែរ »

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេត​ឃើញ​ថា នៅ​គ្រា​ដែល​សហគមន៍​ឃាត់​គ្រឿង​ចក្រ ពួក​គេ​ប្រទះ​ឃើញ​ជន​ជាតិ​វៀតណាម ៤នាក់ មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មាន​ជនជាតិ​ខ្មែរ​ពីរ​នាក់ ទំនង​ជា​អ្នក​ស៊ី​ឈ្នួល​ឈូស​ឆាយ​ព្រៃ​ឲ្យ​អ្នក​មាន​អំណាច។ លើស​ពី​នេះ ក្រុម​កម្មករ​ឈូស​ឆាយ​នោះ​មិន​បាន​បង្ហាញ​ឯកសារ​ប្រាប់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា ការ​ស៊ើប​អង្កេត​រឿង​នេះ​គ្មាន​អ្វី​លំបាក​ទេ បើ​អាជ្ញាធរ​មាន​ឆន្ទៈ៖ «គាត់​ទៅ​ឃាត់​គ្រឿង​ចក្រ​មួយ​ភូមិ គ្រឿង​ចក្រ​យក​ទៅ​វិញ​ហើយ តែ​មិន​ឃើញ​មាន​អាជ្ញាធរ និង​នគរបាល​ណា ឃាត់​បទ​ល្មើស​ទេ។ ការ​ខូច​ខាត​ឈើ គេ​ទុក​ចោល។ សួរ​ឯកសារ​ក៏​គ្មាន គឺ​គ្មាន​ទាំង​អស់ »

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ការ ការ​ឈូស​ឆាយ​តំបន់​ព្រៃ​អារក្ស​របស់​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។ លោក​ថា ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ខេត្ត​មណ្ឌលគិរី​តែង​ជួប​ប្រទះ​បញ្ហា​នេះ​ជា​រឿយៗ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។