ប្រជាពលរដ្ឋភាគច្រើន ដែលរងគ្រោះពីការឆបោកលុយពីសំណាក់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់ អ្នកស្រី ឡេង ចាន់ណា មិនសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ មួយសមរម្យក្នុងពេលឆាប់ៗនេះនោះទេ បើទោះបីជាមានមេធាវីរដ្ឋាភិបាលជួយការពារក្ដី ហើយក៏ដោយ។ ពួកគាត់ថា ជាច្រើនខែមកនេះ សំណុំរឿង ពុំមានការវិវត្តន៍ជា ដុំកំភួនធ្វើឱ្យពលរដ្ឋ រស់នៅក្នុងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះរឿងបំណុល។
ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលរងគ្រោះ ដោយសារក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) ពេលនេះ អ្នកខ្លះ រស់ក្នុងសម្ពាធគ្រួសារបំណុល និងខ្វះលិចខ្វះកើត រហូតទៅរកការងារធ្វើនៅប្រទេសថៃ និងអ្នកខ្លះទៀត លក់ដីយកមកសង់បំណុលធនាគារ។
ពលរដ្ឋរងគ្រោះ លោកស្រី ឈុន ស៊ីនួន រស់នៅខេត្តក្រចេះ រំលឹកប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែតុលាថា មុនពេលស្គាល់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា លោកស្រី មានដីស្រែចម្ការ និងមានប្រាក់ចំណូលពីការលក់ដូរឥវ៉ាន់។ ក៏ប៉ុន្តែ ជាច្រើនខែមកនេះ ជីវភាពលោកស្រី បានធ្លាក់ដុនដាបខ្លាំង ធ្វើឱ្យលោកស្រី ដេកយំរាល់ថ្ងៃ ព្រោះខ្វល់រឿងបំណុល ត្រូវបង់ ជាង ៥ពាន់ដុល្លារក្នុង ១ខែ។
លោកស្រីចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អស់ ១០ម៉ឺនដុល្លារ ដែលលុយទាំងនេះ បានមកពីខ្ចីធនាគារខ្លះ និងខ្លះទៀត លក់ដី ដើម្បីវិនិយោគ ព្រោះគិតថា នឹងទទួលបានការប្រាក់ខ្ពស់។លោកស្រី ធ្លាប់ទទួលបានការប្រាក់ចំនួនពីរលើកពីក្រុមហ៊ុន ប្រមាណ ៨ពាន់ដុល្លារ ក្នុង ១ខែ កាលទើបនឹងដាក់វិនិយោគដំបូង នៅឆ្នាំ២០១៩ ចំណែក ការប្រាក់នោះ លោកស្រីពុំបានយកចាយនោះទេ គឺទុកវិនិយោគបន្ថែម ហើយក្រោយមក ក្រុមហ៊ុនក៏ប្រាប់ថា មានបញ្ហា រហូតដល់សព្វថ្ងៃ។
លោកស្រី ឈុន ស៊ីនួន បានដាក់ពាក្យបណ្ដឹង និងជួបជាមួយមេធាវីរដ្ឋាភិបាលរួចហើយ ដើម្បីផ្ដល់សិទ្ធិឱ្យ ជួយរកដំណោះស្រាយ។ ទោះជាយ៉ាងណាក្ដី លោកស្រីថា ការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ដូចសព្វថ្ងៃនេះ លោកស្រីថា មិនដឹងពេលណា នឹងទទួលបានសំណងនោះទេ ប្រសិនបើនៅតែយឺតយ៉ាវបែបនេះ។
លោកស្រី ឈុន ស៊ីនួន៖«មិននឹកស្ថានថា ក្រុមហ៊ុនដើរដល់ថ្ងៃនេះទេ ហើយប្រជាពលរដ្ឋទាំងអស់ហ្នឹង ពួកគាត់ជឿជាក់ថា ជាក្រុមហ៊ុនរបស់រដ្ឋាភិបាល បានជានាំគ្នាធ្វើ ពេញទឹកពេញដី ដល់ ២៥ខែក្រុងទាំងម្ដង»។
ពលរដ្ឋរងគ្រោះនៅខេត្តសៀមរាបម្នាក់ទៀត លោក មនោ រដ្ឋា ត្រូវបានក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា បោកលុយអស់ ២១ម៉ឺន ៣ពាន់ដុល្លារ ដែលលុយទាំងបានមកពីធ្វើការនៅប្រទេស កូរ៉េ និងខ្ចីធនាគារខ្លះ។ រៀងរាល់ខែ លោកត្រូវបង់ធនាគារ ៥ពាន់ដុល្លារ។ ការបង់ច្រើនលើសលប់នេះ ធ្វើឱ្យគ្រួសាររបស់លោក មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ហើយសម្រេចលក់ដីអស់ជាច្រើនមកហើយ ដើម្បីដោះបំណុល។
លោកបន្តថា ជិត ១ឆ្នាំនេះ មានពលរដ្ឋមិនក្រោម ៥០នាក់ទេ បានលក់ដី និងបញ្ចាំប្លង់ផ្ទះ យកលុយសងបំណុល រួចទៅរកការងារធ្វើនៅប្រទេសថៃ។ លោកអះអាងថា ប្រជាពលរដ្ឋ រងចាំ វិធានការរបស់រដ្ឋាភិបាល មួយរយៈពេលសិន ហើយប្រសិនបើរដ្ឋាភិបាល នៅតែបន្តអូសបន្លាយ ហើយ ពុំប្រកាសលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន របស់អ្នកស្រី ឡេង ចាន់ណា ដែលបានដកហូត ដើម្បីលក់ សងពលរដ្ឋទេនោះ ពួកគាត់នឹងប្រមូលម្ដុំគ្នាតវ៉ាជាថ្មី។
លោក មនោ រដ្ឋា៖ «សូមសំណូមពរឱ្យរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ឱ្យជួយរកយុត្តិធម៌ ជូនពួកខ្ញុំផង ព្រោះខ្ញុំជាជនរងគ្រោះដែលចាញ់បោកគេ ហើយសូមជួយពន្លឿនរកដោះស្រាយ ដល់ពួកខ្ញុំ ដែលជាជនរងគ្រោះ។ ព្រោះអី អស់លទ្ធភាព មិនមានលុយបង់ធនាគារទៀតទេ ដោយសារគ្រួសាររបស់ខ្ញុំ ម៉ែរបស់ខ្ញុំ និងប្អូនខ្ញុំ បង់មួយគ្រួសារ គឺជាង៥ពាន់ដុល្លារ។ លុយដែលរកបានអស់ ទ្រព្យសម្បត្តិក៏អស់ ហើយប្លង់ដី ប្លង់ផ្ទះក៏អស់ដូចគ្នា»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេនៅថ្ងៃទី៨ ខែតុលា ដោយហៅទូរស័ព្ទ ចូលតែគ្មានអ្នកទទួល។
នៅថ្ងៃទី១៤ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរៀបចំក្រុមមេធាវីរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន ដើម្បីជួយការពារក្ដីជូនពលរដ្ឋរងគ្រោះជាមួយអ្នកស្រី ឡេង ចាន់ណា។ មកដល់ពេលនេះ ក្រុមមេធាវីបានចុះជួបពលរដ្ឋរងគ្រោះនៅរាជធានីភ្នំពេញ និងជាយក្រុង បានចំនួន ១២លើកហើយ ដែលមានសរុបជាង ៤ពាន់ (៤.១១០) នាក់ ដែលបានដាក់ពាក្យប្រគល់សិទ្ធិ ឱ្យក្រុមមេធាវីរដ្ឋាភិបាល។ ការចុះជួបរបស់ក្រុមមេធាវីនេះ ធ្វើឡើងក្នុងមួយលើកៗ មានពលរដ្ឋចន្លោះ ៣០០ ទៅ ៤០០នាក់ ហើយក្រុមមេធាវីរដ្ឋាភិបាល ក៏គ្រោងនឹងចុះជួបពលរដ្ឋរងគ្រោះជាច្រើនទៀតផងដែរ នៅតាមបណ្ដាផ្សេងៗ ទៀត ដូចជា ខេត្តសៀមរាប ក្រចេះ និងព្រះវិហារជាដើម។
កន្លងទៅ លោក គី តិច ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ករណីនេះពុំទាន់ដឹងថា នឹងចប់នៅពេលណា ហើយនិងទទួលបានលទ្ធផលបែបណានោះទេ បើទោះប្រធានក្រុមមេធាវីទទួលបានភស្តុតាង និងពាក្យបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋរងគ្រោះក្ដី ព្រោះនៅចាំការសម្រេចពីតុលាការ។
ទាក់ទិនរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ តុលាថា ការដោះស្រាយតាមរយៈ មេធាវីរដ្ឋាភិបាល គឺជាការប្រសើរ ប៉ុន្តែ ករណីនេះ ដើម្បីឆ្ពោះទៅរកដំណោះស្រាយ ទាន់ពេលវេលា ដូចការចង់បានរបស់ពលរដ្ឋ និងបន្ធូរបន្ថយបញ្ហាបំណុលធនាគារ រដ្ឋាភិបាលត្រូវឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដើម្បីស្វែងយល់ពីទំហំទុក្ខលំបាក របស់ពលរដ្ឋជាក់ស្ដែង ដើម្បីជំរុញឱ្យសំណុំរឿងនេះ ជារឿងអាទិភាព។
បន្ថែមពីនោះ លោកថា រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការដោះស្រាយ ពិសេស រួមនិងមេធាវី ដោយ ផ្ដោតតែលើករណីនេះ និងតាមដានវាយតម្លៃឱ្យបានត្រឹមត្រូវប្រកបដោយសុចរិតភាព នោះទើបសំណុំរឿងនេះ ឆ្ពោះទៅមុខបានឆាប់ៗ។
លោក ប៉ិច ពិសី៖«ខ្ញុំគិតថា ប្រសិនបើយើងបង្កើតគណៈកម្មការដឹកនាំដោះស្រាយវិវាទ ដោយធានានូវគោលការណ៍សុចរិតភាព និងតម្លាភាព ខ្ញុំគិតថា យើងអាចដោះបញ្ហានោះបានហើយ ព្រោះបញ្ហាថា តើធ្វើម៉េចធានានូវតម្លាភាព និងភាពត្រឹមត្រូវនៃការដោះស្រាយវិវាទជូនអ្នករងគ្រោះហ្នឹង»។
រីឯអនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា រដ្ឋាភិបាល ក្រៅពីប្រមូលភស្តុតាង និងពាក្យបណ្ដឹងពីប្រជាពលរដ្ឋដាក់ទៅតុលាការ ក៏ត្រូវតែជជែកជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយ ផ្អាក ការយកការប្រាក់ពីពលរដ្ឋ ដែលត្រូវបង់ធនាគារប្រចាំខែផងដែរ។ លោកថា កន្លងទៅ រដ្ឋាភិបាលហាក់ពុំអើពើដោះស្រាយលើចំណុចទាំងនេះ ឱ្យបានទាន់ពេលវេលានោះឡើយ បើទោះបីជាប្រជាពលរដ្ឋបានស្នើសុំជាច្រើនលើកមកហើយក្ដី ដែលធ្វើឱ្យពួកគាត់ធ្លាក់ក្នុងបំណុលវ័ណ្ឌក។
លោក យិន ម៉េងលី៖«រដ្ឋាភិបាលគួរជួយអន្តរាគមន៍នេះ ទៅដល់ធនាគារ ដើម្បីជួយសម្រួលយ៉ាងម៉េចដល់ការជំពាក់លុយរបស់ប្រជាពលរដ្ឋទាក់ទិនទៅនឹងបញ្ហាក្រុមហ៊ុននេះ ដើម្បីឱ្យប្រជាពលរដ្ឋ គាត់អាចធូរស្រាលបន្តិច ហើយទុកឱកាសឱ្យតុលាការពន្លឿននីតិវិធី ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ អ្នកដែលពាក់ព័ន្ធនេះ»។
ក្រោយពីមានផ្ទុះការតវ៉ារបស់ពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប កាលពីពេលកន្លងទៅ អាជ្ញាធរខេត្តសៀមរាប បានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកដាក់ពន្ធនាគារ។ ចំណែក សាលាដំបូងខេត្តសៀមរាប ក៏បានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ក្នុងគោលដៅសងម្ចាស់បំណុលដល់ជនរងគ្រោះ។ ប៉ុន្តែ ជាច្រើនខែមកនេះ ពុំឃើញ តុលាការដកទ្រព្យសម្បត្តិទាំងនោះឡើយ ដើម្បីសងជនរងគ្រោះនោះឡើយ។
លោក យិន ម៉េងលី ជំរុញឱ្យរដ្ឋាភិបាល ត្រូវឈរលើគោលការណ៍យុត្តិធម៌ ហើយគិតផលប្រយោជន៍ពលរដ្ឋជាធំ តាមរយៈការប្រឹងប្រែងរកដោះស្រាយបញ្ហាចំពោះមុខឱ្យចេញជាលទ្ធផល តាមការស្នើសុំពីប្រជាពលរដ្ឋ។ បើពុំដូច្នោះទេ ពលរដ្ឋកាន់តែអស់ជំនឿចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។