ពលរដ្ឋចោទក្រុមហ៊ុនរបស់អភិបាលរងខេត្តព្រះវិហារថា បន្តឈូសឆាយព្រៃសហគមន៍ជីអោក
2023.02.11
ជនជាតិដើមភាគតិចកួយជាច្រើននាក់ នៅថ្ងៃទី១០ កុម្ភៈ បានលើកគ្នា ឃាត់គ្រឿងចក្រជាថ្មីទៀត ដែលបន្តឈូសឆាយ ព្រៃសហគមន៍ភូមិជីអោក និងផលដំណាំ របស់ពួកគាត់។ អ្នកភូមិសង្ស័យថា ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ដែលជារបស់អភិបាលរងខេត្តព្រះវិហារម្នាក់ មានជាប់ពាក់ព័ន្ធការឈូសឆាយនេះ។
ជនជាតិដើមភាគតិចកួយជាង ៣០នាក់ តំណាងឱ្យពលរដ្ឋជាង ២រយ គ្រួសាររស់នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខឹងសម្បារចំពោះទង្វើរបស់អាជ្ញាធរខេត្តព្រះវិហារថា បន្តបើកដៃឱ្យក្រុមហ៊ុនជារបស់អភិបាលខេត្តព្រះវិហារ ឈូសឆាយព្រៃសហគមន៍ជីអោក និងផលដំណាំ របស់អ្នកភូមិជាថ្មីទៀត។
ជនជាតិដើមភាគតិចកួយ លោក សាន សៀ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនបានយកត្រាក់ទ័រមួយគ្រឿង ប្រភេទអាប៊ុល (Bulldozer) លួចឈូសឆាយព្រៃសហគមន៍ជីអោក និង ផលដំណាំអ្នកភូមិជាថ្មីទៀត នៅរយៈពេល ២ ថ្ងៃចុងក្រោយនេះ ដែលបានបំផ្លាញដំឡូងមី របស់លោកអស់ជិត ១ហិកតារ និងដំណាំអ្នកភូមិផ្សេងៗទៀត។
លោកថា អ្នកភូមិជាង ៣០នាក់ បានលើកគ្នាហាមឃាត់គ្រឿងចក្រនោះ មិនឱ្យបន្តឈូសឆាយ រង់ចាំការដោះស្រាយសិន ក៏ប៉ុន្តែអ្នកបើកគ្រឿងចក្រមិនស្តាប់ឡើយ។
លោក សាន សៀ៖ «ឈូសរបស់ខ្ញុំរួច អត់មានដីស្រែទេ មានតែចម្ការ បើគេឈូសឆាយទៀត ចប់បណ្តោយ មិនដឹងទៅរស់នៅឯណា ធ្វើស្រែឯណា? ដើមចំប៉ក់ខ្ទេចខ្ទីអស់ហើយ សព្វថ្ងៃ។ ពលរដ្ឋរឿងជ័រទឹក រឿង ជ័រផ្សេង វល្លិដល់ពេលសព្វថ្ងៃ បំផ្លាញអស់រលីង ខ្ញុំអត់ចេះនិយាយ។ វាលួចម្តងត្រង់នេះ ត្រង់នោះ»។
ជនជាតិដើមភាគតិចកួយ វ័យ ៦០ រូបនេះ ស្តីបន្ទោសអាជ្ញាធរខេត្តព្រះវិហារថា ឃុបឃិតជាមួយក្រុមហ៊ុន សាន់ តាណា បន្តរំលោភយកដីធ្លីសហគមន៍ដ៏ធំសម្បើម បំផ្លាញប្រភពសេដ្ឋកិច្ច និងអត្តសញ្ញាណរបស់អ្នកភូមិ។
លោកថា នៅរយៈពេលជិត ១ឆ្នាំចុងក្រោយនេះ ដើមឈើធំៗប្រភេទ ឈើទាល គគីរ ធ្នង់ និង សុក្រំជាដើម ឋិតក្នុងព្រៃអភិរក្សនេះ ត្រូវកាប់បំផ្លាញអស់ស្ទើរទាំងស្រុង ហើយដីសហគមន៍យ៉ាងហោចណាស់ ជាង ១០០ ហិកតារ ក៏ត្រូវគេឈូសឆាយអស់ដែរ។
សមាជិកសហគមន៍ ចាស់ សុថេន ថ្លែងថា ក្រុមហ៊ុនគ្រោងនឹងឈូសឆាយព្រៃស្រោងជាង ៣រយ ហិកតារ (៣២៤) ធ្វើឱ្យអ្នកភូមិកើតទុក្ខមិនសុខចិត្ត បានលើកគ្នាតវ៉ាជាញឹកញាប់ ទើបធ្វើឱ្យក្រុមហ៊ុនផ្អាកប៉ុណ្ណោះអាសន្ន។

លោកថា ដំបូងឡើយអ្នកភូមិជាង ៣០០នាក់លើកគ្នាតវ៉ាប្រឆាំងការឈូសឆាយនេះ ក៏ប៉ុន្តែអាជ្ញាធរបានគំរាមចាប់ពលរដ្ឋដាក់គុក ធ្វើឱ្យពលរដ្ឋខ្លះខ្លាចរអា។
ចាស់ សុថេន៖ «លោកដើមឈើធំៗឱប២ គេកាប់អស់រលីងហើយ អត់មាននរណាទប់ស្កាត់ទេ បើកដៃពីអាជ្ញាធរផង។ ដំឡូងពួកគាត់ទើបដាំ ក៏គេឈូសដែរ ហាមក៏អត់ស្តាប់ដែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញសកម្មភាពឈូសឆាយនេះ ពីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក យង់ គឹមហឿង បាននៅឡើយទេនៅថ្ងៃ ១០ កុម្ភៈ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធបំភ្លឺរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនោះទេ។
អ្នកភូមិស៊ើបដឹងថា ឧកញ៉ាម្នាក់ ឈ្មោះ អ៊ុក គឹមសាន មានតួនាទីជា អភិបាលរងខេត្តព្រះវិហារ មានមហិច្ឆតា រំលោភយកដីព្រៃនៅតំបន់នោះធ្វើអាជីវកម្ម និងទន្ទ្រានយកដី ធ្វើកសិកម្មអស់រាប់រយហិកតារដោយសារតែទីផ្សារដីឡើងថ្លៃខ្ពស់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីឧកញ៉ា អ៊ុក គឹមសាន បាននៅឡើយទេ។ ប្រជាសហគមន៍អះអាងថា មេឃុំរមណីយ លោក ឃុត រី តែងតែចុះចួបពលរដ្ឋ ដោយលួងលោមឱ្យពលរដ្ឋចូលរួមផ្ដិតមេដៃ គាំទ្រឱ្យ អាជ្ញាធរកាត់ឆ្វៀលដីព្រៃសហគមន៍ជីអោក ៣០០ហិកតារ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋក្រីក្រ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកសកម្មភាពឈូសឆាយព្រៃសហគមន៍ និងផលដំណាំរបស់ជនជាតិដើមភាគតិច ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច គួរតែអនុវត្តច្បាប់ជាបន្ទាន់ មិនគួរបណ្តែតបណ្តោយដូច្នេះទេ។
លោក ឡោ ចាន់៖ «ហើយបែរជាមន្ត្រីជំនាញ នៅជិតហ្នឹងសោះ គាត់អត់មានគិតគូរយកចិត្តទុកដាក់បង្ក្រាបជនទាំងអស់ហ្នឹង។ ដីព្រៃសហគមន៍ឥលូវ ជិតក្លាយជាវាលរហោឋាន មានគ្រឿងចក្រឈូសឆាយ ហើយមន្ត្រីជំនាញនៅស្ងាត់ទៀត»។
ព្រៃសហគមន៍ភូមិជីអោក ឬហៅម្យ៉ាងទៀតថា សហគមន៍តំបន់ការពារធម្មជាតិជីអោកបឹងព្រៃ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីជាង ២ពាន់ហិកតារ (២.០៦០)។ ព្រៃសហគមន៍នេះបានចុះបញ្ជី ទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០០៣ ឋិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
អ្នកភូមិថា សកម្មភាពឈូសឆាយព្រៃអភិរក្សនេះ បានបំផ្លាញជម្រកសត្វព្រៃរួមមាន សត្វទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និងជ្រូកព្រៃជាដើម ហើយពេលនេះសត្វកម្រទាំងនេះ បានបាត់ខ្លួនអស់ជាបន្តបន្ទាន់ ដោយសត្វខ្លះទៀត ត្រូវគេលួចបរបាញ់សម្លាប់ធ្វើអាជីវកម្ម ដោយសារបាត់បង់ជម្រក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។