ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​ ៣រយ​នាក់ ស្នើ​អភិបាល​ខេត្ត​កោះកុង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ៣០០នាក់​ មក​ពី​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​ ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ដែល​មាន​វិវាទ​ជាមួយ​ឧកញ៉ា។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អាជ្ញាធរ​គួរ​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ ជូន​ប្រជា​ពលរដ្ឋ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឲ្យ​មាន​សកម្មភាព​ចេញ​តវ៉ា​ពី​ពលរដ្ឋ​ទៀត។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លោកស្រី ផាវ ញ៉ើង ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ ខែ​តុលាថា អភិបាល​ខេត្ត​កោះកុង​កុង អ្នកស្រី មិថុនា​ ភូថង នៅ​តែ​ប្រកាន់​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន ៣ នៃ​កោះកុង​បាន​ទេ ដោយ​សារ​សេចក្ដី​សម្រេច​របស់​ក្រសួង​ដែនដី​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​គ្មាន​មូល​ច្បាប់​ត្រឹមត្រូវ។

លោកស្រី​បន្ត​ថា ​អភិបាល​ខេត្ត​បែរ​ជា​ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ពី​ស្ថាប័ន​តុលាការ​ជំនួស​វិញ ខណៈ​ក្រុមហ៊ុន​លោក ហេង អភិវឌ្ឍន៍ ​របស់​លោក​ ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក លី យ៉ុងផាត ដែល​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ គឺ​ជា​អ្នក​មាន​អំណាច​ និង​លុយកាក់​អាច​ឈ្នះ​ក្ដី​ដោយ​ងាយ តាម​ផ្លូវ​តុលាការ។

តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​បាត់​បង​ដីធ្លី​ស្រែ​ចម្ការ​ជិត​ ១​ពាន់​គ្រួសារ ក្នុង​ស្រុក​ស្រែ​អំបិល ស្រុក​ថ្មបាំង និង​ស្រុក​បុទុមសាគរ​ ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ឈប់​ចេញ​តវ៉ា​តទៅទៀត៖ «លោក​ជំទាវ​មិថុនា ភូថង​ នៅ​តែ​មាន​ប្រសាសន៍​ថា​ គាត់​នឹង​លើក​យក​យោបល់​ហ្នឹង​ទៅ​ពិភាក្សា​គ្នា។ អ៊ីចឹង ! ខេត្ត​មា​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ គាត់​គួរ​តែ​ប្រាប់​បាន​ ព្រោះ​អី​ថ្នាក់​ក្រសួង​បាន​ប្រាប់​ខ្ញុំ​ម្សិល​មិញ។ ឯកឧត្ដម ទេព ធន​ គាត់​សរសេរ​សារ​មក​ប្រាប់​ខ្ញុំ​ថា ឲ្យ​ជជែក​គ្នា​ជាមួយ​ខេត្ត​ឲ្យ​អស់​លទ្ធភាព​ទៅ ។ ដល់​ពេល​ពួក​ខ្ញុំ​មក​ដល់ គាត់​ថា​ ចាំ​យក​​យោបល់ សំណើ​របស់​ពួក​ខ្ញុំ​ទៅ​ប្រាប់​ដដែល។ ខ្ញុំ​សង្ឃឹម​ថា​លោក​ជំទាវ​នឹង​មិន​យក​ឯកសារ ឬ​ព័ត៌មាន​ទៅ​ទុក​នៅ​កន្លែង​ដែល​បង​ប្អូន​យើង​អត់​ដឹង​ទេ ។ ខ្ញុំ​សង្ឃឹម​ថា លោក​ជំទាវ នឹង​កាន់​ឯកសារ​ពួក​ខ្ញុំ​ទៅ​ជជែក​ថ្នាក់​លើ​ទៀត​ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី​ មិថុនា ភូថង និង​អភិបាល​រង​ខេត្ត លោក សុខ សុធី បាន​ទេ ដោយ​សារ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ពាក់ព័ន្ធ មិន​គួរ​បណ្ដែត​បណ្ដោយ អូស​បន្លាយ​បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​ដី​ពី​រដ្ឋ​តទៅទៀត​ទេ។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ដែនដី គឺ​មាន​ដែន​សមត្ថកិច្ច​ពេញ​លេញ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ ​ជូន​ប្រជា​ពលរដ្ឋ តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​កុំ​ឲ្យ​សកម្មភាព​ចេញ​តវ៉ា​ពី​ពលរដ្ឋ​ទៀត៖ «ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​ជា​ការ​ជួល​ដី​របស់​រដ្ឋាភិបាល មិន​អាច​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​បាន​ទេ។ អ៊ីចឹង​ ! កន្លែង​ហ្នឹង យើង​ឃើញ​ថា​វា​មាន​ភាព​មិន​ប្រក្រតី​មួយ​ហើយ ក្នុង​ការ​កែ​ប្រែ​ដីសម្បទាន​សង្គម​កិច្ច​ សម្បទាន​សេដ្ឋកិច្ច​ទៅ​ជា​ដី​ឯកជន​ទៅ​វិញ។ ចំពោះ​ករណី​នេះ អាជ្ញាធរ​ខេត្ត​គួរ​តែ​ធ្វើការ​ដោះស្រាយ សម្របសម្រួល​តាម​យន្តការ​ខេត្ត​ទៅ ដើម្បី​បង្ហាញ​ការ​ចាប់​អារម្មណ៍ ការ​ចង់​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់​ចប់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត»។

អ្នក​មាន​ជម្លោះដីធ្លី​ខេត្ត​កោះកុង​ ប្រកាន់​ជំហរ​ថា ប្រសិន​អាជ្ញាធរ ​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាម​ការ​ស្នើ​សុំ​នេះ​ទេ ពួកគាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​រក​ដំណោះស្រាយ​​ជា​​ថ្មី​ទៀត​ នៅ​ក្រសួង​ដែនដី និង​ស្ថាប័នរដ្ឋ​ផ្សេង​ទៀត ក្នុង​រាជធានី​ភ្នំពេញ ៕

ពលរដ្ឋ​ជាង ៣០០នាក់ ដែល​មាន​វិវាទ​ជាមួយ​ឧកញ៉ា​ក្រុមហ៊ុន​លោក ហេង អភិវឌ្ឍន៍ របស់​លោក ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក លី យ៉ុងផាត់ នៅ​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២០ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ដំណោះស្រាយ។
ពលរដ្ឋ​ជាង ៣០០នាក់ ដែល​មាន​វិវាទ​ជាមួយ​ឧកញ៉ា​ក្រុមហ៊ុន​លោក ហេង អភិវឌ្ឍន៍ របស់​លោក ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក លី យ៉ុងផាត់ នៅ​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២០ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ដំណោះស្រាយ។ (រូប៖ ពលរដ្ឋ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។