តំណាងពលរដ្ឋ ៥នាក់ចូលបំភ្លឺតុលាការខេត្តព្រះវិហាររឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន

ដោយ ទីន ហ្សាការីយ៉ា
2022.06.01
Share on WhatsApp
Share on WhatsApp
តំណាងពលរដ្ឋ ៥នាក់ចូលបំភ្លឺតុលាការខេត្តព្រះវិហាររឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន
រូបភាពពីពលរដ្ឋ

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ៥នាក់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តព្រះវិហារ​ចេញ​ដីកា​កោះហៅ​ចូល​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ «គំរាម​កំហែង​ថា នឹង​សម្លាប់ និង​គំរាម​កំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត»។ ពលរដ្ឋ​ថា ការ​ចោទ​ប្រកាន់​នេះ ជា​រឿង​អយុត្តិធម៌​បំផុត។

តំណាង​ពលរដ្ឋ​ទាំង ៥រូប ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ពួក​គេ បាន​នាំ​គ្នា​ទៅ​តវ៉ា​ដីធ្លី​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ឈ្មោះ ឡាន ហ្វេង ដែល​រំលោភ​យក​ដី​ពួក​គេ​ជិត ១០ឆ្នាំ ហើយ​បាន​លក់​ឱ្យ​ឈ្មួញ​បន្ត​ធ្វើ​ចម្ការ​ដាំ​ដំឡូង និង​ពោត​ជា​ដើម ទាំង​គ្មាន​ការ​អនុញ្ញាត​ពី​ពួក​គាត់។ ពលរដ្ឋ​បន្ត​ថា ការ​ទាមទារ​របស់​ពួក​គាត់​ចំនួន ៣ថ្ងៃ​គឺ ថ្ងៃ​ទី៤ ថ្ងៃ​ទី១២ និង ១៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លង​មក មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ធ្វើ​ឱ្យ​ខូចខាត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ស៊ុត សាវន ដែល​សាលាដំបូង​ខេត្ត​ព្រះវិហារ​ចេញ​ដីកា​កោះហៅ​ចូល​មក​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ «គំរាម​កំហែង​ថា នឹង​សម្លាប់ និង​គំរាម​កំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត» នៅ​ព្រឹក​ថ្ងៃ​ទី១ ខែមិថុនា​នេះ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​កោះហៅ​នេះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ដែល​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។ លោក​បន្ត​ថា នៅ​ព្រឹក​នេះ តំណាង​អយ្យការ​បាន​សាកសួរ​ជុំវិញ«ការ​គំរាម​កំហែង​នឹង​សម្លាប់» ហើយ​លោក​ឆ្លើយ​ថា កន្លង​មក​ប្រជាពលរដ្ឋ​គ្រាន់​តែ​ទៅ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ភ្ជួរ​ដី​ដោយ​ឈ្មួញ​ផ្សេង ដោយសារ​តែ​ដី​ទាំង​នោះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​តុលាការ​ថា ប្រជាពលរដ្ឋ​មាន​ការ​គំរាម​កំហែង និង​សម្លាប់​ទៅ​វិញ ព្រោះ​វា​មិន​មែន​ជា​ការ​ពិត៖ «គេ​សួរ​ថា យើង​គំរាម​ហើយ​សម្លាប់​ដោយសារ​គេ​ចោទ​ប្រកាន់​មក​លើ​យើង។ មួយ​ទៀត ដូច​ចន្លោះ​ថ្ងៃ​ទី១៣ [ខែកុម្ភៈ] យើង​បាន​ចូលរួម​ទៅ​មើល​បង​ប្អូន [តាម​ទាមទារ​ឱ្យ​ក្រុមហ៊ុន] ហើយ​ក៏​បាន​ថត​គេ​អ៊ីចឹង! ហើយ​បាន​ទៅ​មើល​អី​ផ្សេងៗ ហើយ​យើង​អត់​បាន​ធ្វើ​អី អត់​បាន​និយាយ​អី ហើយ​អត់​បាន​គំរាម​កំហែង​នឹង​សម្លាប់​ទេ»

លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មានប្រជាពលរដ្ឋជាង ២៥០គ្រួសារស្ថិតនៅភូមិចំនួន៣ គឺ​ភូមិបុស្សធំ ភូមិប្រមេរ និង​ភូមិ​ស្រែព្រាង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ឈ្មោះ ឡាន ហ្វេង។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​បាន​ចេញ​តវ៉ា និង​ដាក់​ញត្តិ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ បែរ​ជា​តំណាង ៥រូប ត្រូវ​រង​បទ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ។

តំណាង​ទាំង​ប្រាំ​រូប​ដែល​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង នៅ​ថ្ងៃ​ទី១ ខែមិថុនា ព្រឹក​នេះ​មាន​លោក ថោង ស៊ុត លោក ស៊ុត សាវន លោក ថាប់ សុខឃី លោក ងន ហ៊ីម និង​លោកស្រី រឿន ខាន់។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​តំណាង​ឱ្យ​ពលរដ្ឋ​ជិត ១០០នាក់ មក​គាំទ្រ​តំណាង​របស់​ខ្លួន​នៅ​ក្រៅ​របង​សាលា​ដំបូង​ខេត្ត​ព្រះវិហារ គឺ​លោកស្រី ខៀវ ហែម  ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​តំណាង​ពួកគាត់ទាំង៥នាក់ ព្រោះ​អ្វី​ដែល​ក្រុមហ៊ុន​ប្ដឹង​ពេល​នេះ​មិន​មាន​មូលដ្ឋាន ដែល​ជឿ​ទុក​ចិត្ត​នោះ​ទេ។ លោក​សង្ឃឹម​ថា តុលាការ​នឹង​កាត់​ក្ដី​ដោយ​យុត្តិធម៌ មិន​ត្រូវ​លំអៀង​ទៅ​រក​អ្នក​មាន​អំណាច​នោះ​ទេ៖ «ខ្ញុំ​សូម​ឱ្យ​ស្នងការ​ក៏​ដោយ ខាង​តុលាការ​ក៏​ដោយ ខាង​ព្រះរាជអាជ្ញា និង​រាជ​រដ្ឋាភិបាល កុំ​ចោទ​ប្រកាន់​លើ​ជនជាតិ​ពួក​ខ្ញុំ​ទៀត តំណាង​ប៉ុន្មាន​នាក់​នេះ​ទៀត ទម្លាក់​ចូល​ពី​ថ្ងៃ​នេះ​ទៅ ចុះ​បំភ្លឺ​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ពី​លោក វុធ សាវី តំណាង​អយ្យការ​អម​សាលា​ដំបូង ខេត្ត​ព្រះវិហារ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​តំណាង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ទាំង ៥រូប មក​ពី​អង្គការ​លីកាដូ អ្នកស្រី សាម សុគន្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ពី​ការ​សាកសួរ​តំណាង​ទាំង ៥រូប រួច​មក ឃើញ​ថា ពួក​គាត់​មាន​មូលដ្ឋាន​រឹង​មាំ មិន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដូច្នេះ​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ការ​សាកសួរ​មក​លើ​កូន​ក្ដី​របស់​អ្នកស្រី៖ «ចំពោះ​ការ​សួរ​បំភ្លឺ​កូន​ក្ដី​របស់​ខ្ញុំ​ព្រឹក​មិញ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​ខ្ញុំ​ឃើញ​ថា មិន​មាន​កូនក្ដី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ជា​បទ​ល្មើស​អ្វី​ទេ។ អ្នក​ដែល​ប្ដឹង​គាត់​មក​នឹង​ប្ដឹង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ខ្ញុំ​ជឿជាក់​ថា នៅ​ពេល​ខាង​មុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​នឹង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គាត់​ទេ»

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឱ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​នេះ​បាន​​កើតឡើង​តាំង​ពីឆ្នាំ២០១២ លើ​ផ្ទៃ​ដី ៦.០០០ហិកតារ ដែល​ពួក​គាត់​អះអាង​ថា ជា​កម្ម​សិទ្ធិ​របស់​ពលរដ្ឋ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ ចំនួន ២៥០​គ្រួសារ។ ក្រុមហ៊ុន ឡាន ហ្វេង គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន៤ ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​មេ​ឈ្មោះ ហេង ហ្វូ (Heng Fu) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ ៤២.០០០ហិកតារ តាំងពី​ឆ្នាំ២០១១ សម្រាប់​វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ពលរដ្ឋ​ចោទ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​រំលោភ​យក​ដីធ្លី​ពួក​ដោយ​មិន​មាន​ការ​ផ្ដល់​សំណង​មួយ​សមរម្យ​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​ជួប​ការ​លំបាក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។