ពលរដ្ឋខេត្តពោធិ៍សាត់ថា មន្ត្រីខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត គំរាមពួកគាត់មិនឲ្យផ្សព្វផ្សាយបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាសាធារណៈ បើមិនដូច្នោះទេ អាជ្ញាធរនឹងមិនរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឡើយ។ ប៉ុន្តែពលរដ្ឋថា អាជ្ញាធរគួររកដំណោះស្រាយឲ្យប្រជាពលរដ្ឋឲ្យបានឆាប់ ប្រសើរជាងគំរាមបំបិទសំឡេងរបស់ពួកគាត់មិនឲ្យនិយាយអំពីបញ្ហាដីធ្លីមួយនេះ។
នៅព្រឹកថ្ងៃទី១០ ខែមីនា ប្រជាពលរដ្ឋជិត១០នាក់ ដែលរស់នៅតំបន់ភ្នំ១៥០០ ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នាដើរដាក់លិខិតសុំកិច្ចអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងក្រសួងពាក់ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ឲ្យជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដែលអាជ្ញាធរខេត្តពោធិ៍សាត់ ដាក់ឱសានវាទ ឲ្យពលរដ្ឋរុះរើផ្ទះសម្បែងចេញពីតំបន់អន្ទង់អាំងរយៈពេល១៥ថ្ងៃ។ ពលរដ្ឋថា មន្ត្រីខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត មិនបានទទួលលិខិតរបស់ប្រជាពលរដ្ឋនោះទេ ដោយឲ្យពលរដ្ឋទៅរកមេធាវីនៅខេត្តពោធិ៍សាត់ ដើម្បីជួយរកដំណោះស្រាយអំពីបញ្ហានេះ និងបានគំរាមពលរដ្ឋមិនឲ្យយកបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំងទៅផ្សព្វផ្សាយជាសាធារណៈជាដាច់ខាត។
ពលរដ្ឋថា មន្ត្រីនាយករដ្ឋមន្ត្រីមិនគួរគំរាមពួកគេទេ
ទោះជាយ៉ាងណា តំណាងប្រជាពលរដ្ឋ លោកស្រី សែម សុខគា អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមីនា ថា មន្ត្រីខុទ្ទកាល័យរបស់លោក ហ៊ុន ម៉ាណែត មិនគួរគំរាមកំហែងទៅលើប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះឡើយ តែអាជ្ញាធរគួរប្រញាប់រកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់។ លោកស្រីថា ពលរដ្ឋមិនអាចនៅស្ងៀមស្ងាត់តាមការចង់បានរបស់អាជ្ញាធរឡើយ ពីព្រោះពលរដ្ឋជាង៣០គ្រួសារ ដែលអាជ្ញាធរបង្ខំឲ្យរុះរើផ្ទះសម្បែងចេញពីតំបន់ភ្នំ១៥០០នោះ ដីធ្លីរបស់ពួកគាត់គឺមិនជាប់ពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង ក្នុងតំបន់អភិរក្សបៃតងរបស់រដ្ឋាភិបាលនោះទេ។
លោកស្រី សែម ស្រីគា៖«ខ្ញុំជំពាក់លុយធនាគារ ត្រូវគេដេញចេញដោយមិនមានសំណងណាមួយសមរម្យ ដែលខ្ញុំទទួលយកមិនបាន ហើយដីខ្ញុំមានប្លង់រឹង រួចមកចោទប្រកាន់ខ្ញុំរស់នៅខុសច្បាប់ទៀត ត្រូវតែផ្សាយហើយ ដីខ្ញុំមិនជាប់ជាមួយតំបន់អន្ទង់អាំងទេ អន្ទង់អាំងនៅខាងលើ ហើយដីពួកខ្ញុំនៅខាងក្រោម ពួកគាត់អត់បាននិយាយថាដីនៅក្រោមអន្ទង់អាំងយកដែរផង ម៉េចត្រូវឲ្យខ្ញុំចេញ ហើយតុលាការមិនទាន់ឲ្យឈ្នះចាញ់ផងយកឱសានវាទទៅបិទលើផ្ទះខ្ញុំឲ្យចាកចេញក្នុងរយៈពេលកន្លះខែ»។
ពលរដ្ឋរងគ្រោះមិនមែនជាជនល្មើសទេ
ពលរដ្ឋបន្ថែមទៀតថា ប្រជាពលរដ្ឋជាង៣០គ្រួសារគឺជាជនរងគ្រោះ មិនមែនជាជនល្មើសទៅកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនោះទេ ផ្ទុយទៅវិញដីធ្លីទាំងនោះពលរដ្ឋបានទិញពីទាហាន ដែលធ្លាប់ឈរជើងនៅតំបន់នោះ ហើយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងមានលិខិតទិញលក់ស្របច្បាប់ថែមទៀត។ ពលរដ្ឋថា បច្ចុប្បន្នពួកគាត់កំពុងតែជំពាក់បំណុលធនាគារ ដោយសារតែពួកគាត់យកលុយទាំងនោះទៅទិញនៅតំបន់នោះរស់នៅ និងអាស្រ័យផល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១០ ខែមីនា។
អត្ថបទដែលទាក់ទង៖
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា រដ្ឋាភិបាលគួរតែរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ ប្រសើរជាងដាក់គំនាបទៅលើពួកគាត់។ លោកថា អាជ្ញាធរថ្នាក់ជាតិគួរចុះទៅសិក្សាអំពីបញ្ហានេះឲ្យបានច្បាស់ ដើម្បីរកដំណោះស្រាយ មិនគួររុញបញ្ហានេះទៅឲ្យអាជ្ញាធរខេត្តនោះទេ ពីព្រោះអាជ្ញាធរខេត្តជាអ្នកដាក់ឱសានវាទឲ្យពួកគាត់រុះរើផ្ទះសម្បែង។
លោក យិន ម៉េងលី៖«មូលហេតុអ្វីបានជាប្រជាពលរដ្ឋមិនព្រមចាកចេញ ហើយការបណ្ដេញគាត់ចេញសំអាងទៅលើអ្វីឲ្យបានច្បាស់លាស់ដែរ អ៊ីចឹងត្រូវចំណាយពេលមួយព្រឹកទៅជួបគាត់ទៅ ហើយបញ្ឈប់ការដាក់ឱសានវាទទៅលើពួកគាត់ ឈប់គំរាមទៅលើពួកគាត់ទៅលើសកម្មភាពពួកគាត់ និងដោះលែងអ្នកជាប់ឃុំឲ្យគាត់មានសេរីភាពសិនទៅ»។
កាលពីថ្ងៃទី០៣ ខែមីនា អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញលិខិតមួយច្បាប់ ដោយបង្ខំឲ្យពលរដ្ឋរស់នៅក្នុងតំបន់ភ្នំ១៥០០ ស្រុកវាលវែង ត្រូវរុះរើផ្ទះសម្បែងចេញពីតំបន់អន្ទង់អាំង ក្នុងរយៈពេល១៥ថ្ងៃ។ ប្រសិនបើពួកគាត់មិនព្រមរុះរើតាមការកំណត់នោះទេ អាជ្ញាធរនឹងចុះទៅរុះរើ និងចាត់វិធានការតាមច្បាប់។ ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះ អះអាងថា ពួកគាត់នឹងមិនចាកចេញតាមការបង្ខំរបស់អាជ្ញាធរនោះឡើយ និងស្នើឲ្យរដ្ឋាភិបាល ជួយកាត់ឆ្វៀលដីធ្លីទាំងនោះឲ្យប្រជាពលរដ្ឋបានរស់នៅ និងបានអាស្រ័យផលឡើងវិញ និងដោះលែងតំណាងប្រជាពលរដ្ឋម្នាក់ គឺលោកស្រី សេន ពិសី ដែលអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។