ក្រុមស្ត្រីទាមទារឱ្យមានដំណោះស្រាយដីធ្លីមួយចំនួនប្រឈមនឹងវិបត្តិផ្លូវចិត្ត និងការរើសអើងពីរដ្ឋាភិបាល
2025.01.22

ក្រុមស្ត្រីរងគ្រោះពីការរំលោភយកដីធ្លី និងជាអ្នកតស៊ូមតិមួយចំនួនកំពុងប្រឈមនឹងបញ្ហាសម្ពាធផ្លូវចិត្ត និងការរស់នៅព្រាត់ប្រាសពីក្រុមគ្រួសារ បន្ទាប់ពីដីធ្លីរបស់ពួកគាត់រងការរំលោភយកពីសំណាក់អ្នកមានលុយមានអំណាច និងពុំទទួលបានសំណងសមរម្យ។ ពួកគាត់អះអាងថា កាន់តែឈឺចាប់ជាងនេះទៅទៀតនោះ នៅពេលពលរដ្ឋរងគ្រោះដីធ្លី ស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យដោះស្រាយវិវាទដីធ្លី ពួកគាត់បែរជារងការចោទប្រកាន់ពីតុលាការទៅវិញ។
ក្រោយពេលដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺលោក ហ៊ុន សែន រយៈពេលជាង ១ឆ្នាំមកនេះ លោកនៅមិនទាន់ធ្វើឱ្យពលរដ្ឋរស់នៅមានសុខសន្តិភាពដូចការអះអាងរបស់លោកនៅឡើយ ជាពិសេសពលរដ្ឋរងគ្រោះដីធ្លីមួយចំនួនរស់នៅទាំងភិតភ័យ និងរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីអាជ្ញាធររដ្ឋ។
ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បឹងតាមោក ក្នុងរាជធានីភ្នំពេញ លោកស្រី សឿន ស្រីសុត ឱ្យវិទ្យុអាស៊ីសេរីដឹងថា សព្វថ្ងៃនេះលោកស្រីមានជីវភាពខ្វះខាត ដោយសារតែលោកស្រីបង្ខំចិត្តទទួលយកគោលនយោបាយដោះដូរដី ទៅរស់នៅទីតាំងថ្មី ដែលគ្មានកន្លែងអាស្រ័យផល។ លោកស្រីរៀបរាប់ថា អាជ្ញាធរខណ្ឌព្រែកព្នៅបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋគ្រប់រូបភាព ដើម្បីបណ្ដេញពលរដ្ឋចេញពីចេញពីលំនៅឋាន ដែលបញ្ហានេះធ្វើឱ្យប្ដីលោកស្រីមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។
លោកស្រី សឿន ស្រីសុត៖ «រាល់ការអភិវឌ្ឍន៍មិនថា នៅសហគមន៍បឹងតាមោក ឬក៏សហគមន៍ផ្សេងដែលគាត់កំពុងរងគ្រោះទេសូមឱ្យរដ្ឋាភិបាលគិតពីជូនពលរដ្ឋជាមុនសិន សឹមរដ្ឋាភិបាលអភិវឌ្ឍន៍តាមក្រោយ។ សូមឱ្យរាល់ការអភិវឌ្ឍន៍សូមឱ្យគាត់អញ្ជើញពលរដ្ឋដើម្បីចូលរួមដោះស្រាយចរចាគ្នារាល់ការអភិវឌ្ឍន៍ដែលប៉ះពាល់មកលើពួកគាត់ខ្ញុំ»។
ជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពលរដ្ឋរស់នៅបឹងតាមោកប្រមាណជាង ១០០គ្រួសារ កើតឡើងក្រោយពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានកាត់ឆ្វៀលដីបឹងជាបន្តបន្ទាប់ឱ្យទៅអ្នកមានលុយមានអំណាច សម្រាប់យកទៅធ្វើជាអាជីវកម្មសាងសង់បុរី និងខុនដូ លក់។ ចំណែកឯ ពលរដ្ឋដែលរស់នៅអាស្រ័យផលលើបឹងតាមោកតាំងពីឆ្នាំ១៩៩៧ មកត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅបណ្ដេញចេញទាំងបង្ខំ។
បញ្ហាទំនាស់ដីធ្លីនេះមិនមែនកើតមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ តែកើតមានស្ទើរតែគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ក្រោមរូបភាពរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជន និងកាត់ឆ្វៀលដីព្រៃ ឬដីនៅតំបន់បឹងធម្មជាតិឱ្យទៅក្រុមឧកញ៉ា និងអ្នកមានលុយមានអំណាចយកទៅធ្វើកម្មសិទ្ធិឯកជន ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងដីព្រៃជំនឿរបស់សហគមន៍ជនជាតិដើមភាគតិច។ បើទោះបីជាការផ្ដល់ដីសម្បទានទាំងនេះប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្ដី ក៏រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយឱ្យមានតម្លាភាពនោះដែរ។ ផ្ទុយទៅវិញពលរដ្ឋដែលរងគ្រោះពីការរំលោភដីធ្លី បែរជារងការធ្វើទុក្ខបុកម្នេញ ការបង្ក្រាបដោយហិង្សា ការចោទប្រកាន់តាមផ្លូវតុលាការ និងចាប់តំណាងពលរដ្ឋដាក់ពន្ធនាការ ដោយសារតែពួកគាត់ឡើងមកដាក់ញត្តិដើម្បីសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី។
តំណាងសហគមន៍ដីធ្លី១៩៧ គ្រួសារនៅខេត្តកោះកុងដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល២ខែ ដោយសារការព្យាយាមឡើងមកដាក់ញត្តិនៅភ្នំពេញលោកស្រី ដេត ហ៊ួរ ថ្លែងថា លោកស្រីនៅតែឈឺចាប់ពេលរំលឹកដល់រឿងអាជ្ញាធរចាប់លោកស្រីដាក់ពន្ធនាគារទាំងគ្មានកំហុស។ លោកស្រីបន្តថា ដោយសារតែអាជ្ញាធរចាប់លោកស្រីដាក់ពន្ធនាគារ បានធ្វើឱ្យកូនៗរបស់លោកស្រីបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី១២ ហើយគ្រួសារលោកស្រីក៏ប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារផងដែរ។
លោកស្រី ដេត ហ៊ួរ៖ «ពួកខ្ញុំធ្លាក់ខ្លួនក្រីក្រមែនទែន ហើយពួកគាត់ខ្លះទៀតឈឺ ខ្លះទៀតជាកូនៗរបស់សកម្មជនតវ៉ាដីធ្លីដោយសារតែយើងរវល់ទាមទារតវ៉ាដាក់ញត្តិ ការតស៊ូមតិ ធ្វើឱ្យក្មេងៗបោះបង់ការសិក្សា។ ដូចកូនខ្ញុំជាក់ស្ដែងឆ្នាំ២០២៣ពេលដែលខ្ញុំជាប់ពន្ធនាគារ គឺគាត់បាក់ទឹកចិត្តគាត់ប្រឡងធ្លាក់រហូតមកដល់ពេលចុងឆ្នាំនេះគាត់បោះបង់ការសិក្សាដោយសារគាត់ប្រឡងអត់ជាប់ ដោយសារតែគាត់បាក់ទឹកចិត្ត»។
ចំណែកឯ ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះលោកស្រី អែល រ៉ូស្សា ឱ្យដឹងថា ដីស្រែចម្ការរបស់លោកស្រីចំនួន៣ហិកតារត្រូវបានក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) និងក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងសហការគ្នារំលោភយកធ្វើជាកម្មសិទ្ធិឯកជន។ ស្ត្រីមេម៉ាយរូបនេះបន្តថា បច្ចុប្បន្នលោកស្រីរស់នៅពឹងផ្អែកលើដីស្រែចម្ការសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ហើយប្រសិនបើអាជ្ញាធរនៅតែអូសបន្លាយវិវាទដីធ្លី មិនព្រមដោះស្រាយនោះអាជ្ញាធរមិនខុសអ្វីពីបំផ្លាញឆ្នាំងបាយពលរដ្ឋទេ។
លោកស្រី អែល រ៉ូស្សា៖ «រាល់ថ្ងៃរស់នៅមានទុក្ខលំបាកហើយរស់នៅដូចវេទនាអត់មានក្តីសុខទាំងផ្លូវចិត្តទាំងផ្លូវកាយវាអត់មានក្តីសុខសោះ ការហូបចុកខ្វះខាត។ ការហូបចុកខ្វះខាតហើយស្រាប់តែអាជ្ញាធរអត់មានមើលពលរដ្ឋថា នៅលើដីស្រែចម្ការអត់គាត់អត់មានគិត មិនគាត់គិតពីអីខ្ញុំមិនយល់»។
ក្រុមសកម្មជនដីធ្លីភាគច្រើនជាស្ត្រី ក្រៅពីពួកគាត់បាត់បង់ដីធ្លីសម្រាប់អាស្រ័យផល និងគ្មានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពហើយនោះ ពួកគាត់ក៏រងនូវការចោទប្រកាន់តាមផ្លូវតុលាការពីសំណាក់អាជ្ញាធរ ការតាមឃ្លាំមើល ការបំភិតបំភ័យក្រុមគ្រួសារ និងលាបពណ៌ស្ត្រីទាំងនោះថា ជាក្រុមស៊ីឈ្នួលធ្វើបដិវត្តន៍ពណ៌ជាដើម។ ជាក់ស្ដែងតំណាងសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងចំនួន១២នាក់ រួមមានលោកស្រី ដេត ហួរ លោកស្រី ផាវ ញ៉ើង និងអ្នកមួយចំនួនទៀតរងការបទចោទពី«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនៅរាជធានីភ្នំពេញ ឱ្យជួយដោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហ៊ុយ។
លើសពីនេះ នៅមានសកម្មជនដីធ្លីជាច្រើននាក់ទៀតត្រូវរស់នៅព្រាត់ប្រាសពីក្រុមគ្រួសារតាមរយៈការចាប់ដាក់ពន្ធនាគារ និងស្ត្រីខ្លះបានក្លាយជាស្ត្រីមេម៉ាយ ហើយស្ត្រីខ្លះទៀតមានបញ្ហាប៉ះទង្គិចផ្លូវចិត្តដោយសារតែ អាជ្ញាធររារាំង និងបង្ក្រាបដោយហិង្សាដោយសារការទាមទារឱ្យមានដំណោះស្រាយដីធ្លី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែមករា។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី ធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការអូសបន្លាយមិនដោះស្រាយបញ្ហាវិវាទដីធ្លីមិនត្រឹមតែ ប៉ះពាល់ជីវភាពគ្រួសាររបស់ពួកគាត់តែប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភលើសិទ្ធិរស់រៀនរបស់កុមារតូចៗផងដែរ។ លោកបន្តថា រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធគួរតែធ្វើការវាយតម្លៃពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ មុននឹងរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជន ពីព្រោះក្រុមហ៊ុនឯកជនបានទៅឈូសឆាយលើដីស្រែចម្ការ និងដីលំនៅឋានដែលជាជីវិតរបស់ពលរដ្ឋ។
លោក យិន ម៉េងលី៖ «ប្ដឹងផ្ដល់គ្នាទៅតុលាការរហូតធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកការពារព្រៃសហគមន៍ពេលខ្លះប្រឈមនឹងផ្លូវតុលាការទៅវិញ ហ្នឹងពេលខ្លះការដោះស្រាយយើងដោះអត់ចំបញ្ហាទេ។ ដូចជាបញ្ហាការដកហូតដីជាសាធារណៈរបស់រដ្ឋអីហ្នឹងមាន ស.ជ.ណ មានអនុក្រឹត្យរបស់រដ្ឋាភិបាលដូចនៅខេត្តពោធិ៍សាត់អាចធ្វើឱ្យពលរដ្ឋប្រឈមនឹងជាប់គុកអ៊ីចឹងទៅ មានអ្នកខ្លះត្រៀមរត់គេចខ្លួនអ៊ីចឹងទៅ»។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចេញផ្សាយកាលពីឆ្នាំ២០២៣ រកឃើញថា ពលរដ្ឋរងគ្រោះដីធ្លីនៅតែបន្តកើតមានឡើងឥតឈប់ឈរក្នុងនោះប្រហែលពាក់កណ្ដាល កើតឡើងដោយសារការរំលោភដោយបុគ្គលមានលុយមានអំណាច ហើយវិវាទដីធ្លីមួយចំនួននៅតែបន្តអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយ។
ក្រុមស្ត្រីរងគ្រោះ និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃដែលរងការរំលោភយកពីអ្នកមានលុយមានអំណាច និងជួយការពារស្ត្រីគ្រប់រូបពីការរំលោភបំពានផ្សេងៗ។ ពួកគាត់បារម្ភថា ប្រសិនបើគ្មានដីស្រែចម្ការដើម្បីអាស្រ័យផលទេ នោះកូនៗរបស់ពួកគាត់នឹងបាត់បង់អនាគតដោយសារឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនកូនៗទៅសាលារៀន ហើយពួកគាត់ប្រឈមនឹងជំពាក់បំណុលធនាគារវ័ណ្ឌក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។