កម្ពុជានាំចូលអំបិលបរទេសចំនួន ៣ ម៉ឺនតោន ដោយអះអាងថាដើម្បីបំពេញតម្រូវការក្នុងស្រុករយៈពេល ៣ខែនេះ មុនពេលកសិករខ្មែរអាចផលិតអំបិលបាន នៅដើមឆ្នាំ២០១៩ ខាងមុខ។ អ្នកផលិតអំបិលក្នុងស្រុក មិនជំទាស់នឹងការនាំចូលអំបិលពីក្រៅប្រទេសនេះឡើយ ដោយសារការខ្វះខាតអំបិលនៅពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលពួកគាត់បារម្ភនោះ គឺការខ្វះខាតកម្លាំងពលកម្មធ្វើការនៅស្រែអំបិល ខណៈរដូវធ្វើអំបិលបានចាប់ផ្តើមជាបណ្តើរៗ ហើយ។
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សុន សេងហួត ថ្លែងប្រាប់អាស៊ីសេរីថា រដូវធ្វើអំបិលកន្លងទៅនេះ កសិករផលិតអំបិលបានតែប្រមាណ ២ ទៅ ៣ពាន់តោន ដោយសារមានភ្លៀងធ្លាក់ជាប់ជាប្រចាំ ជាហេតុធ្វើឱ្យមានការខ្វះខាតអំបិលប្រើប្រាស់នៅចុងរដូវវស្សានៅឆ្នាំនេះ។ លោកថា ក្រសួងបានអនុញ្ញាតឱ្យសហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប នាំចូលអំបិលពីក្រៅប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ហើយអំបិលដែលនាំចូលនេះបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ៖ «មូលហេតុដែលយើងនាំចូលហ្នឹង គឺយើងនាំចូលបណ្តោះអាសន្ន ដើម្បីបម្រើសេចក្តីត្រូវការពេលរដូវត្រីប្រហុកនេះ។ យើងយកមកដាក់នៅទីផ្សារ ដើម្បីទប់ទល់កុំឱ្យទីផ្សារហ្នឹងវាឡើងថ្លៃ ក្នុងគោលបំណងបម្រើសេចក្តីត្រូវការប្រជាជនយើង ដែលត្រូវការជាចាំបាច់ ក្នុងការប្រឡាក់ត្រីធ្វើប្រហុកនៅពេលខាងមុខហ្នឹង។ អ៊ីចឹងយើងអនុញ្ញាតឱ្យសហគមន៍អ្នកផលិតអំបិលខេត្តកំពត - កែបហ្នឹង គាត់នាំចូល ៣ ម៉ឺនតោនសម្រាប់បម្រើសេចក្តីត្រូវការក្នុងរដូវហ្នឹង។ ហើយបើពិនិត្យមើលស្ថានភាពជាក់ស្តែង ប្រសិនបើពេលខាងមុខដ៏ខ្លីនេះ អត់មានភ្លៀងទេ អំបិលយើងនឹងផលិតធម្មតាវីញ»។
លោកបញ្ជាក់ថា អំបិលដែលបានបញ្ជាទិញពីប្រទេសចិនចំនួន ៥ពាន់តោននោះ បានដឹកជញ្ជូនមកដល់កម្ពុជាហើយ ដើម្បីឱ្យទាន់រដូវធ្វើប្រហុកផ្អក។ លោកអះអាងថា អំបិលនេះនឹងមិនមែននាំចូលពីប្រទេសចិនតែមួយនោះទេ ពោលគឺក្រសួងកំពុងស្វែងរកទីផ្សារអំបិលដទៃទៀតដែលមានតម្លៃថោកជាង និងស្របតាមស្តង់ដារដែលក្រសួងបានកំណត់។ មន្ត្រីជំនាញរូបនេះរំពឹងថា រដូវធ្វើអំបិលនៅពេលខាងមុខ អាកាសធាតុអាចនឹងប្រសើរជាងឆ្នាំមុន ពេលនោះកម្ពុជានឹងមិនចាំបាច់នាំចូលអំបិលពីក្រៅទៀតឡើយ៖ «ប្រសិនបើរដូវក្តៅអំណោយផល យើងធ្វើមួយឆ្នាំ យើងអាចរក្សាទុកហូបចុកដល់ទៅមួយឆ្នាំកន្លះឯណោះ ព្រោះក្នុងមួយឆ្នាំយើងត្រូវការប្រហែលជាជាង ១០ម៉ឺនតោនបន្តិចបន្តួចនោះទេ។ ប៉ុន្តែឥលូវនេះ លទទ្ធភាពដី ៤ពាន់ហិកតារជាងហ្នឹង យើងធ្វើបានដល់ទៅ ១៥ម៉ឺនតោន ជាមធ្យម អ៊ីចឹងបើមេឃក្តៅមក នោះនឹងមិនខ្វះទេ។ ចំណុចទីពីរ យើងមានពិសោធន៍ហើយ ឆ្នាំនេះ ប្រសិនបើមេឃក្តៅដូច ២០១៥ និង ២០១៦ ដែលទិន្នផលអំបិលឡើងខ្ពស់ហ្នឹង យើងនឹងរកមធ្យោបាយ រកកន្លែងស្តុកបន្ថែមទៀតឱ្យបានច្រើន ដើម្បីរក្សាទុកឱ្យបានយូរឆ្នាំ ព្រោះយើងឃើញថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលខ្មែរយើងហៅថា ជាមាសស ដូច្នេះយើងខិតខំការពារណាស់»។
កម្ពុជាមានតម្រូវការអំបិលប្រមាណ ១ម៉ឺនតោន ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ជាគ្រឿងផ្សំនៃម្ហូបអាហារ និងក្នុងវិស័យឧស្សាហកម្ម។ សព្វថ្ងៃនេះ កម្ពុជាមានមណ្ឌលផលិតអំបិលចំនួន ៧ នៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានក្រុមផលិតករជិត ២០០ ក្រុម ខណៈដីស្រែអំបិលមានចំនួនជាង ៤ពាន់ហិកតារ។ ដីស្រែអំបិលទាំងនោះ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យមានការលក់ដូរធ្វើអាជីវកម្មក្នុងទិសដៅផ្សេង ក្រៅពីការធ្វើអំបិលនោះឡើយ។
អ្នកផលិតអំបិលមួយរូបនៅសង្កាត់ត្រើយកោះ ក្រុងកំពត លោក ពៅ សុន ថ្លែងថា ការនាំចូលអំបិលពីក្រៅប្រទេសជារឿងចាំបាច់ ខណៈអំបិលផលិតក្នុងស្រុកមិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់។ លោកយល់ថា រឿងនេះនឹងមិនប៉ះពាល់ដល់អ្នកផលិតអំបិលក្នុងស្រុកឡើយ ប្រសិនបើនេះជាការនាំចូលបណ្តោះអាសន្នមុនពេលកសិករធ្វើអំបិលបាននៅពេលខាងមុខ៖ «ប្រសិនបើយើងមាន ហើយនាំចូល អាហ្នឹងវាប៉ះពាល់ដល់អ្នកផលិត ហើយប្រសិនបើអត់ វាមិនអាចប៉ះពាល់ទេ ព្រោះត្រូវតម្រូវការប្រជាជន។ បើយើងឆាប់ ( ប្រមូលផល ) បានទៅ យើងមិនបាច់នាំចូលទៀតដែរ ប៉ុន្តែបើក្របាន វាពិបាកដែរ។ យើងមិនទាន់ទស្សន៍ទាយត្រូវរឿងធាតុអាកាសមិនដឹងថាយ៉ាងម៉េចនៅឡើយ។ ប្រសិនបើមេឃរាំង យើងអាចធ្វើបានអ៊ីចឹងទៅ យើងក៏ឈប់នាំចូល វាក៏ល្អម្យ៉ាងដែរ»។
ទោះជាយ៉ាងណាក្ដី អ្នកធ្វើអំបិលរូបនេះ អះអាងថា បញ្ហាប្រឈមធំបំផុតនៅពេលនេះ គឺកង្វះខាតកម្លាំងពលកម្មធ្វើការនៅស្រែអំបិលទៅវិញទេ ព្រោះកម្មករស្រែអំបិលជាច្រើនបាននាំគ្នាទៅធ្វើការតាមរោងចក្រ និងសហគ្រាសអស់ទៅហើយ។ កសិកររូបនេះ អះអាងថា លោកមានដីស្រែអំបិលជាង ២០ហិកតារ ដែលត្រូវប្រើកម្លាំងពលកម្មជាង ១០នាក់ ធ្វើការវិលជុំ ជាមួយតម្លៃពលកម្ម ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែពេលនេះ កម្មកររបស់លោកនៅសល់តែ ២នាក់ប៉ុណ្ណោះ ខណៈតម្លៃពលកម្មកើនឡើងដល់ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកយល់ថា បើទោះជាអាកាសធាតុអំណោយផលល្អក៏ដោយ ក៏លោក និងកសិករមួយចំនួនទៀត ទំនងជាមិនអាចធ្វើអំបិលបានច្រើនដូចពីមុនទៀតឡើយ៖ «ខ្លួនខ្ញុំមានការព្រួយបារម្ភដែរ នឹកឃើញថា ឥឡូវហ្នឹងបើមេឃរាំងអំណោយផលអ៊ីចឹង ប៉ុន្តែមកបញ្ហាប្រឈមរឿងកម្លាំងពលកម្ម រឿងការប្រមូលផល រឿងការផលិតនេះ។ ឆ្នាំនេះខ្ញុំប្រហែលជាអំបិលនេះបានតិចតួចទេ។ មានតែយើងដំឡើងថ្លៃឱ្យគេខ្ពស់។ ពេលខ្ពស់ទៅ ដល់ពេលយើងធ្វើទៅ អំបិលយើងបានថោក យើងទៅធ្វើម៉េចកើត។ កាលណាយើងលក់ក្នុងតម្លៃខ្ពស់ អំបិល ( ប្រទេស ) ជិតខាង គេចូលមក។ វាពិបាកអ៊ីចឹង»។
កសិករនៅសង្កាត់ត្រើយកោះ បានចាប់ផ្តើមរៀបចំស្រែ ដើម្បីធ្វើអំបិលតាំងពីដើមខែវិច្ឆិកាមកម៉្លេះ ហើយប្រសិនបើគ្មានភ្លៀងទេនោះ ពួកគាត់មួយចំនួននឹងអាចប្រមូលផលអំបិលបានជាបណ្តើរៗនៅរវាងពីរសប្តាហ៍ខាងមុខទៀតនេះ។
មន្ត្រីជំនាញក្រសួងឧស្សាហកម្ម លោក សុន សេងហួត បញ្ជាក់ថា ប្រទេសជឿនលឿនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតអំបិលឱ្យបានច្រើនតាមតម្រូវការ ក៏ប៉ុន្តែបច្ចេកវិទ្យាទាំងនោះ មិនទាន់អាចយកមកប្រើប្រាស់នៅកម្ពុជាបាននៅឡើយ ព្រោះត្រូវចំណាយដើមទុនច្រើន។ ទោះជាយ៉ាងណា លោកថា ក្រសួងក៏កំពុងរិះរកមធ្យោបាយ និងច្ចេកទេសទេសថ្មីៗ បន្ថែមទៀតដែរ ដើម្បីផ្តល់ជូនដល់កសិករអ្នកផលិតអំបិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
